(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ស្តីពីការពង្រឹងការងារប្រតិបត្តិការ តាមបណ្តាលកងឯកភាពកំចាត់មីន និងលើកទិសដៅ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅទីបញ្ជាការ ស៊ីម៉ាក់ភ្នំពេញ រាជធានីភ្នំពេញ។
លោក ហេង រតនា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ស៊ីម៉ាក់ មានផែនការបោសសំអាតដី ដែលមានបញ្ហាមីន ឲ្យបានចំនួន១០២គីឡូម៉ែត្រការ៉េ។
លោកបានលើកឡើងថា ខណៈខែដំបូង ក្នុងខែមករា ឆ្នាំ២០១៩ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតផ្ទៃដី បានចំនួន៦.៩៥គីឡូម៉ែត្រការ៉េ ស្មើនិង៨៦% នៃផែនការប្រចាំខែ និងរកឃើញ និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទ សរុបចំនួន៣,៣៩៦គ្រាប់។
អគ្គនាយកស៊ីម៉ាក់រូបនេះ បានបន្ដទៀតថា ក្នុងនោះផងដែរ ក៏បានបោះផ្លាកសញ្ញាព្រំចំការមីន បានប្រវែង ៧,៨៧០ម៉ែត្រ ក្នុងគោលបំណងឆ្លើយតប តាមសំណើរអន្តរាគមន៍ បានចំនួន៣៥៧សំណើរ។
គូសបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨កន្លងទៅ អង្គភាពស៊ីម៉ាក់ បានរកឃើញ និងកំទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤ម៉ឺនគ្រាប់ និងបោសសំអាតផ្ទៃដី បានជិត៩ម៉ឺនគីឡូម៉ែត្រការ៉េ៕