(ភ្នំពេញ)៖ ម្ចាស់ផ្ទះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ ពាក់ព័ន្ធករណីជាក់ស្ដែងពីបទលួច ដោយបន្លំចូលលួចគ្រឿងអលង្ការ នៅក្នុងផ្ទះមានពិធីមង្គលការ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧៖១៥នាទីព្រឹក ចំណុចផ្ទះរៀបពិធីមង្គលការ ផ្ទះលេខ៣៤ ផ្លូវ លេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាមសាក្សីឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឿន វាសនា ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះ ហួត ចាន់រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ស្នាក់នៅផ្ទះលេខ៣៤ ផ្លូវលេខ៣៥១ ក្រុមទី៧ ភូមិ២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួន នគរបាលបានដកហូតវត្ថុតាង រួមមាន៖ គ្រឿងអលង្ការ ចិញ្ចៀនមាស១វង់ទម្ងន់១ជី, ចិញ្ចៀនប្លាទីន១វង់ទម្ងន់៣ជី, ចិញ្ចៀនប្រាក់ដាំត្បូងពណ៌ស្វាយ១វង់, ខ្សែកប្លាទីន១ខ្សែទម្ងន់២ជី, ខ្សែកប្លាទីនស១ខ្សែទម្ងន់២ជី, ក្រវឹលប្លាទីន២គូទម្ងន់១ជី , បណ្តោងដាំត្បូងពណ៌ស្វាយចំនួន៧, បណ្ដោងរូបព្រះ១ សរុបតំលៃប្រហែល ២៥០០ដុល្លារ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំដោយមានការឯកភាពពី លោក រៀល សុភិន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវនគរបាលឃាត់ខ្លួន ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕