(ប៉ារីស)៖ ខ្ញុំសប្បាយរីករាយដែលបាន ឃើញសហការីខ្ញុំម្នាក់បាន និយាយចេញនូវអ្វីដែលខ្ញុំនិងអ្នកកឹម សុខា និយមនៅស្រុកបារាំងចង់និយាយដែរ។
ខ្ញុំសូមជំរាបជូនបងប្អូនក្រុមអ្នកគាំទ្រលោកប្រធានកឹម សុខា ទាំងអស់ឲ្យបានជ្រាបថា ពួកយើងបានទ្រាំរស់នៅក្នុងសម្ព័ន្ធភាពដ៏ឈឺចាប់ជាមួយលោក សម រង្ស៊ី យូរពេកហើយ។ ពួកយើងបាន ដឹងតាំងពីដំបូង ហើយលោក កឹម សុខា ក៏បាននិយាយប្រាប់ពួកយើងជារឿយៗតាំងពីយូរ មកហើយដែរថា លោក រង្ស៊ី ជាមនុស្សដែលមានសារជាតិនិងចារឹកយ៉ាងម៉េចនោះ។ ប៉ុន្តែពួក យើងបានបង្ខំចិត្តក្នុងស្ថានភាព មួយដែលយើងគិតថាដើម្បីប្រយោជន៍ជាតិហើយក៏សុខចិត្តរួមរស់ជាមួយក្រុមរបស់លោក សម រង្ស៊ីទៅ។
កាលពីដំបូង ពោលគឺនៅពេលចាប់ផ្តើមបង្កើតគណបក្សសង្គ្រោះជាតិដំបូង យើងសប្បាយរីករាយពីព្រោះយើងបានរួមកម្លាំងគ្នាហើយក៏មាន ពលរដ្ឋជាច្រើនគាំទ្រយើង។ បើទោះបីជាយើងរស់នៅជាមួយគ្នាប្រៀបដូចប្តីប្រពន្ធមួយគូដែលស្អប់គ្នាយ៉ាងខ្លាំង ហើយត្រូវបានឪពុកម្តាយចាប់បង្ខំឲ្យរៀបការ ក៏ដោយចុះ ប៉ុន្តែយើងអាចទ្រាំបានដើម្បីភាពរឹងមាំរបស់គណបក្ស។ ប៉ុន្តែចាប់តាំងពីលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងចាប់ពីពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក យើងបានទទួលការឈឺចាប់កាន់តែខ្លាំងដោយ សារអាកប្បកិរិយាប្រមាថ ដោយត្រង់ៗពីដៃគូរបស់យើងក្នុងសម្ព័ន្ធភាព។
លោក រង្ស៊ី បានប្រមាថជាបន្តបន្ទាប់ចំពោះលោកប្រធាន កឹម សុខា។ ជាក់ស្តែងដូចដែលយើង បានដឹងទាំងអស់គ្នារួចហើយថា លោក រង្ស៊ី បានបង្កើតចលនាសង្គ្រោះជាតិ ដោយគ្មានការព្រមព្រៀងពីលោកកឹម សុខា។ លោក រង្ស៊ី បានភ្នាល់ជាមួយលោក ហ៊ុន សែន អំពីការដោះលែងលោកប្រធាន កឹម សុខា។ លោក រង្ស៊ី បានរៀបចំសន្និសីទដែលមានតែបក្សពួកគាត់ ចូលរួមនៅទីក្រុង អាត្លង់តាដើម្បីប្រកាសតែងតាំងខ្លួនគាត់ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដោយគ្មានការចូលរួមពីពួកយើងទាំងអស់គ្នាដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរនិងជាក់ ស្តែងបំផុតលើលក្ខន្តិកៈគណបក្ស ។ លោក រង្ស៊ី ប្រមាថកាតទានលោកប្រធានកឹមសុខា ថា ការជាប់គុកជារឿងឥតប្រយោជន៍។
ចំណែកពួកយើងជាអ្នកគាំទ្រលោកប្រធាន កឹម សុខា ក៏ទទួល បាននូវការប្រមាថមាក់ងាយយ៉ាងខ្លាំងក្លាពីក្រុមអ្នកគាំទ្រលោក រង្ស៊ី តាមបណ្តាញសង្គមហ្វេសប៊ុក ដោយគ្រាន់តែពួក យើងការពារភាពត្រឹមត្រូវ ការពារលក្ខន្តិកៈគណបក្ស និងការពារកិត្តិយសលោកប្រធាន កឹម សុខា។
ឥឡូវនេះ ជោគវាសនារបស់គណបក្សសង្គ្រោះជាតិបានធ្លាក់ទាំងស្រុងទៅលើលោក សម រង្ស៊ី ដែលកំពុងតែដើរតួជាតួឯកយ៉ាងគឃ្លើន។ យើងមិនទោ ម្នាស់អ្វីទេប្រសិនបើលោក រង្ស៊ី ធ្វើអ្វីៗដោយត្រឹមត្រូវដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍គណបក្សមែននោះ។ ប៉ុន្តែអ្វីៗដែលយើងបានឃើញចុងក្រោយនេះ គឺជារឿងខុសឆ្គងយ៉ាងខ្លាំងដែលមិនអាចទទួល យកបានជាដាច់ខាត។
លោកប្រធាន កឹម សុខា ធ្លាប់បាននិយាយប្រាប់ពួកយើងថា លោក រង្ស៊ី មិនមែនជាអ្នកប្រជាធិបតេយ្យស្អីនោះទេ គឺគាត់ជា មនុស្សអាត្មានិយម បក្សពួកនិយមនិងគ្រួសារ និយមយ៉ាងក្រាស់ឃ្មឹក។ ហើយឥឡូវនេះអ្វីៗបានបង្ហាញឲ្យពួក យើងបានឃើញច្បាស់ហើយ។
ដូច្នេះខ្ញុំយល់ឃើញថា ដល់ពេលហើយដែលពួកយើងជាក្រុមកឹម សុខា និយមត្រូវរួមគ្នាគិតគូរពី សុខទុក្ខនិងជោគវាសនារបស់លោកប្រធាន កឹម សុខា, សុខទុក្ខ របស់សកម្មជននិងមន្ត្រី កឹម សុខា និយម ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋយើងជាពិសេស អ្នកគាំទ្រលោកប្រធានយ៉ាងច្រើន។ ដល់ពេលហើយដែលយើងត្រូវរើបម្រះចេញពីការគាបសង្កត់ផ្លូវចិត្តដោយការប្រមាថរបស់ដៃគូ ដែលយើងបានទ្រាំជាយូរមក ហើយ។
លោកកឹម សុខា មានប្រជាប្រិយភាពនយោបាយគ្រប់គ្រាន់ ហើយគាត់ក៍ជាអ្នកនយោបាយម្នាក់ដែលបានលះបង់គ្រប់បែបយ៉ាងរាប់ទាំងសេរីភាពរបស់ខ្លួនផង គឺខុសឆ្ងាយស្រឡះពីលោក សម រង្ស៊ី។
ដូច្នេះ ខ្ញុំយល់យ៉ាងច្បាស់ថា លោកប្រធាន កឹម សុខា និងលោក សម រង្ស៊ី មិនអាចដើរផ្លូវជាមួយគ្នាបានទៀតទេ។ ពួក យើងជាអ្នក កឹម សុខានិយម ក៏មិនអាចដើរផ្លូវតែមួយជាមួយ ក្រុមលោក រង្ស៊ីបានទៀតដែរ។ និយាយជារួម យើងមិនអាចទ្រាំរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយនេះបានតទៅទៀតឡើយ។ ដូច្នេះ ដល់ពេលហើយដែលយើងត្រូវកាត់ចំណងសម្ព័ន្ធភាពក្លែងក្លាយនេះចោលដើម្បីអនាគត នយោបាយរបស់ពួកយើងទាំងអស់គ្នា។ យើងមិនអាចយក វាសនារបស់ពួកយើងទៅផ្ញើជា មួយអ្នកដែលមិនស្មោះជាមួយយើងនិងប្រមាថមាក់ងាយយើងយ៉ាងខ្លាំងដូច្នេះឡើយ។
យើងក៏មិនត្រូវផ្កាប់បំពង់រង់ចាំទឹកភ្លៀងនោះដែរ។ ដល់ពេល ហើយដែលយើងត្រូវចេញមុខ រួមគ្នាដើម្បីបុព្វហេតុរបស់យើង។
ពួកយើងរង់ចាំឥស្សរជនម្នាក់ខាងភាគីកឹម សុខានិយម ចេញមុខដើម្បីដឹកនាំពួកយើងទាំងអស់គ្នាឲ្យមានភាពកក់ក្តៅហើយយើងរួមគ្នាដើម្បីសេរីភាព លោកប្រធាន កឹម សុខា៕ Il est temps et très imminent de nous soulever et débarrasser de cette fausse alliance avec Rainsy !
ពី៖ អ្នក កឹម សុខានិយម ស្រុកបារាំង