(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តឲ្យក្រុមហ៊ុនចំនួន៤ បើករោងចក្រកាត់ដេរសំលៀកបំពាក់ និងកាបូប នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ សរុបទុនវិនិយោគ១៩.២លានដុល្លារអាមេរិក បង្កើតការងារជាច្រើនពាន់កន្លែង។

CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ NEWCOMER LUGGAGE AND BAGS (CAMBODIA) MANUFACTURING CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៥០កន្លែង។

២៖ ANDERSEN INDUSTRIES CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩៥២កន្លែង។

៣៖ HAO MAI (CAMBODIA) GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧១១កន្លែង។

៤៖ YUN LAI GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ (អតីតភូមិទ្រា សង្កាត់ស្ទឹងមានជ័យ) ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៩២៤កន្លែង៕