(ក្រចេះ)៖ អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានធ្វើការផ្សព្វផ្សាយ ស្តីពី ការអនុវត្តប្រព័ន្ធវាយតម្លៃ ផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិ ជូនដល់មន្ត្រីរាជការ កម្មករនិយោជិត និងសិស្សានុសិស្សជាង២០០នាក់ ក្នុងគោលបំណងធានា ដល់ការអភិវឌ្ឍធនធានមនុស្ស ដែលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទៅថ្ងៃអនាគតផងដែរ។

ក្នុងសិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត ពេជ្រ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ និងមានស្ថិតនៅសណ្ឋាគារ ហ៊រ បុន្នី ក្នុងក្រុងក្រចេះ។ ក្នុងសិក្ខាសាលានេះ ក៏នឹងផ្តល់ការទទួលស្គាល់ជាផ្លូវការ និងការពារគុណវុឌ្ឍិដែលមានតាមរយៈការសិក្សាផ្លូវការ ការសិក្សាក្នុងប្រព័ន្ធ និងការសិក្សាក្រៅប្រព័ន្ធ និងជាការគាំទ្រដំណើរការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកក្នុងអាស៊ាន។

លោក ហ្គ្រីស ស្ទៀន ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញគម្រោង SDP -Swisscontact ដែលជាគម្រោងមួយជួយពង្រឹងសមត្ថភាពជំនាញដល់យុវជនងាយរងគ្រោះនៅកម្ពុជាបានឲ្យដឹងថា «គម្រោង SDP-Swisscontact ជាគម្រោងដែលផ្តល់ឱកាសបង្កើតមុខរបការងារ សម្រាប់យុវវ័យដែលងាយរងគ្រោះ ពិសេសអ្នកដែលបានបោះបង់ ការសិក្សាអាចមានឱកាសសិក្សាលើផ្នែកជំនាញផ្សេងៗ ដើម្បីឈានទៅរកការបង្កើតការងារ ដែលអាចបានប្រាក់ចំណូលសម្រាប់ខ្លួនឯងផងដែរ»។

លោកបានបញ្ជាក់ថា គម្រោង SDP-Swisscontact ក៏រួមចំណែកផងដែរ ក្នុងការពង្រឹងការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូងការទីផ្សារការងារក្នុងស្រុក និងក្នុងតំបន់ ជាពិសេសការទទួលស្គាល់ជំនាញគ្នាទៅមក ក្នុងបណ្តាប្រទេសអាស៊ាន។

លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តក្រចេះ បានសម្តែងក្តីរីករាយដែលខេត្តក្រចេះ ត្រូវបានជ្រើសរើសជាខេត្តគោលដៅ របស់កម្មវិធីអភិវឌ្ឍន៍ជំនាញក្នុងដំណាក់កាលទី១នេះ ហើយខេត្តក្រចេះ គឺជាខេត្តមួយស្ថិតនៅតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា ដែលមានសក្តានុពលនៃធនធានធម្មជាតិ ដែនជម្រកសត្វព្រៃ ទន្លេមេគង្គ ព្រៃលិចទឹក ពិសេសសត្វផ្សោតកម្រ ដែលជាទុនសម្រាប់អភិវឌ្ឍន៍ខេត្តផងដែរ។

លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា «នេះជាឱកាសល្អសម្រាប់ពលរដ្ឋ យុវជន និងយុវវ័យទាំងអស់ ដែលមិនទាន់មានវិជ្ជាជីវៈការងារច្បាស់លាស់ ដែលអាចសិក្សារៀនសូត្រ បង្កើតឱកាសការងារ និងរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានឱកាសស្វែងរកការងារតាមជំនាញរបស់ខ្លួន»

លោកបន្ថែមថា «បរិបទសេដ្ឋកិច្ច បច្ចេកវិទ្យាពិភពលោកកំពុងមានការផ្លាស់ប្តូយ៉ាងខ្លាំង ដែលយើងត្រូវយកចិត្តទុកដាក់ ពិសេសទាំងប្រទេសកម្ពុជា និងបណ្តាប្រទេសនានាក្នុងសហគមអាស៊ាន កំពុងផ្លាស់ប្តូរម្តងបន្តិចៗ ដែលតម្រូវឲ្យប្រជាពលរដ្ឋមានជំនាញច្បាស់លាស់សម្រាប់បម្រើការងារ។ លោកបន្ថែមទៀតថា យើងត្រូវតែមានជំនាញ ដើម្បីបញ្ជៀសភាពក្រីក្រ ហើយភាពក្រមាន៤យ៉ាងគឺ សង្គ្រាម, អវិជ្ជា, ផលិតភាព, និងគ្មានការទទួលខុសត្រូវ។

លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងរបស់ SDP Swisscontact វាស្រប និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលមានបំណងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរួមទាំងប្រព័ន្ធវាយតម្លៃផ្អែកលើសមត្ថភាព និងការផ្តល់គុណវុឌ្ឍិក្នុងន័យធានាគុណភាព និងការផ្សារភ្ជាប់និងតម្រូវការទីផ្សារសម្រាប់កម្លាំងពលកម្មជំនាញ៕