(ភ្នំពេញ)៖ តបតាមសំណើរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យបុគ្គលណា ទន្រ្ទានយកដី នៅភ្នំដោះក្រមុំដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិចឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានអះអាងយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងដីនៅខេត្តមណ្ឌលគិរី ដែលជាការលើកឡើងរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យ ដែលសុំឱ្យសម្តេចជួយការពារមជ្ឈមណ្ឌលវប្បធម៌របស់ជនជាតិដើមនៅទីនោះ ហើយការពិតទៅ នៅទីនោះគឺមានស.ជ.ណ រួចទៅហើយ តែបញ្ហាគឺមិនបានអនុវត្តឱ្យមានប្រសិទ្ធភាព»។

លោកបានបន្តថា «សម្តេចតេជោ បានបញ្ជាឱ្យគណៈអភិបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធ ត្រូវទប់ស្កាត់ជាបន្ទាន់ មិនអនុញ្ញាតឱ្យបុគ្គលណា ទៅទន្ទ្រានយកដីនៅភ្នំដោះក្រមុំទេ ហើយសម្តេចនៅចងចាំអ្វីដែលសម្តេចធ្លាប់ទៅកាលពីឆ្នាំ២០១២ នៅទីនោះ បន្តិចទៀតត្រូវរឹបអូស និងឈូសឆាយវិញ ផ្តល់លទ្ធភាពឱ្យអាជ្ញាធររដ្ឋប្រើប្រាស់នូវលទ្ធភាពថវិកាខ្លះ ដើម្បីជួយធ្វើរបងហ៊ុព័ទ្ធសម្រាប់ធានាដល់ទីសក្ការៈបូជារបស់បងប្អូនជនជាតិដើមភាគតិច»។

បើតាម លោក ស្រូយ ឆេត អនុប្រធានគណបក្សជនជាតិដើមប្រជាធបិតេយ្យកម្ពុជា បានឱ្យដឹងថា ភ្នំដោះក្រមុំ ដែលជាទីសក្ការៈរបស់ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីនេះ ត្រូវបានរំលោភបំពានកាប់ទន្ទ្រានបំពាន ដោយឈ្មួញ ប្រជាពលរដ្ឋ និងមន្រ្តីអាជ្ញាធរមួយចំនួន តាំងពីឆ្នាំ២០១៦ ព្រមទាំងបានឈូសឆាយ នៅតាមជើងភ្នំផងដែរ ធ្វើឱ្យប្អូនជនជាតិភាគតិចនៅទីនោះ មានការខឹងសម្បារយ៉ាងខ្លាំង។

ជំនួសមុខឱ្យ ជនជាតិដើមភាគិតិចនៅតំបន់នោះ លោកបានសម្តែងភាពរីករាយ និងអរគុណសម្តេចនាយករដ្ឋមន្រ្តី ដែលបានដកហូតយកភ្នំដោះក្រហមនោះត្រឡប់មកវិញ។ លោកបញ្ជាក់ថា ភ្នំដោះក្រមុំ ក្រៅពីទីសក្ការៈបូជារបស់ ជនជាតិដើមភាគតិច ក៏ក្លាយទៅជាតំបន់ទេសចរដ៏សំខាន់មួយផងដែរ៕