(ភ្នំពេញ)៖ នាយការិយាល័យប្រឆំាងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញថា នៅរាជធានីភ្នំពេញមានក្លិបកំសាន្ត បារបរទេស ខារ៉ាអូខេ និងកន្លែងកំសាន្ត មានសរុបប្រមាណ១៥០០កន្លែង ប៉ុន្តែនៅទីតាំងទាំងនោះមន្រ្តីនគរបាល និងអាជ្ញាធរបានរួមសហការគ្នាចុះទៅធ្វើកិច្ចសន្យាពាក់ព័ន្ធបញ្ហាគ្រឿងញៀនបានជិត១៣០០កន្លែង។

របាយការណ៍ខាងលើនេះ បានរំលេចឡើងនៅក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ ក្រោម​អធិបតីភាព​ ​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដោយមានការចូលរួមពីស្នងការ​រង នាយ នាយរងការិយាល័យ អធិការ​-​អធិការរង​ នាយ​-​នាយ​រង​ប៉ុ​សិ៍ត​រដ្ឋបាល​សរុប​២៥០​នាក់​។

លោក អ៊ីវ ភារិទ្ធ នាយការិយាល័យប្រឆំាងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅតាមក្លិបកំសាន្ត បារបរទេស ខារ៉ាអូខេ និងទីតាំងកំសាន្តផ្សេងទៀត ជាកន្លែងងាយរងគ្រោះខ្លាំងពាក់ព័ន្ធបញ្ហា គ្រឿងញៀន ដូច្នេះហើយទើបការិយាល័យជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះទៅធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះរួមសហការជាមួយសមត្ថកិច្ចដើម្បីទប់ស្កាត់គ្រឿងញៀន។

លោកបានបន្តទៀតថា សម្រាប់ទីតាំងទាំងនេះស្ថិតក្រោមការសង្ស័យ នៃការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលតម្រូវឲ្យមានវិធានការក្នុងការចុះស៊ើបអង្កេតស្រាវជ្រាវបន្តទៀត ដោយយើងមិនមានភស្តុតាងណាមួយអាចបញ្ជាក់ថាទីតាំងទាំងនោះ មានការពាក់ព័ន្ធគ្រឿងញៀននោះទេ គឺត្រូវរង់ចាំការស្រាវជ្រាវតាមនីតិវិធីបន្តទៀត។

​លោក អ៊ីវ ភារិទ្ធ បាន​បន្តទៀត​ថា​ សកម្មភាពដែលភាគច្រើនមានការ​ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនភាគច្រើនកើតឡើង​នៅ​តាម​សំណង់​មិន​រៀបរយ​ដូច​ជា​៖​ តំបន់​បឹង​ឈូក​, នៅ​បឹង​កក់​ សង្កាត់​ស្រះ​ចក​ ក្នុង​ខណ្ឌដូនពេញ​ តែក៏មិនជា​ការ​លក់ដូរ​ធំដុំ​នោះ​ទេ​ ភាគច្រើន​ប្រើប្រាស់​លើ​កុមារ​តូចៗ​ ក្មេង​តូចៗ​ ដែល​មិន​គ្រប់​អាយុ ហើយមនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ បាន​ធ្វើ​សកម្មភាព​នៅ​តំបន់​មិន​រៀបរយ​នេះផងដែរ​៕