(ភ្នំពេញ)៖ សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី ​នៃ​កម្ពុជា ​កាលពី​ថ្ងៃទី២០ ​ខែកុម្ភៈ ​ឆ្នាំ២០១៩កន្លងទៅ ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​បាន​ប្រកាស​ថា ​«​ខ្ញុំ​អត់មាន​សញ្ជាតិ​បរទេស ​អត់មាន​ផ្ទះនៅ​បរទេស​ទេ ​ជម្រើស​របស់ខ្ញុំ​តែមួយគត់ ​គឺ​ជម្រើស​ខាំ​ស្មៅ​នៅជា​មួយ​ប្រជាពលរដ្ឋ​កម្ពុជា ​ដូច្នេះ​គ្រប់យ៉ាង​ដោះស្រាយ ​ដើម្បី​រីក​លូតលាស់​នៃ​ប្រទេស ​និង​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​»​។

ការ​លើកឡើង​របស់​ថ្នាក់ដឹកនាំ​កម្ពុជា ​និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា ​យើង​មានការ​ចាប់អារម្មណ៍​ទៅលើ​ពាក្យ​ថា ​«​ខាំ​ស្មៅ​នៅជា​មួយ​ប្រជាជន​កម្ពុជា​»​។ ​ខ្ញុំ​សូម​បកស្រាយ​នូវ​អត្ថន័យ​នៃ​ខ្លឹមសារ ​ពាក្យ​ថា ​«​ខាំ​ស្មៅ​» ​មានន័យថា ​សុខចិត្ត​លំបាក ​តស៊ូ ​មិន​ចាកចោល ​រួមសុខ​រួមទុក្ខ ​ស្ម័គ្រស្មោះ​។ ​ដូច្នេះ​ការ​លើកឡើង​ពាក្យ​ថា ​«​ខាំ​ស្មៅ​នៅជា​មួយ​ប្រជាជន​កម្ពុជា​» ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​មានន័យថា ​សម្តេច​តេជោ ​ហ៊ុន ​សែន ​សុខចិត្ត​លំបាក ​តស៊ូ ​រួមសុខ​រួមទុក្ខ​ប្រកបដោយ​ភាព​ស្ម័គ្រស្មោះ​មិន​ចាកចោល​ប្រជាជន​កម្ពុជា​នោះ​ទេ​។​ប្រជាជន​​កម្ពុជា​​ដឹង​​ច្បាស់​​ហើយ​​អំពី​​ប្រវត្តិ​​របស់​​សម្តេច​​តេជោ ​​ហ៊ុន ​​សែន ​​ដែល​​តាំងពី​​ដើម​​រៀងមក​​តែងតែ​​នៅជា​​មួយ​​ប្រជាជន​​កម្ពុជា ​​គ្មានឡើយ​​ពាក្យ​​ថា ​​ទំនេរ ​​សូម្បី​​វេលា​​ឯកជន​​សម្រាប់​​ខ្លួន​​សម្តេច​​ផ្ទាល់​​ក៏​​សឹងតែ​​គ្មាន​​ផង ​​ដើម្បី​​ស្វែងរក​​ក្តីសុខ​​ឲ្យ​​ប្រជាជន​​កម្ពុជា​​ដោយ​​យក​​ជំ​​វិត​​ធ្វើជា​​ដើមទុន​​។ ​​បើ​​យើង​​រំលឹក​​អំ​​ពី​​ប្រ​​វត្ត​​សង្ខេប​​ខ្លះ​​ៗ​​អំពី​​ការ​​លះបង់​​យកជីវិត​​ធ្វើជា​​ដើមទុន​​រួមសុខ​​រួមទុក្ខ​​ជាមួយ​​ប្រជាជន​​កម្ពុជា​​តាំងពី​​សម្តេច​​មិនទាន់​​ក្លាយជា​​នាយក​​រដ្ឋមន្រ្តី​​មក​​ម្ល៉េះ​​។​

ជាក់ស្តែង​នៅ​ឆ្នាំ១៩៧០ ​ពេល​កម្ពុជា​ត្រូវ​បាន​រុញច្រាន​ឲ្យ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម ​និង​ដោយ​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់​សម្តេច ​សីហនុ ​ឲ្យ​ប្រជាជន​កម្ពុជា​ចូលរួម​ក្នុង​សង្គ្រាម​ប្រឆាំង​ចក្រពត្តិ​និយម​នោះ ​នៅក្នុង​វ័យ ​១៨ឆ្នាំ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ចូលរួម​ជាមួយ​ចលនាតស៊ូ ​ដែល​ក្រោយមក​បាន​រំដោះប្រទេស​នៅ​ថ្ងៃ១៧ ​មេសា ​១៩៧៥​។

មួយថ្ងៃមុនថ្ងៃជ័យជម្នះ គឺថ្ងៃ១៦ មេសា ១៩៧៥ សម្តេចតេជោ ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង ហើយធ្លាក់ខ្លួនពិការដល់ពេលបច្ចុប្បន្ន។

ដោយមើលឃើញពីការប្រល័យពូជសាសន៍នៃនយោបាយរបស់ ប៉ុល ពត នៅឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីគ្រួសារជាទីស្រឡាញ់ម្តងទៀត ដើម្បីដឹកនាំចលនាតស៊ូមួយ ដែលមានគោលបំណងរំដោះប្រទេសកម្ពុជា និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ ពេលនោះសម្តេចតេជោ មានឱកាសភៀសខ្លួនទៅប្រទេសផ្សេងៗ ប៉ុន្តែសម្តេចមិនទៅណាចោលប្រជាជនកម្ពុជានោះទេ សុខចិត្តយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស សង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងរួចផុតពីការកាប់សម្លាប់ដ៏ឃោរឃៅរបស់ប៉ុល ពត នៅថ្ងៃ ០៧ មករា ១៩៧៩។

ក្រោយរបបប្រល័យពូជសាសន៍ត្រូវវាយផ្តួលរំលំកម្ពុជាក្រ ១០០ភាគរយ សម្តេចតេជោ ហ៊ុន សែន បានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាញៀនដោយដៃម្ខាងខំស្តារប្រទេស និងដៃម្ខាងខំប្រឹងទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប៉ុល ពត។ ដើម្បីឲ្យកម្ពុជា និងប្រជាជនកម្ពុជាបានទទួលសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោយឈ្នះ-ឈ្នះឈរលើមាគ៌ាបង្រួបបង្រួមជាតិ រហូតលុបបំបាត់ទាំងស្រុងនូវភ្លើងសង្គ្រាម លុបបំបាត់អង្កការចាត់តាំង ធ្វើឲ្យខ្មែររួបរួមគ្នាតែមួយនៅចុងឆ្នាំ១៩៩៨។

ក្នុងជីវិតតស៊ូទាំងនេះប្រសិនបើគ្មានឆន្ទៈស្រលាញ់ជាតិ និងប្រជាជនកម្ពុជាដូចសម្តេចតេជោទេនោះ តើកម្ពុជា និងប្រជាជនកម្ពុជាពេលនេះក្លាយទៅជាយ៉ាងណា?

ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៨៥ ប្រជាជនកម្ពុជាមានសំណាងខ្ពស់ណាស់ វត្តមានរបស់សម្តេចបានអញ្ជើញទៅគ្រប់ច្រកល្ហកនៃប្រទេសកម្ពុជា ដូចជាទៅស្រែចំការជួបជាមួយកសិករ ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្រ្ត នាំយកទឹកឲ្យប្រជាកសិករធ្វើស្រែចំការ ស្វែងរកទីផ្សារកសិផល។ វត្តមានសម្តេចជួបជាមួយសិស្សសាលាទូទាំងប្រទេស ដើម្បីពិនិត្យ និងកសាងសាលារៀន បណ្ណាល័យ អាគារស្នាក់នៅរបស់សិស្សិ របស់គ្រូបង្រៀន ចាប់ពីទីក្រុងដល់ជនបទ។

វត្តមាន​សម្តេច​តេជោ​នៅ​តាម​វត្តអារាម ​ដើម្បី​កសាង​វត្ត ​វិហារ​បំរើ​ព្រះពុទ្ធ​សាសនា ​វត្តមាន​សម្តេច​តេជោ​នៅ​តាម​ផ្សារ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ជួយ​ដល់​អា​ជី​ករ ​វត្តមាន​របស់​សម្តេច​តេជោ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា ​ដើម្បី​ជួប​ជាមួយ​មន្រ្តី​រាជការ ​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្រ្តី ​ព្រមទាំង​កសាង​ស្ថាបនា​អាគារ​ការិយាល័យ​រដ្ឋ ​វត្តមាន​សម្តេច​តេជោ​នៅ​តាមផ្លូវ​ស្ពាន ​ដើម្បី​បើក​ការដ្ឋាន​ជួសជុល​កសាង​ផ្លូវ​ស្ពាន​ឲ្យ​ប្រជាជន​កម្ពុជា ​ងាយស្រួល​ធ្វើដំណើរ ​វត្តមាន​សម្តេច​តេជោ​នៅ​តាម​រោងចក្រ ​សហគ្រាស ​ដើម្បី​ជួប​កម្មករ ​ដើម្បី​ដោះស្រាយ ​និង​ខិតខំ​ដំឡើង​ប្រាក់ខែ​ដល់​កម្មករ ​ព្រមទាំង​ផ្តល់​ការពិនិត្យ​ព្យាបាល​សុខភាព​ឥតគិតថ្លៃ ​វត្តមាន​សម្តេច​តេជោ ​នៅ​តាម​មន្ទីរពេទ្យ​ដើម្បី​កសាង​មន្ទីរពេទ្យ​ពីទី​ក្រុង​ដល់​ជនបទ ​វត្តមាន​សម្តេច​តេជោ​ជួប​ជាមួយ​បណ្តា​វិនិយោគិន​ជាតិ ​និង​អន្តរជាតិ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បង្កើន​ការងារ​អោយ​ប្រជាជន​ខ្មែរ ​វត្តមាន​របស់​ម្តេច​តេជោ​នៅ​តំបន់​វ៉ា​រី​អគ្គិសនី ​ដើម្បី​កសាង​ផ្គត់ផ្គង់​អគ្គិសនី ​បញ្ចុះតម្លៃ​អគ្គិសនី​ជូន​ប្រជាជន ​និង​សកម្ម​ភាព​ផ្សេង​ៗ​ជាច្រើន​ទៀត​របស់​សម្តេច​តេជោ​សុទ្ធសឹងតែ​ជា​ផលប្រយោជន៍​ជាតិ ​និង​ប្រជាជន​កម្ពុជា​។​ល​។

សម្តេចតេជោ ហ៊ុន សែន តែងតែងការពារជាតិ ការពាររបបរាជានិយម ការពារទឹកដី ការពារការឈ្លានពានពីបរទេស ការពារឯករាជ្យ ការពារអធិបតេយ្យជាតិ ការពារសន្តិភាព។ រាល់សកម្មភាពយកប្រជាជនជាធំនេះហើយ ដែលធ្វើឲ្យសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែដាក់ខ្លួនទាបជាអ្នកបម្រើប្រជាជនកម្ពុជា ខិតខំទប់ស្កាត់ប្រឆាំងរាល់ការបង្កើតបដិវត្តន៍ពណ៌បង្ករសង្គ្រាមពីសំណាក់ក្រុមឧទ្ទាមខុសច្បាប់មួយចំនួនដែលតែងតែមានចេតនាបំផ្លាញខ្មែរ បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

មារកើតមានតាំងពីសម័យព្រះពុទ្ធមកម្ល៉េះ បើទោះបីព្រះអង្គត្រូវបានមនុស្សក្នុងពិភពលោកគោរពកោតស្ញប់ស្ញែងខ្លាំងយ៉ាងណាក្តី ក៏នៅតែមានក្រុមមារតាមផ្ញាញ់ និងព្យាបាទ។ ដូចគ្នានឹងសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នោះដែរ បើទោះបីសម្តេចបានតស៊ូ លះបង់ និងប្រឹងប្រែងអស់កម្លាំងកាយចិត្តយ៉ាងណាក្តី ក៏ក្រុមឧទ្ទាមក្រៅច្បាប់មានទណ្ឌិត សម រង្ស៉ី ជាប្រធានកំពុងរស់នៅប្រកបដោយក្តីសុខឯក្រៅប្រទេស តែងតែមានចេតនាមកបំផ្លាញខ្មែរ បំផ្លាញជាតិខ្មែរ ចង់ប្លន់អំណាចដោយខ្លួនឯងផ្ទាល់មិនដែលបានជួយអ្វីសូម្បីតែបន្តិចសម្រាប់ប្រជាជន និងជាតិខ្មែរ។

ពួកគេប្រើទុនដោយការញុះញង់ ដោយការលាបពណ៌ តែការពិតគឺកំសាកបំផុត តែងយកលេសដើម្បីរស់នៅក្រៅប្រទេសវាស្រួលជាង ព្រោះពីដើមមកពួកនេះតែងយកបរទេសជាផ្ទះរបស់ខ្លួន ព្រមទាំងមានសញ្ជាតិបរទេស ផ្ទះនៅបរទេសទៀតផង ក្រៅពីនេះមុខរបរពួកគេគឺកឹបកេងភូតកុហករៃលុយពីកម្មករ និងប្រជាជនខ្មែរស្លូតត្រង់មួយចំនួនដាក់ក្នុងហោរបៅរបស់ខ្លួន និងបក្ខពួក។

សរុបសេចក្តីមក ក្រុមឧទ្ទាមក្រៅច្បាប់ គ្មានគីឡូអ្វីមកប្រៀបជាមួយថ្នាក់ដឹកនាំប្រទេសកម្ពុជាដែលមានសម្តេចតេជោជាប្រមុខនោះទេ ប្រជាជនជាង៨៣ភាគរយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារប្រជាជនយល់ច្បាស់ ចេះថ្លឹងច្បាស់លាស់។ ប្រជាជនកម្ពុជាពិតជាមានសំណាងណាស់ដែលមានថ្នាក់នាំមួយរូបដែលកើតចេញពីត្រកូលកសិករស្គាល់គ្រប់រស់ជាតិលំបាកខាំស្មៅនៅជាមួយប្រជាជនកម្ពុជាជានិច្ច។

ដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្មែរបច្ចុប្បន្ន និងកូនចៅខ្មែរជំនាន់ក្រោយ ប្រជាជនកម្ពុជាមិនលំបាកនោះទេ ដោយគ្រាន់តែនាំគ្នាសាមគ្គីគ្នាគាំទ្រលើកទឹកចិត្តដល់ប្រមុខថ្នាក់ដឹកនាំយើងនាពេលបច្ចុប្បន្នឲ្យដឹកនាំបន្តទៅមុខទៀត និងរួមគ្នាការពារសន្តិភាពប្រទេសទៅ គឺគ្រប់គ្រាន់ហើយ៕

ដោយ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន