(បន្ទាយមានជ័យ)៖ រយៈពេល២ថ្ងៃជាប់គ្នានេះ ប្រជាពលរដ្ឋចំនួន១៥នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន២៨គ្រួសារ បាននាំគ្នាផ្តិតមេដៃសុំការអន្តរាគមន៍ពីអាជ្ញាធរក្រុង ខេត្ត ឲ្យជួយទប់ស្កាត់ជា បន្ទាន់ ចំពោះលោក ហង្ស ម៉ៅ ដែលបានទន្ទ្រានដី ចាក់ដីបំពេញ សាងសង់ និងបែងចែកដីលក់ទៅលើដីមានទំនាស់រ៉ាំរ៉ៃអស់ជាង១០ឆ្នាំមកហើយ តែមិនទាន់ចប់ឡើយ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋចំនួន១៥នាក់ បានប្រាប់ឲ្យដឹងនាថ្ងៃទី២៧ ខែកុម្ភៈ នេះថា យោងតាមអង្គប្រជុំកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ លោក ហង្ស ម៉ៅ បានអះអាងថា លោកមិនបានលក់ដូរ ឬធ្វើសកម្មភាពអ្វី ទៅលើដីកំពុងមានទំនាស់នោះទេ ប៉ុន្តែថ្មីៗនេះលោក ហង្ស ម៉ៅ បាននិងកំពុងធ្វើសកម្មភាពចាក់ដី សាងសង់ ធ្វើរបង និងបែងចែកដីទំនាស់ខាងលើនេះ ខណៈពុំទាន់ដោះស្រាយជាស្ថាពរនៅឡើយ។

ប្រជាពលរដ្ឋចំនួន១៥នាក់ បានបន្តទៀតថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅវេលាម៉ោងប្រមាណ១០៖៤៥នាទីព្រឹក មានមនុស្ស៤ ទៅ៥នាក់ ចុះមកវាស់វែងដីបម្រុងបែងចែកដី ដោយអះអាងថា ជាកូនចៅរបស់លោក ហង្ស ម៉ៅ ហើយចុះមកនេះ គឺតាមបញ្ជារបស់លោក ហង្ស ម៉ៅ ផងដែរ។ ភ្លាមៗនោះប្រជាពលរដ្ឋទាំងអស់ បានធ្វើការហាមឃាត់ភ្លាម និងមិនព្រមអនុញ្ញាតឲ្យពួកគេវាស់វែងដីឡើយ ពួកគេដែលជាកូនចៅរបស់លោក ហង្ស ម៉ៅ បានឆ្លើយថា មិនដឹងទេ ធ្វើតាមបញ្ជាមេ ហើយក៏ត្រឡប់ទៅវិញ។

តំណាងប្រជាពលរដ្ឋឈ្មោះ ប៉ែន ច័ន្ទសេង បានប្រាប់ថា ពួកយើងជាប្រជាពលរដ្ឋ បានកាន់កាប់ដីប្រមាណជា៧ហិតា តាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយពួកយើងខ្ញុំកាន់កាប់មានចំនួន ២៨គ្រួសារ បានទិញដីនេះពីប្រជាពលរដ្ឋបន្ត អំឡុងឆ្នាំ២០០៤-២០០៤ និងបានធ្វើលិខិតកាន់កាប់ដីធ្លីចុះហត្ថលេខាពីភូមិ ឃុំ ស្រុក។ គាត់បន្តថា តែឆ្នាំ២០១២ លោក អាំង មាលតី អតីតប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញសាលក្រមលេខ ១៦(ក) ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ មកជាន់ដីធ្លីរបស់ពួកយើងខ្ញុំ ទាំង២៨គ្រួសារ ដែលជាដីមិនពាក់ព័ន្ធ និងសាលក្រមនោះ។ តែមន្រ្តីរបស់លោក អាំង មាលតី ក៏បានគូសផែនទីយកទាំងអស់ ដោយយោងតាមការចង្អុលបង្ហាញរបស់ដើមចោទ។

ប្រជាពលរដ្ឋទាំងអស់ចំនួន ២៨គ្រួសារ បានទទួលនូវអំពើអយុត្តិធម៌ និងឈឺចាប់បំផុត ទឹកភ្នែកហូរ ទៅជាប្តឹងទៅអាជ្ញាធរណា ក៏ដោយគេមិនដោះស្រាយឲ្យដែរ មានតែការឈរមើលគេបំពាន់យកដីកម្មសិទ្ធិទាំងក្តីឈឺចាប់។ យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីលោក ហង្ស ម៉ៅ បាននោះទេនៅរសៀលថ្ងៃនេះ។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដីនេះប្រជាពលរដ្ឋបានអាស្រ័យផលធ្វើស្រែចំការ តាំងពីឆ្នាំ២០០០រហូតមក ព្រមទាំងមានសង់ផ្ទះរបស់នៅ។ ក្រោយពីលោក អាំង មាលតី ចេញសាលក្រមកាត់ដី ពួកគាត់ លែងបានអាស្រ័យផលទៀតតាំងពីពេលនោះម ។ អ្វីចំណុចពិសេស សព្វថ្ងៃដីនេះ កាន់កាប់ដោយឈ្មោះ ហង្ស ម៉ៅ ហើយលោក ហង្ស ម៉ៅ ត្រូវបានគេនិយាយថា មានទំនាស់ដីធ្លីជាច្រើនកន្លែងផដែរ នៅក្នុងខេត្តបន្ទាយមានជ័យ៕