(កំពត)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ ឈានមុខគេមួយរបស់ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រារព្ធពិធីគម្រប់ខួបពេញមួយឆ្នាំដំបូង ចាប់តាំងពីការបើកសម្ពោធរោងចក្រស៊ីម៉ងត៍របស់ខ្លួន នៅស្រុកបន្ទាយមាស ខេត្តកំពត។

រោងចក្រនេះ ត្រូវបានបើកសម្ពោធ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបីខែបន្ទាប់ពីរោងចក្រនេះ បានផលិតស៊ីម៉ងត៍ដំបូងរបស់ខ្លួន នៅខែវិច្ឆិកា ឆ្នាំ២០១៧។ សព្វថ្ងៃរោងចក្រ មានសមត្ថភាពអាចផលិតស៊ីម៉ងត៍ ប្រកបដោយគុណភាពខ្ពស់ បានជាង៥,៥០០តោនក្នុងមួយថ្ងៃ។

ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីនៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៥ និងជាការវិនិយោគរួមរវាងក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅប្រទេសកម្ពុជា និងក្រុមហ៊ុនស៊ីម៉ងត៍ Siam City Cement នៅប្រទេសថៃ។ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) មានដើមទុនសរុបចំនួន២៦២លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះ បានផលិតស៊ីម៉ងត៍ ដែលមានគុណភាពខ្ពស់ សម្រាប់ទីផ្សារលក់រាយ និងទីផ្សារឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មានគុណភាពខ្ពស់ ជាមួយនឹងការត្រួតពិនិត្យស្តង់ដារ និងធានាគុណភាពលំដាប់ពិភពលោក។

លោក Aidan Lynam នាយកប្រតិបត្តិក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានថ្លែងថា ក្រុមហ៊ុនក៏ដូចរោងចក្រផលិតស៊ីម៉ងត៍ នៅទូកមាស កំពុងមានដំណើរការយ៉ាងល្អឆ្ពោះទៅរកអនាគត ប្រកបដោយចីរភាព។

លោកថ្លែងថា «ក្នុងនាមជាក្រុមហ៊ុនឧហ្សាហកម្មធុនធ្ងន់ ដែលមានទំនួលខុសត្រូវខ្ពស់ ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) បានប្តេជ្ញាក្នុងការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិ ក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព និងសមស្រប និងប្រើប្រាស់មូលធនមនុស្សដ៏ធំទូលាយ និងមានទេពកោសល្យរបស់ខ្លួន ដើម្បីសម្រេចគោលដៅនេះ»

លោកបន្ដថា «យើងប្តេជ្ញាបង្កើតការផ្លាស់ប្តូរ សម្រាប់អតិថិជនរបស់យើង ដោយមិនធ្វើឲ្យបាត់បង់ផលប្រយោជន៍ របស់មនុស្សជំនាន់ក្រោយ។ យើងធ្វើដូច្នេះ ដោយការអនុវត្តនូវគោលនយោបាយថែរក្សាបរិស្ថានដ៏សកម្ម ដែលជាផ្នែកសំខាន់ នៃទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់យើង។ យើងធ្វើដូច្នេះដោយសហការយ៉ាងជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធរបស់យើងទាំងអស់»

លោក Lynam បានបន្ថែមថា ការផ្តោតការយកចិត្តទុកដាក់នេះ មានដំណើរការស្របជាមួយនឹងគោលដៅនៃការរីកចម្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ភាគហ៊ុន អតិថិជន និងនិយោជក ដោយរួមចំណែកដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជាដោយយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបរិស្ថាន។

លោកបន្ដទៀតថា «ក្រុមហ៊ុនយើង ប្តេជ្ញាជំរុញការកាត់បន្ថយ ការបំភាយឧស្ម័នកាបូនិកយ៉ាងហោចណាស់១០% នៅត្រឹមឆ្នាំ២០២២។ ដើម្បីសម្រេចគោលដៅនេះ ថាមពលអគ្គិសនីរបស់យើង រហូតដល់ ៣៣% នឹងត្រូវបានជំនួស ដោយថាមពល ដែលបានមកពីប្រព័ន្ធបម្លែងកម្តៅសំណល់ ទៅថាមពល (Waste Heat Recovery System) និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar PV System)»

លើសពីនេះទៅទៀត បច្ចុប្បន្ន យើងកំពុងអភិវឌ្ឍប្រភេទផលិតផលប្រកបដោយនវានុវត្តន៍ ដោយមានសេវាកម្មបច្ចេកទេស មានសមត្ថភាពខ្ពស់ ដែលនាំយើងទៅរកដំណោះស្រាយបរិស្ថាន កាន់តែបៃតង សម្រាប់អតិថិជនរបស់យើង។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក Aidan Lynam។

ជាមួយគ្នានោះ នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានអះអាងថា ក្រុមហ៊ុនក៏កំពុងស្វែងរកដំណោះស្រាយ សម្រាប់ការគ្រប់គ្រងកាកសំណល់ប្រកបដោយនិរន្តរភាព និងកំពុងខិតខំប្រឹងប្រែង ដើម្បីក្លាយជាក្រុមហ៊ុន ដែលអាចផ្ទុកទឹកតាមលក្ខណៈធម្មជាតិច្រើន ជាងសេចក្តីត្រូវការរបស់ខ្លួន នៅឆ្នាំ២០២២។

សូមជម្រាបថា ចាប់តាំងពីការបង្កើតមក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានផ្តល់ការងារដល់បុគ្គលិក ជាង១ពាន់នាក់ ដោយផ្ទាល់ និងដោយប្រយោល ដោយផ្ទេរចំណេះដឹង ជាសាកលដល់ប្រជាជនកម្ពុជា ដែលធ្វើការជាមួយក្រុមហ៊ុន។ ក្រុមហ៊ុន ផ្តល់ជូននូវកម្មវិធីវិញ្ញាបនបត្រ ដែលមានរចនាសម្ព័ន្ធសម្រាប់ជាងសំណង់ចំនួនពីរដង ក្នុងមួយឆ្នាំដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

ក្រុមហ៊ុន ក៏ផ្តល់ជូននូវ «កម្មវិធីសិក្សាអប់រំវិជ្ជាជីវៈនៅនឹងរោងចក្រ» (EVE) ជាពិសេសដែលជាកម្មវិធីសិក្សារបស់ប្រទេសស្វ៊ីស ដោយមិនគិតថ្លៃដល់សិស្ស ដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ (បាក់ឌុប) នៅខេត្តកំពត ដែលមិនមានលទ្ធភាព ទទួលបានការអប់រំកម្រិតឧត្តមសិក្សា។

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានប្តេជ្ញាធ្វើការ ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធនានា ដើម្បីអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈសកម្មភាព នៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រួមមានការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាព អនាម័យ ប្រព័ន្ធធារាសាស្រ្ត ការបង្កើតប្រាក់ចំណូល ការគ្រប់គ្រងកាកសំណល់ និងការយល់ដឹងអំពីបរិស្ថានជាដើម៕