(ភ្នំពេញ)៖​ ពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធិធ្វេីម្ចាស់ផ្ទះ បានបញ្ចប់ហើយ ដោយក្រុមជម្រើសជាតិ U22 ឥណ្ឌូនេស៊ី គឺជាអ្នកលើកពាន បន្ទាប់ពីយកឈ្នះក្រុម U22 ថៃ ដោយលទ្ធផល ២-១ ក្នុងជំនួបវគ្គពាក់ផ្ដាច់ព្រ័ត្រ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ៤៥នាទីដំបូង ពុំមានការរបូតគ្រាប់បាល់នោះទេ តែចូលតង់ទី២ ក្រុមការពារតំណែងជើងឯកថៃ ជាអ្នករកគ្រាប់បាល់បានមុន តែមិនទាន់បាន ១ពិន្ទុស្រួលបួលផង កីឡាកររបស់ឥណ្ឌូនេស៊ី បានវាយបកតាមស្មើ និងបន្ថែម ១គ្រាប់ទៀត ដោយកីឡាករពាក់អាវលេខ១០ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បន្ទាប់ពីក្រុមដំរីសឹកថៃ ព្យាយាមវាយបកជាខ្លាំង នៅចុងម៉ោង តែមិនបានសម្រេច ។

សរុបមកក្រោយចប់ការប្រកួត ចំពោះលទ្ធផល គឺក្រុម U22 ឥណ្ឌូនេស៊ី បានលើកពាន ខណៈក្រុម U22 ថៃ បានត្រឹមជើងឯករង ហើយក្រុម U22 វៀតណាម ទទួលបានចំណាត់ថ្នាក់៣ និងក្រុមម្ចាស់ផ្ទះ U22 កម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ៕