(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំប្រឡងជ្រើសរើសសិក្ខាកាម ចូលរៀនវគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញជំនាន់ទី២០ ដែលមានបេក្ខជនចូលរួមប្រឡងចំនួន៩៨នាក់ ក្នុងនោះមានស្រ្តីចំនួន២៨នាក់។
ការប្រឡងនេះបានរៀបចំឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) រាជធានីភ្នំពេញ ដែលជាសាកលវិទ្យាល័យ ទទួលបានការឯកភាពឱ្យរៀបចំការបណ្តុះបណ្តាលវគ្គមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់ភ្នំពេញ និងតំបន់ជុំវិញខាងលើ ពីក្រសួងទេសចរណ៍ សម្រាប់ភាសាឯកទេសចំនួន០៨ ភាសារួមមានទី១៖ ភាសាអង់គ្លេស, ទី២៖ ភាសាចិន, ទី៣៖ ភាសាម៉ាឡេស៊ី, ទី៤៖ ភាសាថៃ, ទី៥៖ ភាសាវៀតណាម, ទី៦៖ ភាសាអាល្លឺម៉ង់, ទី៧៖ ភាសាបារាំង និងទី៨៖ ភាសាជប៉ុន។

សិក្ខាកាមដែលប្រឡងជាប់វិញ្ញាសាសរសេរនាពេលនេះ នឹងត្រូវអនុញ្ញាតឱ្យប្រឡងវិញ្ញាសាផ្ទាល់មាត់ភាសាឯកទេសក្នុងដំណាក់កាលបន្ទាប់ ហើយបេក្ខជនប្រឡងជាប់វិញ្ញាសាទាំងពីរ នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលក្នុងថ្នាក់រយៈពេល៤ខែ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងចុះកម្មសិក្សារយៈពេល២ខែ តាមក្រុមហ៊ុនទេសចរណ៍នានា។ បន្ទាប់ពីសិក្សាប្រកបដោយជោគជ័យសិក្ខាកាម ត្រូវស្នើសុំអាជ្ញាបណ្ណ មគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍រាជធានី ខេត្តទូទាំងប្រទេស។ ការប្រឡងវិញ្ញាសាសរសេរខាងលើនេះ មានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់។

សូមរំលឹកផងដែរថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណ ជាង៥០០០នាក់ ហើយដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍សរុបប្រមាណ១ម៉ឺននាក់។ បច្ចុប្បន្នវិស័យទេសចរណ៍កម្ពុជា កំពុងផ្តល់ការងារផ្ទាល់ ជូនប្រជាពលរដ្ឋប្រមាណ៦២ម៉ឺននាក់ ហើយតាមការព្យាករណ៍នៅឆ្នាំ២០២០ នឹងបង្កើតការងារផ្ទាល់ចំនួន១លាននាក់ ឆ្នាំ២០២៥ ប្រមាណ ១,២លាននាក់ និងឆ្នាំ២០៣០ ប្រមាណ២លាននាក់។

ហើយនេះជាលើកទី៤ហើយ ដែលក្រសួងទេសចរណ៍បានឯកភាពតាមសំណើសុំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ របស់សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងវិស័យឧស្សាហកម្មទេសចរណ៍៕