(ភ្នំពេញ)៖ លោក ​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ បានមកដល់ប្រទេសកម្ពុជា កាលពីម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ រយៈពេល២ថ្ងៃ ពី​​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ តបតាមព្រះរាជអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលទទួលស្វាគម​ន៍ លោកប្រធានរដ្ឋវៀតណាម នៅព្រលានយន្តហោះ រួមមានដូចជា សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីព្រះបរមរាជវាំង, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងឥស្សរជនមួយចំនួនទៀត។ នេះគឺជាទស្សនកិច្ចលើកដំបូង បន្ទាប់ពីលោក បានឡើងកាន់តំណែងជាប្រធានរដ្ឋវៀតណាម កាលពីខែតុលា ឆ្នាំ២០១៨។

អំឡុងពេលមានវត្តមាននៅក្នុងប្រទេសកម្ពុជា នាល្ងាចថ្ងៃដំបូងនេះ លោកប្រធានរដ្ឋវៀតណាម បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកបានអញ្ជើញគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជ បិតាជាតិខ្មែរ នៅព្រះរាជដំណាក់គន្ធបុប្ឆា ក្នុងព្រះបរមរាជវាំងផងដែរ។ ពិធីទទួលស្វាគមន៍ លោកប្រធានរដ្ឋវៀតណាម ត្រូវបានធ្វើឡើងនៅព្រះបរមរាជវាំង។

នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ច២ថ្ងៃរបស់ លោកប្រធានរដ្ឋវៀតណាម, នៅពេលព្រឹក លោកបានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ ទស្សនាស្តូបមិត្តភាពកម្ពុជា–វៀតណាម និងស្ថានទូតវៀតណាមនៅទីក្រុងភ្នំពេញ ព្រមទាំងបានចូលថ្វាយបង្គំ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីនោះ លោកបានទៅកាន់វិមានព្រឹទ្ធសភា ដើម្បីជួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ អំឡុងជួបនោះ លោកបានអះអាងថា វៀតណាមនៅតែចងចាំការជួយឧបត្ថគាំទ្រដ៏ធំធេងរបស់ ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក៏ដូចជាការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។ ចំណែកសម្តេច សាយ ឈុំ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយបានចាត់ទុកលទ្ធផល នៃកិច្ចសហប្រតិបត្តិការនោះ គឺជាមូលដ្ឋានគ្រឹះរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងពេបច្ចុប្បន្ន និងទៅអនាគត។

បន្ទាប់ពីបញ្ចប់ជំនួបជាមួយ សម្តេច សាយ ឈុំ លោកប្រធានរដ្ឋវៀតណាម បានបន្តជួបពិភាក្សាការងារជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបន្តទៀត។ នៅក្នុងជំនួបនោះលោក ​ង្វៀង ហ៊្វូជុង បានថ្លែងថា ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា គឺជាផ្នែកមួយ ដែលជួយឲ្យវៀតណាម រីកចម្រើនដូចសព្វថ្ងៃនេះ។ ចំណែក សម្តេច ហេង សំរិន បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រ ប្រជាជនកម្ពុជា នូវគ្រប់ដំណាក់កាល នៃការតស៊ូរំដោះជាតិ ដែលបានរួមចំណែកជួយស្តារ និងកសាងប្រទេសជាតិ កម្ពុជាមានការរីកចម្រើន រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយជាទឹកប្រាក់ ២៥លានដុល្លារអាមេរិក ដើម្បីសាងសង់អគារធ្វើការ របស់រដ្ឋសភា១ខ្នង នៅពេលខាងមុខ។

បន្ទាប់ពីបញ្ចប់ការពិភាក្សានេះ នៅព្រឹកថ្ងៃដដែលនោះ លោកអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម​ បានបន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយនឹងការបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះ វៀតណាមដែលធ្វើជាម្ចាស់ផ្ទះទទួលការស្វាគមន៍ នូវជំនួបកំពូលលើកទី២ រវាង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលនេះ។ ដោយឡែក លោកប្រធានរដ្ឋវៀតណាម ក៏បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពជឿជាក់ថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់។ លោកបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជាទទួលបានលើគ្រប់វិស័យកន្លងមកនេះ។ លោកបានបញ្ជាក់ផងដែរថា វៀតណាម នៅតែចងចាំការជួយឧបត្ថគាំទ្រដ៏ធំធេងរបស់ប្រទេស និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូទាមទារឯករាជ្យពីប្រទេសបារាំង ក៏ដូចជាការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទៅលើអ្វីដែល លោកប្រធានរដ្ឋវៀតណាម បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋានលើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត។

បន្ទាប់ពីជំនួបពិភាក្សាការងារជិត១ម៉ោងនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ្វ៊ូជុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៥ រួមមានដូចតទៅ៖

* ទី១៖ ពិធីសារស្តីពីវិសោធនកម្មលើពិធីសារសម្រាប់អនុវត្តកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវគោក

* ទី២៖ សេចក្ដីបន្ថែមស្តីពីការកែប្រែមាត្រា៦ និងមាត្រា១៧ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា-វៀតណាម ស្តីពីការដឹកជញ្ជូនផ្លូវទឹក។ ពិធីសារទាំងពីរចុះហត្ថលេខាដោយលោក​ ង្វៀន វ៉ាន់ថេរ (Nguyen Van The)​ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម និងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា

* ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លាអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។ ចុះហត្ថលេខាដយលោក ឌីញ គៀនយ៉ុង (Dinh​ Tien Dzung) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម​ និងលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាជាតិកម្ពុជា

* ទី៤៖ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ស្តីពីការអនុគ្រោះពន្ធសម្រាប់ឆ្នាំ ២០១៩-២០២០។​ ចុះហត្ថលេខាដោយលោក Tran Tuan Anh​ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា

* ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍សម្រាប់ឆ្នាំ២០១៩-២០២១ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម។​ ចុះហត្ថលេខាដោយ លោក Duong Tri Thanh ជាប្រធាន​ និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ ដើម្បីទទួល លោកប្រធានរដ្ឋវៀតណាមផងដែរ។

ថ្វីត្បិតតែ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ មានរយៈពេលខ្លី ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានបង្ហាញអំពីភាពស្អិតរមួត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ក្នុងបរិយាកាសពោរពេញដោយសាមគ្គីភាព មិត្តភាពជាប្រពៃណី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយក្នុងឱកាសទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានធ្វើសេចក្តីរាយការណ៍អំពីការអភិវឌ្ឍថ្មីៗរបស់ប្រទេសរៀងខ្លួន និងបានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាតំបន់ និងពិភពលោក ដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោក Nguyen Phu Trong ដែលជាជនមានអំណាចកំពូលទី១ នៅប្រទេសវៀតណាម បានចាកចេញពីកម្ពុជា នៅម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពេលបញ្ចប់ទស្សនកិច្ចផ្លូវរដ្ ឋរយៈពេល២ថ្ងៃ ដែលជាទស្សនកិច្ចលើកដំបូង បន្ទាប់ពីលោកឡើងកាន់តំណែងជាប្រមុខរដ្ឋ បន្តអតីតរដ្ឋ​វៀតណាម លោក ត្រាន ដៃក្វាង ដែលបានទទួល​មរណភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​​ នៅអាយុ​៦១ឆ្នាំ។

បើតាមសេចក្តីថ្លែងការណ៍រួមរបស់កម្ពុជា-វៀតណាម ដែលផ្សព្វផ្សាយដោយក្រសួងការបរទេស សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានរដ្ឋវៀតណាម លើកនេះ គឺ៖

* ភាគីទាំងពីរបានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើនល្អឥតខ្ចោះនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបានរួមចំណែកក្នុងការធានាសន្តិភាព ស្ថិរភាព និងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។

* ភាគីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមតែងតែដឹងនូវគុណូបការៈយ៉ាងធំធេងចំពោះព្រះរាជឧបត្ថម្ភ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាចំពោះ ប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិក្នុងអតីតកាល ក៏ដូចជាក្នុងការស្ថាបនា និង អភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរអបអរសាទរចំពោះសាលក្រមចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ស្តីពីការប្រល័យពូជសាសន៍ ដែលប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។ ភាគីកម្ពុជាបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ខ្លាំងក្លា និងជំនួយឧបត្ថម្ភដែលថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមបានផ្តល់ជូន ប្រជាជនកម្ពុជានៅក្នុងពេលអតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន និងបានអះអាងថា ប្រជាជនកម្ពុជា នឹងចងចាំជានិច្ចចំពោះជំនួយឧបត្ថម្ភដែលមិនអាចកាត់ថ្លៃបាន និងការគាំទ្ររបស់ភាគីវៀតណាម សម្រាប់ការតស៊ូរបស់ប្រជាជនកម្ពុជាក្នុងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ ១៩៧៩ និងការរួមចំណែកដល់ការស្តារ និងកសាងកម្ពុជាឡើងវិញ។ ភាគីទាំងពីរបានឯកភាពគ្នាថា ការការពារ ការថែរក្សា និងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដោយឈរលើគោលការណ៍នៃការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមកម្ពុជា-វៀតណាមលើកមុនៗ គឺជាការទទួលខុសត្រូវរួមរបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសទាំងពីរក៏ដូចជា ដើម្បី សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។

* ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយឱ្យកាន់តែស៊ីជម្រៅ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។ បន្តរួមគ្នារៀបចំព្រឹត្តិការណ៍នានាដើម្បីរឹតបន្តឹងទំនាក់ទំនងទ្វេភាគីឱ្យបានស៊ីជម្រៅ។ លើកកម្ពស់ការ យល់ដឹង និងការអប់រំស្តីពីមិត្តភាពជាប្រពៃណី និងសាមគ្គីភាពរវាងកម្ពុជានិងវៀតណាមសម្រាប់ប្រជាជនទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ និងបន្តសហការក្នុងការកែលម្អឡើងវិញនូវស្តូបមិត្តភាពវៀតណាម-កម្ពុជានៅប្រទេសរៀងខ្លួន។

* ភាគីទាំងពីរបានឯកភាពជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងបច្ចេកទេស ដោយផ្នែកលើមូលដ្ឋាននៃសក្តានុពល និងភាពខ្លាំងរបស់ប្រទេសរៀងខ្លួន។ ជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរ។ ចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាថ្មីៗ និងបន្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើកិច្ចព្រមព្រៀង/ អនុស្សរណៈនៃការយោគយល់គ្នាណាដែលចាំបាច់ ដើម្បីសម្រួលដល់ការបង្កើតក្របខ័ណ្ឌច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្តល់អាទិភាពដល់ការតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ថាមពល ទូរគមនាគមន៍ ទេសចរណ៍នៃប្រទេសទាំងពីរ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពចាត់វិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ ខិតខំប្រឹងប្រែងជំរុញការដោះដូរពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន៥ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗ ខាងមុខ បន្ទាប់ពីទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០១៨ សម្រេចបាន ៤,៧ពាន់លានដុល្លារអាមេរិក និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់គុណភាពការអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

* ភាគីទាំងពីរសង្កត់ធ្ងន់អំពីសារៈសំខាន់ និងការឯកភាពគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងសន្តិសុខ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឱ្យកម្លាំងនយោបាយ ឬកម្លាំងយោធាណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត និងដោះស្រាយបញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ពង្រឹងការសម្របសម្រួលគ្នា ក្នុងគោលដៅថែរក្សាស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងប្រទេសទាំងពីរ។ បង្កើនកិច្ចសហការលើបញ្ហាមនុស្សធម៌ដូចជាការត្រៀម បង្ការគ្រោះមហន្តរាយធម្មជាតិ ការធ្វើសមយុទ្ធរួមគ្នាសម្រាប់សកម្មភាពរុករក និងជួយសង្គ្រោះ ការទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅកម្ពុជា។

* ភាគីវៀតណាមបានសម្ដែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបាន ផ្តល់ការគាំទ្រ និងប្រព្រឹត្តកម្មដោយគ្មានការរើសអើងចំពោះប្រជាជនដែលមានដើមកំណើត វៀតណាម នៅកម្ពុជា។

* ភាគីទាំងពីរបានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តគោរព និងអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនដែលបានទទួលយកដោយភាគីទាំងពីរ និងកិច្ចព្រមព្រមព្រៀងពាក់ព័ន្ធនឹងព្រំដែន ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនគោក ដែលសម្រេចបានសិមិទ្ធផល ៨៤% នៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក។ ភាគីទាំងពីរបានជំរុញគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ ឱ្យបញ្ចប់ឯកសារផ្លូវច្បាប់ចំនួន២ឱ្យបានឆាប់ ដើម្បីទទួលស្គាល់សមិទ្ធផលការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកចំនួន ៨៤% ដែលសម្រេចបាន ដោយគណៈកម្មការចម្រុះកិច្ចការព្រំដែនគោក។ ភាគីទាំងពីរបានគាំទ្រឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនគោកនៃប្រទេសទាំងពីរ បន្តសហប្រតិបត្តិការពន្លឿនការចរចា ឆ្ពោះទៅសម្រេច ឱ្យបានការបញ្ចប់ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែននៅចំណុចដែលនៅសេសសល់ សំដៅកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

* ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានឱ្យបានទៀងទាត់ និងធ្វើការសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ និងសហការគ្នាឱ្យមានប្រសិទ្ធភាព និងផ្តល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ និងយន្តការសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ រួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងនៅលើពិភពលោក។
ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសពាក់ព័ន្ធ ព្រមទាំងអង្គការអន្តរជាតិនានា ដើម្បីធានាការគ្រប់គ្រងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងចីរភាព នូវធនធានទឹកទន្លេមេគង្គ ធនធានពាក់ព័ន្ធនឹងទឹក និងបរិស្ថាននៃទន្លេមេគង្គ ហើយនឹងធ្វើសុខដុមភាវូបនីយកម្មផល ប្រយោជន៍របស់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ។

* ភាគីទាំងពីរបន្តផ្តល់សារៈសំខាន់លើការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព នាវាចរណ៍ និងការហោះហើរនៅលើសមុទ្រចិនខាងត្បូង។ ភាគីទាំងពីរបានឯកភាពជំរុញការ ដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី រក្សាភាពអត់ធ្មត់ ដោយមិនធ្វើគំរាមកំហែង ឬប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជា សាកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង បានប្តេជ្ញារួមគ្នាជាមួយភាគីពាក់ព័ន្ធ អនុវត្តន៍ឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវសេចក្តី ថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានគ្រប់ ជ្រុងជ្រោយ និងជំរុញការបញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) មួយ ប្រកបដោយខ្លឹមសារ និងលម្អិត សំដៅរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

* ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ និងមានអត្ថន័យជាប្រវត្តិសាស្ត្រនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ង្វៀន ហ្វ៊ូជុង នៅព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកដល់ការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង រវាងប្រទេស ទាំងពីរ មានភាពកាន់តែខ្លាំងក្លា មានប្រសិទ្ធភាព ជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក្នុងតំបន់ និងនៅលើពិភពលោកផងដែរ៕