(ភ្នំពេញ)៖​​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានទទួល​ជួប​ពិភាក្សា​ការងារ ​ជាមួយលោក Nobert​ BARTHLE​ ជា​សមាជិក​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​។​

​ក្នុង​កិច្ច​ជំនួប​នោះ ​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​អា​ល្លឺ​ម៉​​ង់​ ដែល​តែងតែ​ជួយ​ដល់​កិច្ច​អភិវឌ្ឍន៍​កម្ពុជា​ ដោយ​សម្ដេច​បាន​បង្ហាញ​ការ​កត់​សម្គាល់ថា​ រាល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ជំនួយ​គាំទ្រ​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​ឡើយ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏បានបញ្ជាក់​អំពី​អភិបាលកិច្ច​ល្អ​ និង​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផងដែរ ដោយ​សម្ដេច​បាន​អះអាង​ថា​ បើ​ទោះបីជា​មាន​ឧបសគ្គ​ខ្លះ​មែន​ ប៉ុន្តែ​ការងារ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ចិត្ត​រួច​ហើយ​ ថា​នឹង​ធ្វើ​ឲ្យ​បាន​ជោគជ័យ​។​​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព​មន្ត្រី​ថ្នាក់​ឃុំ​-​សង្កាត់​ ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ តាម​យៈ​ការ​បង្កើន​ថវិកា​តាម​ឆ្នាំ​ជា​បន្តបន្ទាប់​ ចាប់ពី​ឆ្នាំ​២០២០​ ដល់​ឆ្នាំ​២០២៣​ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ​នោះ​។​

ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​ ពិសេស​ក្រសួងមហាផ្ទៃ​ កំពុង​ខិតខំ​ពង្រីក​បន្ថែម​ទៀត​ នូវ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ ដែល​ប​ច្ចុ​ប្ប​នេះ​ បាន​និង​កំពុង​ដំណើរការ​នៅ​គ្រប់​រាជធានី​-​ខេត្ត​ប្រមាណ​ជាង​៥០​​កន្លែង​រួច​ហើយ​ ដើម្បី​ពង្រឹង​ការ​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​។​

ជាមួយគ្នានេះ សមាជិក​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ បាន​សម្ដែង​ការ​គាំទ្រ​ និង​កោតសរសើរ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ ពិសេស​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ តែ​ម្ដង​ ដែល​អា​ល្លឺ​ម៉​ង់ ​កត់សម្គាល់​ឃើញ​ថា​ បាន​ដឹកនាំ​អនុវត្ត​ការងារ​កំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ និង​បាន​ដាក់​ចេញ​ទិស​ដៅ​ប្រកបដោយ​ភាព​ជឿជាក់​។​

លើសពីនេះលោក Norbert​ BARTHLE​ ​បាន​ជម្រាបជូន​សម្ដ​ច​ក្រឡាហោម​ ស​ ខេ​ង​ ថា​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ មាន​បំណង​ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​កម្ពុជា​ជា​បន្ត​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​​កម្ពុជា​ ពិសេស​ការ​បន្ថែម​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត ​ដែល​អា​ល្លឺ​ម៉​ង​បាន​សហការ​ចូលរួម​គាំទ្រ​កន្លង​មក​។​

បន្ថែមពីនេះ សមាជិក​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សហប្រតិបត្តិការ​ នៃ​ប្រទេស​អា​ល្លឺ​ម៉​ង់​ ​បាន​គោរព​អញ្ជើញ សម្ដេច​ក្រឡា​ហោ​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បំពេញ​ទស្សនកិច្ច​នៅ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ក្នុង​ពេលវេលា​សម​ស្រប​ ដើម្បី​ទទួលយក​ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​បន្ថែម​ទៀត​ទៅ​លើ​អ្វី​ដែល​ជា​មូល​ដ្ឋា​នៃ​ការ​កែទម្រង់​របស់​កម្ពុជា ​ឲ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​៕​