(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យប្រើប្រាស់ «មជ្ឈមណ្ឌលការងារចល័ត» សម្រាប់នាំយកសេវាការងារ និងព័ត៌មានឱកាសការងារទៅកាន់ប្រជាពលរដ្ឋ អ្នកស្វែងរកការងារ សិស្ស និស្សិតនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗ ដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។

ការដាក់ឱ្យប្រើប្រាស់ «មជ្ឈមណ្ឌលការងារចល័ត» ជាផ្លូវការនេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា លោកស្រី អេវ៉ា ថេអីស ប្រធានផ្នែកទំនាក់ទំនងអន្ដរជាតិ នៃទីភ្នាក់ងារផ្ដល់សេវាការងារសាធារណៈស៊ុយអែត ព្រមទាំងតំណាងមកពីស្ថានទូតស៊ុយអែត ស្ថាប័នរដ្ឋ សិស្ស-និស្សិត អង្គការក្រៅរដ្ឋាភិបាល សមាគមន៍ សហជីពសហព័ន្ធ និងដៃគូអភិវឌ្ឍនានា។

«មជ្ឈមណ្ឌលការងារចល័ត» ជាមជ្ឈមណ្ឌលមុនដំបូងគេបង្អស់នៅកម្ពុជា ដែលត្រូវបានរៀបចំបំពាក់នៅតាមរថយន្តមីនីវែន ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។ រថយន្ត នឹងត្រូវធ្វើដំណើរទៅគ្រប់បណ្តាខេត្ត រួមទាំងតំបន់ដាច់ស្រយាលផងដែរ ដើម្បីផ្តល់ដំណឹង និងព័ត៌មានផ្សេងៗសម្រាប់ប្រជាពលរដ្ឋ និងអ្នកស្វែងរកការងារធ្វើ។

«មជ្ឈមណ្ឌលការងារចល័ត» មានមុខងារផ្តល់សេវាសំខាន់ៗ ដូចមជ្ឈមណ្ឌលការងារធម្មតាដែរ ដូចជាការស្វែងរកមើលព័ត៌មានការងារ ការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធ័រណិត និងទម្រង់ក្រដាស ការទទួលប្រឹក្សាយោបល់ការងារ និងបណ្ណាល័យការងារជាដើម។ ចំណុចពិសេសរបស់ «មជ្ឈមណ្ឌលការងារចល័ត» អាចនាំយកសេវាការងារ និងព័ត៌មានឱកាសការងារទៅកាន់តែកៀកជាមួយប្រជាពលរដ្ឋ អ្នកស្វែងរកការងារ សិស្ស និស្សិតនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសតំបន់ជនបទ និងខេត្តឆ្ងាយៗ ដែលមិនទាន់មានមជ្ឈមណ្ឌលការងារនៅឡើយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ «មជ្ឈមណ្ឌលការងារចល័ត» លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើដល់ភាគីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ «មជ្ឈមណ្ឌលការងារចល័ត» ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរកការងារទៅនឹងឱកាសការងារដែលនៅទំនេរ ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពី ការជ្រើសរើសកម្លាំងពលកម្ម ការផ្តល់មគ្គុទ្ទេសក៍ និងប្រឹក្សាយោបល់អាជីព ព្រមទាំងការផ្តល់ព័ត៌មានទីផ្សារការងារ និងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារ និងជំរុញការទទួលបានព័ត៌មានពីការងារទូលំទូលាយដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់នូវគម្រោងខាងលើដល់កម្ពុជា ព្រមទាំងលើកទឹកចិត្តដល់សិស្ស និស្សិត និងយុវជនអ្នកស្វែងរកការងារធ្វើទាំងអស់ ចូលរួមប្រើប្រាស់នូវសេវាទាំងអស់ ដែលផ្តល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ ជាពិសេសមជ្ឈមណ្ឌលការងារចល័តថ្មីនេះឲ្យបានគ្រប់ៗគ្នា៕