(កំពង់ធំ)៖ ទីតាំងជល់មាន់លាក់ខ្លួនក្នុងចំការកៅស៊ូ នាខេត្តកំពង់ធំ ដែលមានការសង្ស័យថា ពាក់ព័ន្ធនាយប៉ុស្តិ៍បឹងល្វានោះ ត្រូវបានព្រះរាជអាជ្ញារងលោក ដួង សារ៉ន ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះបង្រ្កាប ដោយដកហូតម៉ូតូចំនួន២២គ្រឿង។

ការចុះបង្រ្កាបករណីខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ ស្ថិតនៅចំណុចខាងក្រោយប៉ុស្តិ៍នគរបាលឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សម្រាប់បនល្បែងស៊ីសងនេះ ត្រូវបានគេសង្ស័យថា មានការពាក់ព័ន្ធលោក ហាក់ សារ៉ាត នាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា ដែលលោកមិនដែលបានចាត់វិធានការ អនុវត្តតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាលនោះទេ។

កិច្ចសហប្រតិបត្តិការបង្រ្កាបបនល្បែងស៊ីសងនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត​ចុះបង្រ្កាបម៉ូតូចំនួន២២គ្រឿង មាន់ជល់ងាប់២ក្បាល រួមទាំងបានឃាត់ខ្លួន មនុស្សចំនួន៤នាក់ មកសួរនាំនៅទីបញ្ជាដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ធំ ចំណែកអ្នកលេងឯទៀតបានរត់គេចខ្លួនផងដែរ។

សូមបញ្ជាក់ថា ទីតាំងបនល្បែងស៊ីសង បៀរ អាប៉ោង ក្រោមឃ្លៀករបស់លោក ហាក់ សារ៉ាត់ មេប៉ុស្តិ៍បឹងល្វានេះ បានបង្រ្កាបជាលើកទី៣មកហើយ នៅកន្លែងដដែលៗ ដែលទើបធ្វើឲ្យ មានការសង្ស័យថា ការបើកបនល្បែងស៊ីសង ក្នុងចំការកៅស៊ូនេះ មានការពេញចិត្ត និងបើកភ្លើងខៀវពីលោកមេប៉ុស្តិ៍៕