(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺរថយន្តមួយគ្រឿងនេះ បានផ្ទុកទំនិញខ្ពស់ហួសហេតុ រហូតមិនអាចបើកចូលក្រោមស្ពានបាន និងបានថយក្រោយហើយក៏ទៅប៉ះបង្កាន់ដៃស្ពានបណ្តាលឲ្យរងការខូចខាតផងដែរ។

ក្រោយមានករណីនេះកើតឡើងភ្លាម និងមានការចែករំលែកជាបន្តបន្ទាប់នៅតាមបណ្តាញសង្គម Facebook នោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ទាំងរថយន្ត និងអ្នកបើកបរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ទាន់ទិននឹងព័ត៌មាននេះ លោក ម៉េត មាសភក្តី​ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ Fresh News នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះថា​ បន្ទាប់ពីទទួលបានដំណឹងថា មានករណីរថយន្តធំមួយគ្រឿង បានបើកបរខុសម៉ោងកំណត់ នៅចំណុចស្ទឹងមានជ័យ អភិបាលរាជធានីភ្នំពេញ លោក​ ឃួង ស្រេង បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់រថយន្ត រួមជាមួយអ្នកបើក ដើម្បីយកទៅចាត់ការតាមនីតិវិធី។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្ហោះនៅលើ Facebook របស់ខ្លួនថា ដើម្បីចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញ ក៏បានសំណូមពរ ដល់អ្នកបើកបររថយន្តធុនធំទាំងអស់ គោរពនូវម៉ោងពេល ដែលបានកំណត់ក្នុងការធ្វើចរាចរណ៍ នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញផងដែរ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩​នេះ​ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ មានរថយន្តធុនធំមួយគ្រឿង ផ្ទុកពេញទៅដោយទំនិញ យ៉ាងពេញរណែងរណោង បានប្រឹងបើកត្បុលចូលក្រោមស្ពាន ស្ទឹងមានជ័យ។ រថយន្តខាងលើ បានដឹកទូកុងតឺន័រ ហើយមានផ្ទុកទំនិញបន្ថែមពីលើទូកុងតឺន័របន្ថែមទៀត ទើបធ្វើឲ្យកើយជាមួយតួស្ពាន​ ទៅមុខមិនរួច ក៏បើកថយក្រោយវិញ បណ្តាលឲ្យទៅប៉ះបង្កាន់ដៃស្ពាន រងនូវការខូចខាតតែម្ដង​។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន CPAC បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុករះម៉ូតូបណ្តាលឲ្យស្លាប់គ្រូបង្រៀនម្នាក់ និងរបួស៤នាក់ នៅមុខវិទ្យាល័យបឹងត្របែក ខណ្ឌចំការមន។

ក្រោយមានហេតុការណ៍នេះ ទាំងអភិបាលរាជធានីភ្នំពេញ និងស្នងការរាជធានីភ្នំពេញ បានបញ្ជាឲ្យនគរបាលចរាចរ ចេញប្រតិបត្តិការស្ទាក់ចាប់រថយន្តក្រឡុកស៊ីម៉ង់ត៍ទាំងនេះ ដែលបើកចូលក្រុងខុសម៉ោងកំណត់ និងខុសតម្រាយផ្លូវ៕