(ភ្នំពេញ)៖ ក្នុងឱកាសជួបពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកបដោយភាពជឿជាក់ថា ស្ថានភាពនៅកម្ពុជា មានស្ថិរភាព ហើយទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់។

ជំនួបរវាងមេដឹកនាំកំពូលវៀតណាម ជាមួយសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែល ប្រធានរដ្ឋវៀតណាម បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ក្នុងជំនួបនោះ លោក Nguyen Phu Trong បានជម្រាបជូនសម្តេចតេជោថា ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោកបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា គឺទទួលបានជោគជ័យលើវិស័យជាច្រើន រួមមានការអភិវឌ្ឍខាងហេដ្ឋារចនាសម្ព័ន្ធសំណង់ សេដ្ឋកិច្ចកម្ពុជាគឺមានកំណើនកើនឡើងជាង៧% ហើយស្ថានភាពនៅកម្ពុជា គឺមានស្ថិរភាព និងទំនាក់ទំនងការទូតកម្ពុជា ក៏មានជាមួយបណ្តាប្រទេសនានាជាលំដាប់ផងដែរ។

លោកបានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យ ដែលកម្ពុជាទទួលបានលើគ្រប់វិស័យកន្លងមកនេះ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទៅលើអ្វីដែល លោកប្រធានរដ្ឋវៀតណាម បានលើកឡើង ហើយសម្តេចបានមានប្រសាសន៍ថា កម្ពុជាទទួលបានការអភិវឌ្ឍ រហូតមកដល់ពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីកងទ័ពប្រជាជន និងរដ្ឋាភិបាលវៀតណាមឡើយ ហើយសម្ដេចក៏បានឯកភាពផងដែរថា ឈរលើមូលដ្ឋានលើទំនាក់ទំនង នៃកិច្ចសហប្រតិបត្តការកន្លងមក គឺធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងនេះកាន់តែរីកចំរើនបន្ថែមទៀត៕