(បន្ទាយមានជ័យ​)៖ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងរាស្រ្ត​ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ បានអញ្ជើញបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាអង្គធំ​ នៅវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) និងជាខួបព្រះផ្នួស២១វស្សារបស់ ព្រះមហាធម្មាលង្ការោ ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​មានជាង៣០០នាក់​ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ព្រះពុទ្ធសាសនា​ គឺជាសាសនារបស់រដ្ឋ​ ហើយតែងទទួលបាននូវការជួយជ្រោមជ្រែងពីសំណាក់ថ្នាក់ដឹកនាំ​ និងពុទ្ធបរិស័ទ​ដែលជាពុទ្ធសាសនិកឧបត្ថម្ភ​គ្រប់ទិសទី​។ បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រទេសជាតិ មានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ​​ ទាំងពុទ្ធចក្រ​ អាណាចក្រ​ជាមួយនឹងកំណើនសេដ្ឋកិច្ចជាង៧% ក្នុង១ឆ្នាំៗ ភាព​ក្រីក្រ​ត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្វើឲ្យ​ប្រសើរ​ឡើងនៃកម្រិត​​ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ​ និងកសាងបានមកវិញនៅវត្តអារាម​សម្រាប់ពុទ្ធបរិសទ័គោរពបូជា​ និងជាឃ្លាំងផ្ទុកនូវវប្បធម៌ អរិយធម៌​ ជាទីជម្រកដល់ជនក្រីក្រកម្សត់ទុគ៌តគ្មានទីពឹ​ង​ ដែលរបបអាវខ្មៅបានបំផ្លាញដល់ឬសគល់។

ការកសាងនូវព្រះពុទ្ធបដិមាអង្គធំនាពេលនេះ​ គឺដើម្បីទុកជាសម្បត្តិសាធារណៈតម្កល់ទុកក្នុងព្រះពុទ្ធសាសនា​សម្រាប់ប្រជាពលរដ្ឋគោរពបូជា​ សុំសេចក្តីសុខសប្បាយតរៀងទៅ។

ក្នុងនាមជាពុទ្ធសាសនិក​ឧបត្ថម្ភមានសុទ្ធាជ្រះថ្លា នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបរិច្ចាគ​នូវបច្ច័យ​ អំណោយ​ និងថវិកា​ វេរប្រគេន​ និងចែកជូនរួមមាន​៖

*ទី១៖ ប្រគេនបច្ច័យកសាងវត្តប្រាសាទស្រះកណ្ដាល ហៅវត្តខ្ចាស់ ២០.០០០ដុល្លារ
*ទី២៖ យាយជី តាជី និងអ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបាន សារុង១ ថវិកា១ម៉ឺនរៀលផងដែរ៕