(ព្រះវិហារ)៖ ស្ថានីយ៍ផលិតទឹកពិសា «ភូមិយើង» របស់សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ ដែលសាងសង់អស់ថវិកាជិត៤ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមវត្តលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ស្ថានីយ៍ផលិតទឹកពិសា «ភូមិយើង» ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវត្រៀមលក្ខណៈ រកប្រភពទឹកសម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋនៅពេលជួបគ្រោះរាំងស្ងួត។

លោកបន្តថា នៅទូទាំងខេត្តព្រះវិហារ មកដល់ថ្ងៃនេះមិនទាន់ប្រឈម និងភាពរាំងស្ងួត ហើយកន្លែងខ្លះក៏មិនទាន់ប្រឈម និងការខ្វះទឹកប្រើប្រាស់នោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការរកប្រភពទឹកជូន ប្រជាពលរដ្ឋមិនឲ្យខ្វះនោះទេ។

លោក អ៊ុន ចាន់ដា ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ពីការរីកចម្រើនឥតឈប់ឈរបស់ប្រទេសជាតិយើង ពីមួយថ្ងៃទៅមួយថ្ងៃក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រសិនបើគ្មានវត្តមានសម្តេចតេជោទេ ប្រទេសយើងក៏គ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះដែរ។ កត្តានេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន គាំទ្រអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីការរីកចម្រើនរបស់ប្រទេសជាតិយើងតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់ របស់ក្រុមជនអគតិណាមួយឡើយ។

លោកអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាសហគមន៍ ត្រូវធ្វើការគាំទ្រចំពោះសហគមន៍ ព្រោះក្រៅពីការជួយលើកកម្ពស់ សុខភាពរបស់យើង គឺបានកាត់បន្ថយភាពក្រីក្រនៅក្នុងក្រុមគ្រួសារ បានមួយផ្នែកធំដែរ ហើយលោកក៏បានថ្លែងនូវការកោតសរសើរ ដល់អង្គការទស្សនពិភពលោក និងសហគមន៍ដែលបានបង្កើតស្ថានីយ៍ផលិតទឹកពិសា «ភូមិយើង» នេះឡើង ក្នុងគោលបំណងលើកកម្ពស់សុខាពជូនប្រជាពលរដ្ឋ៕