(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងនូវការអបអរសាទរជូនចំពោះ វៀតណាមដែលធ្វើជាម្ចាស់ផ្ទះទទួលការស្វាគមន៍ នូវជំនួបកំពូលលើកទី២ រវាង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលនេះ។

ការសម្តែងនូវការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong)​​ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្ត និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលមេដឹកនាំកំពូលវៀតណាម មកបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសកម្ពុជា។

នៅក្នុងជំនួបនោះ លោក Nguyen Phu Trong បានជម្រាបជូនសម្តេចតេជោថា នេះជាលើកទី១ ហើយ ដែលលោកបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្នុងឋានៈជាអគ្គលេខាធិការមជ្ឈឹមបក្សផង និងជាប្រមុខរដ្ឋវៀតណាម។

លោកបានបន្តថា ដំណើរទស្សនកិច្ចនេះ គឺលោកមានបំណងពង្រីក ពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ ហើយក៏ដើម្បីពិនិត្យមើលឡើងវិញរាល់អ្វីដែលបានព្រមព្រៀងកន្លងផងដែរ ឈរលើមូលដ្ឋាននេះ គឺដើម្បីពង្រីកទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពី។

សូមជម្រាបថា លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងពិសេស ទៅដល់ទឹកដីវៀតណាមហើយ នៅព្រឹក ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមគម្រោង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវចូលរួមកិច្ចប្រជុំ​កំពូលជាលើកទី២ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕