(ភ្នំពេញ)៖ ជាមគ្គុទ្ទេសក៍ទេសចរណ៍ជំនាញម្នាក់ នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត លោក​ ទុយ វណ្ណៈ បានប្រាប់ពីគន្លឹះពិសេសៗក្នុងការដើរកម្សាន្តលក្ខណៈផ្សងព្រេងតាមព្រៃភ្នំ នៅក្នុងសហគមន៍ទេសចរណ៍ជីផាត ពិសេសគឺដំណើរទេសចរណ៍ឆ្ពោះទៅកាន់កន្លែងតម្កល់មឈូសបុរាណ និងពាងបុរាណ នៅតំបន់ការពារបុរាណស្ថានភ្នំប៉ែល ដែលស្ថិតក្នុងតំបន់ភ្នំក្រវាញខាងត្បូង។

មគ្គុទ្ទេសក៍សហគមន៍រូបនេះ មានទីលំនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ផ្ទាល់តែម្ដង ហើយការងារជូនភ្ញៀវទេសចរដើរផ្សងព្រេងនេះ លោក វណ្ណៈ ធ្វើវាជាយូរឆ្នាំមកហើយ។

ក្នុងពេលនាំក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ឡើងទៅទស្សនា និងផ្ដិតយករូបភាពនៅទីតាំងតម្កល់មឈូសបុរាណ និងពាងបុរាណ ដែលមានអាយុកាលប្រមាណ៥០០ឆ្នាំ នៅតំបន់ការពារបុរាណស្ថានភ្នំប៉ែល នាពេលថ្មីៗនេះ លោក ទុយ វណ្ណៈ បានប្រាប់ថា សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តផ្សងព្រេងនៅតាមព្រៃភ្នំ នៃសហគមន៍អេកូទេសចរណ៍ជីផាត ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ព្រោះដំណើរផ្សងព្រេងនេះ ត្រូវ​ជួបប្រទះបញ្ហាដូចជាត្រូវធ្វើដំណើរតាមម៉ូតូឆ្លងកាត់ព្រៃភ្នំ ជ្រលងដងអូរ ផ្លូវតូចចង្អៀត និងរលាក់ រហូតដល់២២គីឡូម៉ែត្រ ទើបអាចទៅដល់ទីតាំងតម្កល់មឈូសបុរាណ និងពាងបុរាណ។

បុរសសម្បុរស្រអែម និងមានប្រជាប្រិយភាពរូបនេះ បានបន្តថា អ្វីដែលត្រូវត្រៀមសម្រាប់ការធ្វើដំណើរផ្សងព្រេងមួយនេះ មានដូចជាបាយម្ហូប ទឹកផឹកម្នាក់យ៉ាងតិច៣លីត្រ ស្បែកជើងប៉ាត់តា ខោជើងវែង និងអាវដៃវែងសម្រាប់ដើរឡើងភ្នំ ដើម្បីការពាការជាន់បន្លា និងការពារចំពោះសត្វល្អិតផ្សេងៗ និងត្រូវស្តាប់តាមអ្នកបើកបរម៉ូតូ ដើម្បីបញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗផងដែរ។

មួយវិញទៀត ដោយសារដំណើរផ្សងព្រេងនេះ ត្រូវឆ្លងកាត់ព្រៃភ្នំ ហើយនៅក្នុងតំបន់បុរាណស្ថានទៀត ដូចនេះអ្នកទេសចរមិនគួរនិយាយអ្វីផ្តេសផ្តាសនោះឡើយ។

សូមជម្រាបថា សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងចូលរួមថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ និងកន្លែងទេសចរណ៍វប្បធម៌ផងដែរ ហើយទីតាំង តម្កល់មឈូសបុរាណ និងពាងបុរាណ ដែលមានអាយុកាលប្រមាណ ៥០០ឆ្នាំ នៅតំបន់ការពារបុរាណស្ថានភ្នំប៉ែល ដែលស្ថិតក្នុងតំបន់ជួរភ្នំក្រវាញនេះ ក៏ជាកន្លែងទេសចរណ៍វប្បធម៌នេះ និងជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ របស់សហគមន៍អេកូទេសចរណ៍ជីផាតផងដែរ។

ដើម្បីគាស់កកាយតំបន់អេកូទេសចរណ៍មួយនេះ បង្ហាញឱ្យភ្ញៀវទេសចរកាន់តែស្គាល់ឱ្យបានច្រើននោះ ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានបើកប្រតិបត្តិការជាលើកទី៤ ចុះទៅរុករកកន្លែងទេសចរណ៍នានារយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ត្រូវបានបង្កើតឡើងដោយមានការសហការគ្នារវាងក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Mercedes-Benz ផ្ដាច់មុខនៅកម្ពុជា ជាមួយអង្គភាពព័ត៌មាន Fresh News និងសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com៕