(ព្រះសីហនុ)៖ ហេតុការណ៍ហិង្សាពេលចុះអនុវត្តន៍ដីការលើសំណុំរឿងដីធ្លីនៅក្នុងខេត្តព្រះសីហនុកាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីអាវុធហត្ថម្នាក់ និងយោធាម្នាក់ ដែលបានធាក់ និងយកកាំភ្លើងវាយប្រជាពលរដ្ឋ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈមន្ត្រីកងរាជអាវុធហត្ថមួយចំនួនទៀតត្រូវបានដាក់វិន័យ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងសន្និសីទព័ត៌មាននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក អេង ហ៉ី បានឲ្យដឹងថា ក្រោយ​ពេលកម្លាំងជំនាញចុះស្រាវជ្រាវល្អិនល្អន់រួចមក ក្រុមប្រឹក្សាវិន័យរបស់កង​រាជអាវុធ​ហត្ថលើផ្ទៃប្រទេស បានសម្រេចដាក់​វិន័យទៅលើមន្ត្រីកងរាជអាវុធហត្ថចំនួន ៥នាក់ រួមមាន៖

ទី១៖ លោកវរ​សេនីយ៍​ឯក ប៉ែន វិបុល ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ លោក អេង ហ៉ី បានលើកឡើងថា លោក ប៉ែន វិបុល មានកំហុសក្នុង​ការគ្រប់​គ្រង​បញ្ជាធ្វេសប្រហែសលើការបញ្ជាកងកម្លាំង ហើយមិនចាត់វិធានការនៅពេលឃើញមានអំពើហិង្សា ដែល​កម្លាំងកងរាជអាវុធហត្ថ និងយោធិន ភ្លាមៗទេ ព្រោះក្នុងនាមយើងជាមន្ត្រីប្រតិបត្តិច្បាប់ គឺត្រូវតែឃាត់ រាល់​សកម្មភាពប្រើហិង្សាទាំងឡាយ ដែលមន្ត្រីក្រោមឱវាទខ្លួនប្រព្រឹត្តខុសឆ្គង។ ផ្ទុយទៅវិញ លោក ប៉ែន វិបុល បែរជាមិនបានឃាត់នោះទេ។ រឿងនេះរូបគាត់ជាអ្នក​ទទួលទោស ដោយត្រូវ​ក្រុមប្រឹក្សា​វិន័យ ចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មវិន័យពាក់ព័ន្ធ​ការធ្វើ «ការបន្ទោស​ដោយលក្ខខណ្ឌអក្សរ»។

ទី២៖ លោកព្រឹន្ទ​បាលទោ សុខ ធារិទ្ធ សមាជិកកងរាជអាវុធហត្ថ នៅខេត្តព្រះសីហនុ។ លោក សុខ ធារិទ្ធ ជាអ្នកឃើញ​នៅក្នុងរូបភាព ដែលធាក់បុគ្គលម្នាក់ទាំងដៃជាប់ចំណង។ អ៊ីចឹងកំហុស​គាត់ គឺប្រើហិង្សា​ក្នុងពេលប្រតិបត្តិការ ហើយត្រូវ​ដាក់វិន័យ គឺផ្អាកតំណែងក្នុងជំហានដំបូងចាប់តាំងពីថ្ងៃប្រព្រឹត្ត។ ជំហានបន្ទាប់​នឹងប្តឹង​ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី។ ប៉ុន្តែចំណុចនេះ លោក អេង ហ៉ី បញ្ជាក់ថា រឿងតុលាការឃុំខ្លួន ឬបែប​ណានោះ ជាសិទ្ធសម្រេចរបស់តុលាការផុតដៃសមត្ថកិច្ចកងរាជអាវុធហត្ថ។

ទី៣៖ លោក ពុធ ចាន់ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក ពុធ ចាន់ មិនបានប្រើហិង្សាទេ ប៉ុន្តែគាត់នៅ​ជាប់​កន្លែងកើតហេតុមានហិង្សា​ហ្នឹងដែរ។ ហើយក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ រូបគាត់ ក៏​បានឃើញសកម្មភាព​ហិង្សា​ផ្ទាល់ភ្នែកហើយ បែរជាមិនឃាត់ខ្លួនបុគ្គលដែលប្រើហិង្សានោះ គឺទទួលវិន័យ​ជាលាយលក្ខណ៍អក្សរ។

ទី៤៖ លោក សេក កុម្ភៈ ជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក សេក កុម្ភៈ មិនគោរពបទបញ្ជា ដោយធ្វើ​ការ​ផ្ទុះអាវុធម៉ាកអាកា ហើយបានបាញ់ឡើងលើចំនួន៤គ្រាប់ គឺត្រូវទទួលវិន័យជាលាយលក្ខណ៍អក្សរ។

​ទី៥៖ លោក ស៊ឹម វាសនា ជាជំនួយការការិយាល័យ និងជាសមាជិកកងរាជអាវុធហត្ថនៅខេត្តព្រះសីហនុ។ លោក សឹម វាសនា ​ក៏​មិនគោរពដោយជាក់លាក់នូវបទបញ្ជា ហើយបានផ្ទុះអាវុធខ្លីម៉ាកសេអេស៩៨ ដោយបាញ់ឡើង​លើ​ចំនួន​២គ្រាប់។

​លោក អេង ហ៉ី បាន​ឲ្យដឹងថា ក្នុងប្រតិបត្តិការចូលរួមអនុវត្តសាលដីកាតុលាការកំពូល កាលពី​ថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ គឺមានកងកម្លាំងរាជអាវុធហត្ថ ១០០នាក់ ហើយមានអាវុធវែង ១០ដើម និង​មាន​អាវុធខ្លី ៦ដើម។

ក្នុងសន្និសីទនេះលោក អេង ហ៉ី បានថ្លែងអះអាង​ថា គ្រាប់កាំភ្លើងដែលបាញ់ត្រូវជនរងគ្រោះ មិនមែន​បាញ់ចេញពីកាណុង​កាំភ្លើងរបស់កម្លាំង​កង​រាជ​អាវុធហត្ថខេត្តព្រះសីហនុ​នោះទេ។ លោកបានគូសបញ្ជាក់ថា ក្បាលគ្រាប់ ដែល​បាញ់​ត្រូវជនរងគ្រោះជាប្រភេទអាវុធខ្លីម៉ាក​កា៥៩ ហើយចុងគ្រាប់ ដែលបាន​វះយកចេញពី​ខ្លួន​ជនរងគ្រោះជាប្រភេទចុងគ្រាប់កែច្នៃ។ ចំណែកអាវុធខ្លីចំនួន ៦ដើម របស់កងរាជអាវុធហត្ថនៅពេលកម្លាំងជំនាញបានយកទៅបាញ់ធ្វើតេស្តរកក្បាលគ្រាប់ និងបានយកក្បាល​គ្រាប់ទៅ​កោ​សល្យ​វិច័យ គឺពុំមានលក្ខណៈដូចគ្នានឹងក្បាលគ្រាប់ ដែលបាញ់ត្រូវជនរងគ្រោះនោះទេ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា «ក្រុមប្រឹក្សាវិន័យ បានដាក់ទណ្ឌកម្មមន្ត្រីអាវុធហត្ថចំនួន ៥នាក់ ក្នុងនោះមានលោក សុខ ធារិទ្ធ ត្រូវ​កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ដោយសារគាត់​បាន​ប្រើ​ហិង្សា ទៅលើប្រជាពលរដ្ឋម្នាក់ ដែល​ចង​ដៃទាំងពីរទៅក្រោយខ្នង ឬចងស្លាប​សេកដេកពោបលើដី​។ ចំណែក​យោធាមួយរូបទៀត ដែលយកអាវុធអាកាបត់ ទៅវាយសំពង​បុរស​ម្នាក់ នៅក្នុងពេល​មានហិង្សា​នោះ​ដែរ ក៏​ត្រូវ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសដូចគ្នា​។ ជនសង្ស័យ​ទាំងពីរ​នាក់​ខាង​លើ​នេះ គឺកំពុងស្ថិតក្នុងការគ្រប់គ្រង របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ»

​លោក អេង ហ៉ី បានឲ្យដឹងដែរថា ​​ជនរងគ្រោះដែលត្រូវគ្រាប់កាំភ្លើង ហើយកំពុងសម្រាកព្យាបាលជំងឺនៅ​មន្ទីរពេទ្យនោះ ពេលនេះបានធូរស្បើយខ្លះៗហើយ ប៉ុន្តែអវៈយវៈផ្នែកខាងក្រោម របស់ជនរងគ្រោះ​មិនទាន់​អាច​ធ្វើចលនាបានទេ ហើយ​ក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់ក្នុងការព្យាបាលជនរងគ្រោះ។

ដោយយោងតាមចម្លើយសារភាពរបស់មន្ត្រីអាវុធហត្ថ និងយោធាដែលប្រើហិង្សាលើប្រជាពលរដ្ឋរងគ្រោះ ​លោក អេង ហ៉ី បានបញ្ជាក់ថា ការប្រើហិង្សានោះដោយសារពួកគេមានកំហឹងខ្លាំង​ចំពោះប្រជាពលរដ្ឋបាន​បាញ់ចម្ពាមកៅស៊ូ និងគប់ដុំថ្មត្រូវចំពួកគេ ទើប​​បានប្រើអំពើហិង្សាតប​ទៅទៅ​វិញ​តែម្តង។

ក្នុងសន្និសីទកាសែតព្រឹកមិញនេះ លោក អេង ហ៉ី ​ក៏បាន​សុំទោសជាសាធារណៈជំនួសឲ្យមន្ត្រីអាវុធហត្ថ និងយោ​ធា ជូនចំពោះជនរងគ្រោះ ដែលបានប្រព្រឹត្តសកម្មភាពមិនគប្បី និងខុសវិន័យ របស់​កង​កម្លាំង​។

លោកបន្តថា ជាបន្តបន្ទាប់មកនេះ កងកម្លាំងទាំងអស់ បានឆ្លងកាត់ការអប់រំជាច្រើន​ ជាពិសេស​រូប​លោក និងក្រុមការងារ ក៏បានចុះអប់រំផ្ទាល់នៅទូទាំងប្រទេស ​ដោយបានណែនាំដល់ពួកគាត់ត្រូវ​យកតួ​នាទី ទៅ​បម្រើប្រជាជន ឬប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ ហើយត្រូវ​ចាត់ទុកប្រជាជនជាម្ចាស់ ព្រោះ​ដោយ​សារតែ​ប្រជា​ពលរដ្ឋជាអ្នកបង់ពន្ធជូនរដ្ឋ ដើម្បី​បានលុយយកមកបើកប្រាក់ខែ​ឲ្យកង​កម្លាំង​​ជារៀង​រាល់ខែ​។ ដូច្នេះ​មន្ត្រីអាវុធហត្ថត្រូវតែបម្រើពលរដ្ឋឲ្យបានល្អ។

សូមរំលឹក​ថា​​ កាលពីថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កម្លាំងចម្រុះខេត្តព្រះសីហនុ រួមមានកម្លាំងនគរបាល កម្លាំង​កងរាជអាវុធហត្ថ និងកម្លាំងយោធា បាន​ចូលរួមអនុវត្តសាលដីការបស់​តុលាការកំពូលទាក់ព័ន្ធករណីដីធ្លី មាន​ទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានទីតាំងជាប់របងវត្តអូរត្រេះ ឬតំបន់ពយម៉ាចូវ ចុងឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។ អំឡុងពេលនោះ ក៏មានការប្រឈមដាក់គ្នារវាងកម្លាំងសមត្ថកិច្ចចម្រុះ ជាមួយ​ប្រជាពលរដ្ឋ ដែលប្រមូលផ្តុំគ្នាតវ៉ាលើករណីវិវាទដីធ្លី នៅតំបន់នោះ។ បន្តបន្ទាប់មកក៏បាន​កើតមាន​អំពើ​ហិង្សា និងឈានដល់កម្លាំងចម្រុះផ្ទុះអាវុធ ហើយមានប្រជាពលរដ្ឋម្នាក់រងរបួសធ្ងន់៕​