(ភ្នំពេញ)៖ Facebook របស់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack កាលពីព្រឹកមិញនោះ នៅពេលនេះក្រុមការងារបច្ចេកទេស បានសហការជាមួយក្រុមហ៊ុន Facebook បានយកមកគ្រប់គ្រងវិញហើយ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោក ដួង តារា ប្រធានក្រុមការងារ Facebook សម្ដេចតេជោ ហ៊ុន សែន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិចនារសៀលថ្ងៃនេះថា នៅពេលនេះ គិតត្រឹមម៉ោង៤រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានយកមកគ្រប់គ្រងវិញទាំងស្រុង​ហើយ (Full Control) ​ក្រោយក្រុមការងារ សហការជាមួយក្រុម​ហ៊ុន Facebook ​កម្ទាត់ចោលក្រុម Hacker ​ដែលបានចូលសម្ងំគ្រប់គ្រងអស់រយៈពេលប៉ុន្មាននាទី។

ប្រធានក្រុមការងារ Facebook របស់សម្ដេចតេជោ ហ៊ុន សែន ដដែលរូបនេះបានបញ្ជាក់ទៀតថា ក្រោយពីកម្ទាត់ក្រុម Hacker ចេញវិញហើយនោះ ​ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Facebook កំពុងធ្វើការរួមគ្នា ដើម្បីទាញយកទិន្នន័យដែលបានបាត់បង់ ដោយសារក្រុម Hacker។ ដោយឡែកក្រុមអ្នកបច្ចេកទេស ក៏កំពុងតែធ្វើការស្រាវជ្រាវរកប្រភពរបស់ក្រុម Hacker ថាតើមានប្រភពចេញពីប្រទេសណា?។

នៅពេលម៉ោងប្រមាណ១២ថ្ងៃត្រង់ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា Facebook របស់សម្តេចត្រូវជនអនាមិក Hack ហើយលុបទិន្នន័យមួយចំនួន។ សារដែលបង្ហោះនៅលើ Facebook ដែលមានខ្លឹមសារថា «ក្រុមហ៊ុន ហ្វេសប៊ុក បានលុបនិងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា "បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។ មិនមែនរបស់សម្តេចតេជោ ហ៊ុន សែន របស់នោះទេ ជាសាររបស់ក្រុម Hacker ដែលសរសេរបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គមតែប៉ុណ្ណោះ៕