(ភ្នំពេញ)៖ ​នៅទីបំផុតស្ថាបនិកវ័យក្មេង លោក​ឧកញ៉ា ស្រី ចាន់ថន ធ្វើបានហើយ​ក្នុងការអភិវឌ្ឍ កែច្នៃតំបន់វិហារសួគ៌ដែលជាអតីតសមរភូមិបង្ហូរឈាម ក្លាយជាតំបន់ទេសចរណ៍ស្អាត រមណីយដ្ឋានស្អាត បរិស្ថានស្អាត សេវាល្អ រហូលទទួលបានជ័យលាភីពានរង្វាន់ចំណាត់ថ្នាក់លេខ​១ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា សម្រាប់ធុរកិច្ចបៃតង។

ការប្រគល់ពានរង្វាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេច​តេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិ ទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្តទៅ​នៅសណ្ឋាគារ​រ៉េស៊ីដង់ សុខា​ភ្នំពេញ។

ក្នុងឱកាសនោះ ​សម្តេច​តេជោ ហ៊ុន សែន បានផ្តល់កិត្តិយស ផ្តល់ជូននូវពានរង្វាន់ពិសេស «រង្វាន់សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៧ ឆ្នាំ២០១៨-២០១៩ ​ជូន​ដល់​លោក​ឧកញ៉ា ស្រី ចាន់ថន អគ្គនាយក រមណីយដ្ឋានស្កាយលែន។

សូមជម្រាបថា ការប្រារព្ធទិវានេះ​ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ​ ការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈ ប្រកបដោយបដិសណ្ឋារកិច្ចល្អ ពោលគឺជាទីកន្លែងដែល អាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់៕​​