(ឧត្ដរមានជ័យ)៖ ដោយមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ជាខ្លាំង ទៅលើប្រជាពលរដ្ឋមានផលវិបាក និងកង្វះទឹកប្រើប្រាស់ពីសំណាក់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក ញឺន គួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្ដរមានជ័យ ចុះទៅពិនិត្យជាក់ស្ដែង ដើម្បីឆ្លើយតបចំពោះប្រជាពលរដ្ឋចំនួន៣ភូមិ បានស្នើឲ្យជួយកសាងទំនប់បិទទឹក នៅអូរំចេក ក្នុងភូមិរំចេក ឃុំស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ។

លោក ញឺន គួន បានឲ្យដឹង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ដោយសារតែមានការយកចិត្តទុកដាក់ខ្ពស់ អំពីទុក្ខកង្វល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋជាខ្លាំង ពីសំណាក់រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជារូបលោកចុះទៅពិនិត្យ និងសិក្សាលទ្ធភាព និងរាយរបាយការណ៍ទៅថ្នាក់លើ ដើម្បីឆ្លើយតបតម្រូវប្រជាពលរដ្ឋ។

លោក ញ៉ឺន គួន បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានស្នើសុំឲ្យជួយកសាងទំនប់ទឹកនោះមានចំនួន ៣ភូមិ ទី១៖ ភូមិរំចេក, ទី២៖ ភូមិរំចេកខាងកើត, និងទី៣៖ មិរំចេកខាងលិច ដែលមានប្រជាពលរដ្ឋសរុបចំនួន៦៣២គ្រួសារ ស្មើនឹង២,៨៥៧នាក់។ ប្រជាពលរដ្ឋទាំង៣ ភូមិខាងលើនេះ មានការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលពួកគាត់ស្នើទៅលោក លឹម គានហោ ឲ្យជួយកសាងទំនប់ទឹក ដើម្បីបានទឹកប្រើប្រាស់ទៅតាមតម្រូវការជូនដល់ពួកគាត់ ដោយបានឃើញលោក ញ៉ឺន គួន ចុះសិក្សាលទ្ធភាព និងរាយការណ៍ជូនទៅថ្នាក់លើវិញ ដើម្បីឆ្លើយតបទៅតាមតម្រូវការចាំបាច់របស់ពួកគាត់ ដែលខ្វះមិនបានផងដែរ។

ក្នុងនោះដែរ ប្រជាពលរដ្ឋមានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា មន្ត្រីជំនាញ និងមិនទុកបណ្ដែតបណ្ដោយ ឲ្យពួកគាត់រងទុកដោយសារតែខ្វះទឹកប្រើប្រាស់តទៅទៀតនោះទេ ពីទុក្ខលំបាករបស់ពួកគាត់ហើយនោះ និងបានឆ្លើយតបទៅតាមតម្រូវការ របស់ពួកគាត់ជាក់ជាមិនខាន៕