(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្តទាំង២៥ និងប្រតិបត្តិការលើវិស័យទេសចរណ៍ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ដើម្បីបានទីក្រុងស្អាត គឺត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាផ្នែកមួយមិនអាចខ្វះបាន ហើយមិនត្រូវពឹងផ្អែកទៅលើតែអ្នកបោសសម្អាត ធ្វើតែឯកឯងនោះទេ។

ការមានប្រសាសន៍បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពការប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសណ្ឋាសុខាភ្នំពេញ។

ប្រមុននៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ក្រៅពីនេះខ្ញុំសូមឆ្លៀតបកមកវិស័យទេសចរណ៍ ដែលក្នុងនោះខ្ញុំនៅតែបន្តការ លើកទឹកចិត្ត នឹងដាក់ចេញនូវបទបញ្ជាចង់ឱ្យមានទីក្រុងស្អាត ដើម្បីជាការធានាទៅដល់សុវត្ថិភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងភាពស្អាតអនាម័យក្នុងប្រទេសរបស់យើងផង គឺបញ្ហាវាស្ថិតនៅលើខ្លួនយើងនេះឯង គឺយើងទាំងអស់គ្នារួមគ្នាធ្វើអនាម័យ [...] បើមិនដូច្នេះទេ តើមនុស្សប៉ុន្មានលាននាក់ មកកម្សាន្តសប្បាយ ហើយបោះបង់ចោលនូវអ្វីដែលខ្លួនបានទទួលទាន ឬប្រើប្រាស់រួចហើយមិនដាក់នៅ ក្នុងធុងសំរាមដែលមានរួចស្រេច ហើយទុកឱ្យងអ្នកបោសស្អាតតែប៉ុន្មានរយ ប៉ុន្មានពាន់នាក់ តើបោះសម្អាតឈ្នះទេ ចំណុចនេះ ជាចំណុចដែលខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ទាំងអស់គ្នា»

ត្រង់ន័យនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើចង់ឱ្យភូមិ-ឃុំ-សង្កាត់-ក្រុងរបស់យើងទាំងអស់ គ្នាមានសោភ័ណភាព និងសម្រស់ស្រស់ស្អាត ព្រមទាំងផ្លូវថ្នល់ ចិញ្ចើមថ្នល់មានសោភ័ណភាព និងស្រស់ស្អាត ប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវនាំគ្នាខិតខំធ្វើសកម្មភាពសម្អាតបរិស្ថានទាំងអស់គ្នា ដោយមិនអាចពឹងផ្អែកលើក្រុមអ្នកបោសសម្អាតបរិស្ថាន និងក្រុមអ្នកយកសំរាម ដែលមានគ្នាបន្តិចបន្តួចនោះទេ ហើយអ្នកយកសំរាម គឺពួកគាត់ត្រូវតែយកសំរាមទាំងនោះ ប៉ុន្តែត្រូវតែយកសំរាមដែលនៅក្នុងធុងសំរាម និងមិនមែនដើរទៅយកសំរាមរបស់ជនទាំងឡាយបោះចោលនៅតាមដងផ្លូវនោះទេ។

ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍បន្ថែមថា ចំពោះបញ្ហានេះមានប្រជាពលរដ្ឋយើងមួយចំនួននាំគ្នារិះគន់ទៅអាជ្ញាធរថា ទីក្រុងរបស់យើងមិនសូវស្អាត ប៉ុន្តែអ្នកដែលនិយាយថាទីក្រុងមិនសូវស្អាត បែរជានាំគ្នាបោះចោលសំរាម បោះចោលថង់ផ្លាស្ទិច ដែលជារឿងមិនគួរគម្បីនោះទេ។ ដូច្នេះដើម្បីធ្វើឱ្យចលនាទីក្រុងស្អាត ទីក្រុងដែលធានាសុវត្ថិភាព ទីក្រុងផ្តល់នូវសុខមាលភាព គឺមានតែយើងទាំងអស់គ្នា បង្កើតជាចលនាជាតិមួយ គឺចាប់ផ្តើមពីក្មេងទើបដឹងក្តី រហូតដល់មនុស្សធំពេញវ័យ ដើម្បីចូលរួមចំណែកទាំងអស់គ្នា រក្សាបរិស្ថាន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ទៀតថា តាមរយៈទីក្រុងស្អាតសេវាល្អ និងមានសុខមាលភាព កម្ពុជាក៏អាចទាក់ទាញ ភ្ញៀវទេសចរណ៍ មកទស្សនាកម្សាន្តនៅក្នុងប្រទេសរបស់យើងកាន់តែច្រើនឡើងផងដែរ។ ព្រមទាំងមិនភ័យខ្លាចចំពោះជំងឺឆ្លង ណាមួយដែលកើតឡើងនៅប្រទេសកម្ពុជាត្រឡប់ទៅប្រទេសខ្លួននោះដែរ៕