(បន្ទាយមានជ័យ​)៖ ថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះ​ ជាថ្ងៃ​គម្រប់ខួបកំណើត៦៣ឆ្នាំ​ ឈានចូល៦៤ឆ្នាំ​ ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ​តំណាងរាស្រ្ត​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី​ បានធ្វើបុណ្យដាក់ទានជូនលោកតា​ លោកយាយ​ និងប្រជាពលរដ្ឋ ចំនួន​ជាង៥០០នាក់​ នៅស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​​។

ក្នុងឱកាសនោះ​ លោក​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិមាន សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី,​ សម្ដេច​ពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា និង​​សម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​។

ឧបនាយករដ្ឋមន្ដ្រី កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយលើកឡើងពីអនុស្សាវរីយ៍​នានា​ដែលបានតស៊ូជាមួយគ្នា ក្នុងសម័យកាលកន្លងពិសេសសម័យសង្រ្គាម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ​ ទោះជារបបនេះ បានរសាត់ទៅ៤០ឆ្នាំកន្លងទៅក្តី​ តែភាពឈឺចាប់​សោកសង្រេង នៃការនិរាសន៍ព្រាត់ប្រាស់គ្រួសារ​ បងប្អូន​ ញាតិមិត្តហាក់នៅថ្មីៗ ក្នុងអារម្មណ៍​នៅឡើយ​។

ជាមួយនឹងអនុស្សាវរីយ៍ដ៏ជូរចត់នេះ​ ​លោក​ កែ​ គឹមយ៉ាន​ បានបញ្ជាក់ថា​ ក្រោមការដឹកនាំរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ របបបអាវខ្មៅត្រូវបានរលំរលាយ​ ហើយអ្វីៗត្រូវចាប់ផ្ដើម​ពីចំណុចសូន្យ​ ប្រែក្លាយនាវាកម្ពុជាដ៏កំសត់មួយនេះ ទៅជាប្រទេសដែលមានកិត្តិយសស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេស​ផ្សេងៗ​។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានកែលម្អពីមួយឆ្នាំ ទៅមួយឆ្នាំ​ តាមរយៈការទាក់ទាញ​អ្នកវិនិយោគ​មកបណ្តាក់ទុនរកស៊ី​ និងការខិតខំបណ្តុះបណ្តាល ធនធានមនុស្សដោយដាក់ពង្រាយសាលារៀនដល់ផ្ទះប្រជាពលរដ្ឋ បង្កការងាយស្រួលដល់កូនចៅ​បានរៀនសូត្រ ​មានចំណេះដឹង និងចូលរួមកសាងមាតុភូមិ ឲ្យរីកចម្រើនបានឆាប់រហ័ស​ ។

ឧបនាយករដ្ឋមន្ដ្រី​ កែ​ គឹមយ៉ាន​ និងលោកស្រី​ ម៉ៅ​ ម៉ាល័យ​ កែ​​គឹមយ៉ាន​ បានបរិច្ចាកជាទេយ្យទាន​ ទេយ្យវត្ថុ​ បច្ច័យ​ប្រគេន​ដល់ព្រះសង្ឃ​ និងចែកអំណោយ ដល់លោកតា​ លោកយាយ​ ប្រជាលរដ្ឋ​ រូមមា​ន ប្រគេនបច្ច័យកសាងវត្ត ១០,០០០ដុល្លារ, ចាក់បេតុងតាមមាត់ស្ទឹង ចំនួន៤០០ម៉ែត្រ និងបំពាក់អំពូលបំភ្លឺ ដើរដោយថាមពលពន្លឺព្រះអាទិត្យ, កសាងអគារសិក្សាបឋមសិក្សាផ្គាំ១ខ្នង មាន៥បន្ទប់​, កសាងអគារសិក្សាបឋមសិក្សា ស្វាយចេក១ខ្នង មាន៥បន្ទប់, កសាងអគារទីចាត់ការអនុវិទ្យាល័យ ទ្រាស១ខ្នង, ​សាលាស្រុកសា្វយចេក ១លានរៀល, ​​នគរបាលស្រុក​៥០ម៉ឺនរៀល, ​កងរាជអាវុធហ្ថតស្រុក ៥០ម៉ឺនរៀល និងលោកតា​ លោកយាយ​ និងប្រជាពលរដ្ឋចំនួនជាង៥០០នាក់ផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការប្រារព្ធខួបកំណើតគម្រប់​៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ​របស់ លោក​ កែ​ គឹមយ៉ាន មហាគ្រួសារ​អ្នកបន្ទាយមានជ័យ សូមជូនពរ​លោក​ និងលោកស្រី​ បុត្រា​ បុត្រី​ ចៅប្រុសស្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល បន្តដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕