(ភ្នំពេញ​)​៖​ ជនជាតិ​ចិន​ស្រវឹង​ស្រា​ បើក​រថយន្ត​លឿន​រេ​ចង្កូត ​ទៅ​បុក​រះ​រទេះ​លក់​គុយទាវ ​និង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ នៅម៉ោង​ជាង​២យប់​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​ចិន​មួយ​ក្រុម ​មាន​ប្រុស​ស្រី​ចំនួន​៤នាក់​ ស្រវឹង​ស្រា​ជោគជាំ​ បាន​បើក​រថយន្ត​មួយ​គ្រឿង​ ម៉ាក ​Highlander ​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AP-8199​ ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​រថយន្ត​បាន​រេ​ចង្កូត​ងាកមក​ស្ដាំ​ដៃ​ ជ្រុល​ទៅ​បុករះ​រទេះ​លក់​គុយទាវ​ របង​ផ្ទះ​ប្រជាពលរដ្ឋ និង​រថយន្ត​មួយ​គ្រឿង​ទៀត ​ម៉ាក ​Lexus LX470 ពណ៌​ស្ករ​ពាក់​ស្លាក​ភ្នំពេញ​ 2AK-0055 បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​មាន​នរណា​ម្នាក់​រង​គ្រោះថ្នាក់​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ ភាគី​រថយន្ត​បង្ក​ខាង​លើ​បាន​ចុះ​មក​​​ដោះស្រាយ​សង​សំណង ​ទៅ​ឲ្យ​ភាគី​ខាង​ម្ចាស់​ផ្ទះ ​និង​ម្ចាស់​រទេះ​គុយទាវ​គិត​​ជា​ទឹក​ប្រាក់​អស់​ចំនួន​​៨០០០ដុល្លារ​អាមេរិក ​ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​តែ​ម្ដង​៕