(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រេីសជាតិយុវជនអាយុក្រោម​ ២២ឆ្នាំកម្ពុជា​ បានខកខានឡេីងវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម​ U22 ឥណ្ឌូនេស៊ី​ ក្រោយចាញ់ក្រុមភ្ញៀវ​ U22 ថៃដោយបាល់ប៉េណាល់ទីកាត់សេចក្តី​ ៣-៥​ នៅពហុកីឡដ្ឋានជាតិក្នុងវគ្គ៤ក្រុមចុងក្រោយ

ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U22 Championship 2019 រវាងក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា និងក្រុមការពារតំណែងជើងឯក U22 ថៃ បានបញ្ចប់ការប្រកួត ៩០នាទី(២តង់)​ តែពុំមានការស៊ុតបំប៉ោងសំណាញ់ទីគ្នានោះទេ ដោយរក្សាលទ្ធផល ០-០ ។

សម្រាប់ជំនួបដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់យុវជនប្រចាំតំបន់អាស៊ាននេះ ទោះបីមិនមានរបូតគ្រាប់បាល់ក្ដី ប៉ុន្ដែក្រុមទាំងពីរ សុទ្ធតែធ្វើបានល្អរៀងៗខ្លួន ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលបង្កើតឱកាសក្នុងប្រអប់គ្រោះថ្នាក់ ធ្វើឲ្យក្រុមដំរីសឹកថៃ បុកពោះជាច្រើនលើក និងក្រុមថៃស៊ុតចំរបារទីដល់ទៅ៣លេីកតែយ៉ាងណាការកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង​ មុនឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី​ ខណកម្ពុជាទាត់ចូល៣គ្រាប់​ និងថៃទាត់ចូល​ ៥គ្រាប់ពេញតែម្តង

ក្រុម​ U22 ថៃត្រូវឡេីងទៅប៉ះក្រុម​ U22 ឥណ្ឌូនេស៊ី ដែលបានឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រមុន បន្ទាប់ពីទម្លាក់ក្រុម U22 វៀតណាម ១-០ នារសៀលថ្ងៃអាទិត្យ​ ទី២៤​ ខែកុម្ភះ​ ដោយវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ៕