(ក្រចេះ)៖ ប្រតិ​បត្ត​ការ​ចុះ​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​ខុស​ច្បាប់ របស់អនុគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ (អាជីវកម្មរ៉ែអនាធិបតេយ្យ) ដឹកនាំដោយលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ ក្រោមការសម្របសម្រួលពីលោក ជា សុ​ភក្ត្រ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្ត​ និងលោក សុខ គិរីរតន៍ ប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត ព្រមទាំងកងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ​​ធ្វើ​ឡើង​​រយៈពេល៣ថ្ងៃជាប់គ្នា ត្រូវបានបញ្ចប់ជាស្ថាពរនៅ​ល្ងាចថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅ​ចំណុចភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ប្រ​តិ​បត្តិ​ការនេះគេសង្កេត​ឃើញ​ថា អាជ្ញាធរ​ជំនាញ​ចុះ​មាន​វិធានការ​ធ្ងន់ធ្ងរ ​​ដល់ទី​តាំង​រណ្តៅ​រ៉ែ​ខុសច្បាប់​ទាំង​នោះ​ជាង​កាលពី​លើក​មុន​។

លោក សុខ គី​រី​រតន៍ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បានបញ្ជាក់ថា វិធាន​ការ​លើក​នេះ គឺ​អាជ្ញាធរ​បាន​សម្រេច​កម្ទេច​ចោល​នូវ​រោង​សិប្បកម្ម​តូច​ធំ ​ចូល​ទៅ​ក្នុងរណ្តៅ​ និង​បាន​កាយ​ដី​លុប​រណ្តៅ​ទាំងនោះ​​ចោល​តែ​ម្តង​។ លោកថា ​មាន​រណ្តៅ​រ៉ែ​មាសធំ​ៗ​ជិត​១០​រណ្តៅ ត្រូវ​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី​លុប រីឯ​រណ្តៅ​តូច​ៗ ​ត្រូវ​បាន​ហៅ​ម្ចាស់​មក ធ្វើ​កិច្ចសន្យា​អប់រំឲ្យបញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​បន្ត​ទៀត​។

ប្រធានមន្ទីររូបនេះ បានអះអាងថា ដោយលទ្ធផល អាជ្ញាធរបានលុបរណ្តៅរ៉ែចោលទាំងស្រុងបាន​០៨​រណ្តៅ, ឈូសពង្រាបស្រះតូចៗ ដែលគេរក្សាទឹកទុក ធ្វើសកម្មភាពកិនដី និងថ្មរ៉ែបាន​១២​ស្រះ, ឈូសពង្រាបពុំនូកដីតូចចោល បាន​២០ពុំនូក និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពអនាធិបតេយ្យ និងរុះរើឧបករណ៍ សម្ភារផ្សេងៗ​ចេញពីទីតាំងក្នុងរយៈពេល​១សប្តាហ៍។

ទោះបី​ជា​បែប​ណា សកម្មភាព​របស់​សមត្ថកិច្ច​ដែល​តែងតែ​ចុះ​បង្ក្រាប​លើ​ទីតាំង​រ៉ែ​មាសជា​ច្រើន ​លើក​ច្រើន​សារ ក៏​ត្រូវ​គេ​មើលឃើញ​ថា​ គឺ​ហាក់​មិនទទួល​ល​ទ្ធ​​ផល​ជា​វិជ្ជមានសោះ​​។ ដោយសារ​ទីតាំង​រ៉ែ​នៅ​តំបន់​នោះ ត្រូវ​បាន​គេ​និយាយ​ថា បាន​កើត​មាន​ជា​យូរយា​ណាស់​មក​ហើយ​ គឺ​តាំងពី​មុន ​និង​ក្រុមហ៊ុន​ចិន​មក​វិនិយោគ​ម្ល៉េះ៕