​(ភ្នំពេញ)៖ បើ​និយាយ​ពី​កិច្ច​ជំនួប​កំ​ពូលជា​​លើក​ទី២ រវាង​ប្រធានាធិបតី​អាមេរិក​ ​លោក ដូ​ណាល់ ត្រំា និង​ប្រមុខ​ដឹក​នំា​កូរ៉េខាង​ជើង​ លោក គីម ជុងអ៊ុន​ ដែល​នឹង​ប្រព្រឹត្ដនៅទីក្រុង​ហាណួយ ប្រទេស​​ វៀត​​ណាម​​ចាប់​ពី​ថ្ងៃទី​២៧-២៨​ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ​ ​​ចំពោះ​អ្វី​ដែលពិភពលោក ពិសេស​​​បងប្អូន​កូរ៉េទំាង​ពីរចង់​ឃើញ ចង់​ដឹង​ ចង់បាន​​​ ជា​ចម្បងបំផុតនោះ​​​​​គឺការមិនចង់ឮ​ពាក្យ ​«ឆ្ងាយហួស​ពី​ជើង​មេឃ​» រវាង​បងប្អូន​​​ទំាង​ពីរ​នេះ​ឯង​​។ តើ​ត្រំា និងគីម​ អាចធ្វើ​ឲ្យបងប្អូន​​​កូរ៉េ​ទំាង​ពីរ​ឈប់ឮ​ពាក្យ​​​ «ឆ្ងាយ​ហួស​ពីជើង​មេឃ​» បានដែរឬទេ?

​​អ្នក​ជំនាញ​អារ្យធម៌​ខ្មែរ លោក រត្ន័ សណ្ដាប់ បាន​ថ្លែង​​ថា​បើ​និយាយការ​រស់រវាង​​​ជន​ជាតិកូរ៉េទំាង​ពីរ​សព្វថ្ងៃនេះ ដែល​រស់​ក្នុងនាម​ជា​​​​ពូជ​សាសន៍តែមួយ សាច់សា​លោហិត​តែមួយ គឺមិន​ខុស​ពី​​ខ្មែរយើង​នា​​សម័យខ្មែរក្រហម ដែល​យើង​តែងពោលថា «ឆ្ងាយហួសពី​​ជើងមេឃ» នោះ​ទេ​ ​។ ​ដោយ​ហេតុនេះ​​​អំពីកិច្ចជំនួបកំពូល​​នេះ ​ចំពោះ​គោលបំណងដ៏ចម្បងបំផុតរបស់​បងប្អូន​កូរ៉េ​ទំាង​ពីរ​ដែល​ចង់​ដឹង ចង់​បាន និងរងចំាទះ​ដៃសាទរយ៉ាងអន្ទះសា​នោះ​ ថា​តើកិច្ចជំនួបកំពូលនេះអាច​ឲ្យ​ពួកគេ​ឈប់​ឮពាក្យ ​«​ឆ្ងាយ​ហួសពីជើង​មេឃ» នេះ​ឯង? ​

បានន័យថា​​អ្វី​ដែលបងប្អូនកូរ៉េ​ទំាង​ពីរនេះ​​ ​កំពុងទន្ទឹមរងចំា​លទ្ធផល​​នោះ​​​ គឺការចង់​ឃើញ​​ដល់​ការ​រួបរួម​រវាង​ប្រទេស​កូរ៉េ​ទំាង​ពីរ​នេះ​ឯង​​។ ​​ពី​ព្រោះមនុស្សយើង​ ​គឺ​គ្មាន​​អ្វី​សប្បាយ​ចិត្ដ​ជាង​បងប្អូន​ឈប់​ឈ្លោះ​គ្នា​នោះ​ទេ។​ ដោយហេតុ​ថា​នៅ​លើ​ពិភព​លោក​​​នេះ​​គឺមាន​​នៅ​តែ​ប្រទេស​កូរ៉េ​​​ ដែល​បែកប្រទេសជាពីរ​(ជើង-ត្បូង) ​​ពុំ​​ទាន់​បាន​បង្រួប​បង្រួម​គ្នា​។ ក្រៅ​ពី​នេះ​ប្រទេសវៀត​ណាម និង​អាល្លឺម៉ង់​គេបាន​បង្រួប​បង្រួម​គ្នា​ហើយ។

ស្ថិតក្នុងបរិ​ការ​បង្រួប​បង្រួម​រវាង​​បងប្អូន​​​កូរ៉េ​ទំាងពីរ​​នេះដែរ​​​​ ​​​បើនិយាយពី​​​កូរ៉េ​ខាង​ត្បូង​ដែល​​មាន​អាមេរិក​ជា​អ្នក​គំាពារ​​​​អធិបតេយ្យ​ជាតិនោះ​។​​​ ​​តើ​អាមេរិក​ មាន​ចេតនា​​ចង់​​ឲ្យមាន​ការ​បង្រួប​បង្រួម​រវាង​បងប្អូន​កូរ៉េ​ទំាង​ពី​រ​នេះ​ទេ? ​ត្រង់​ចំណុច​នេះ លោក រត្ន័ សណ្ដាប់ យល់ថា​បើ​និយាយ​ពី​ភូមិ​សាស្រ្ដ​នយោបាយ​​​ គឺ​អាមេរិក​​ ពិត​ជា​មិន​ចង់​ឲ្យ​មានការរួមគ្នា​​នោះ​ទេ។​ ពី​ព្រោះ​​​បើប្រទេស​កូរ៉េ​ទំាង​ពីរ​រួម​គ្នា ​​អាមេរិកអាច​​ពិបាក​​មានលេស​ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នៅ​កូរ៉េ​ខាង​ត្បូង​ដូច​យើង​ឃើញ​សព្វ​ថ្ងៃ​នេះ​ណាស់​។

​ដោយហេតុ​ថា​​ចំពោះ​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​កូរ៉េ​ខាង​ត្បូងនេះ​ គឺ​ដើម្បី​ទប់​ឥទ្ធិពល​ចិន នៅ​​តំបន់​អាស៊ី​យើងនេះ។ ​ហើយក៏ដើម្បី​មើល​ប្រទេស​ជប៉ុន​ផង​ដែរ​​​​ ពី​ព្រោះ​​នៅ​​ជប៉ុនគឺ​មាន​ចំនួនទ័ពតិច១៥០០នាក់​ប៉ុណ្ណោះ ។​ មានន័យថា​​​អាមេរិកក៏ពុំសូវ​ជាទុកចិត្ដ​ជប៉ុន ប៉ុន្មានទេ​ពី​ព្រោះ​ជា​សត្រូវចាស់​ក្នុងការ​ដណ្ដើមគ្នា​ធ្វើ​ជា​បងធំ​ពិភពលោក​កាល​ពី​អតីតកាល​។

ជាក់​ស្ដែង​បើ​​ឈរលើ​យុទ្ធសាស្រ្ដ​​យោធានេះ​ ​​​មុន​ជំនួប​កំពូល​រវាង​លោក ដូណាល់ ត្រំានិង​លោក គីមជុង អ៊ុន ថ្មីៗ​នេះ​​​​គឺ​កូរ៉េខាង​ត្បូង ​បាន​អនុញ្ញាត្ដឲ្យអាមេរិក​មាន​មូលដ្ឋានទ័ព​​រហូត​ដល់​២៨០០០នាក់ និង​​បន្ថែម​លើ​ថ្លៃ​រ៉ាប់រង​ដល់​ជាង​៩០០លាន​ដុល្លារ​ទៀត​ផងដែរ​។​ ត្រង់​ចំ​ណុចនេះ​​​កូរ៉េខាង​ត្បូង​ ហាក់​យល់​​ចិត្ដ​ថ្លើម​​អាមេរិក​​​​ ដើម្បី​​​​ឲ្យការ​​ចរចា​ទៅមុខ ​ហើយ​សូម្បីតែកូរ៉េខាងជើងក៏ពុំ​មាន​ប្រតិកម្ម​អ្វី​ដែរ​។​

ដោយហេតុនេះ​បើ​​ឈរ​លើឆន្ទៈនយោបាយ​ ចង់បង្រួប​បង្រួម​រវាងបងប្អូនកូរ៉េ​ទំាង​ពីរ។ម្យ៉ាងទៀត​ដោយ​​អាមេរិកក៏បាន​ដាក់​មូលដ្ឋាន​ទ័ពលើទឹកដីកូរ៉េ​​យ៉ាង​ប្រពៃ​ផង​នោះ​។ បើដូច្នេះ​​ចំពោះកិច្ច​ជំនួបកំពូល​​​នេះ​​លោក រត្ន័ សណ្ដាប់ ​មើល​ឃើញពី​ភាព​វិជ្ជមាន​​​​គឺ​៖

ទីមួយ៖ ​កំណត់តំបន់គ្មាន​​យោ​ធា​ ដោយ​កំណត់​ទំហំ​​ដើម្បី​ឲ្យប្រជាជនកូរ៉េ​​ទំាង​ពីរ​ឆ្លងកាត់​បើក​ទីផ្សាររកស៊ីជាមួយគ្នា​​​ ដើម្បី​​ឲ្យមាន​ការ​ទុក​ចិត្ដ​គ្នា​ម្ដង​បន្ដិច​ៗ​​ ក្នុង​ការ​ឈាន​ទៅ​រកការរួបរួមគ្នា។​ ​ពី​ព្រោះប្រទេស​កូរ៉េ​ទំាង​ពីរ​ពុំមែន​ជា​សត្រូវ​ស្លាប់​រស់​ដូចពី​មុន​​​​។

ទីពីរ​៖​ អាមរិក​​ អាច​ចាត់​ទុក​​​ករណី​ការរំសាយ​អាវុធបរមាណូ​​លែង​ជាការ​ចំាបាច់​។ ពី​ព្រោះ​អាមេរិក សប្បាយចិត្ដ​​ដោយបានទុក​កងទ័ព​ខ្លួន​នៅលើ​ទឹកដី​កូរ៉េដដែល​ដើម្បីទប់ឥទ្ធិពលចិន និង​​មើ​ល​​ជប៉ុន​ ផង​ដែរ។

​បើដូច​នេះសម្រាប់កិច្ច​ជំនួបកំពូល​នេះ គឺប្រៀប​បាន​ជាការ​ចាក់ផ្លូវ​គ្រួសក្រហម​ដើម្បី​បន្ដ​ឲ្យ​កូរ៉េទំាងពីរចាក់ផ្លូវបេតុងនា​ពេល​អនាគត​​​។​ បើដូច្នេះ​ចំ​ពោះ​ពាក្យ «ឆ្ងាយហួសពី​ជើងមេឃ»​ នេះ​ប្រហែល​​ជា​ពុំមាន​នៅប្រទេសកូរ៉េទំាងពីរនេះ​ទៀតទេ។ ពី​ព្រោះគណបក្សនយោ​បាយ​កូរ៉េខាងត្បូងនីមួយៗ និងលើកយក​ការបង្រួបបង្រួមជាតិ​នេះ​ មក​ធ្វើជាកម្មវិធីនយោបាយដ៏​​សំខាន់បំផុត​៕​​​​