(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត ដែលវាចារមាសទាំងនេះ សុទ្ធសឹងតែសម្រឹតសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន។

គតិបណ្ឌិតទាំង១០នោះ រួមមាន

១៖ ព្រះបរមគ្រូបានពុទ្ធដីកាថា «ដើម្បីបំបាត់សេចក្ដីទុក្ខ ត្រូវបញ្ឈប់ភាពលោភលន់ជាមុនសិន ពីព្រោះភាពលោភលន់ គឺជាប្រភពនៃសេចក្ដីទុក្ខ»។

២៖ រាស្ត្ររត់ចូលជ្រក សាកសួរទៅមក កុំអើឯងអញ ពាក្យពុំពីរោះ គេកើតមួក្នាញ់ គេដៀលផ្ចាលផ្ចាញ់ អន្តរាយកេរ្តិ៍ឈ្មោះ។ វគ្គមួយនៃកំណាព្យរបស់ព្រះភិរម្យភាសាអ៊ូ ក្រមង៉ុយ។

៣៖ អ្នកឈឺចិត្តខ្លាំង ទើបមានឆន្ទៈធំ។ ទីប្រឹក្សានគរស៊ូហាន់ ជូ កឺលាង (ខុងមីង)។

៤៖ មនុស្សម្នាក់គត់ដែលអាចជួយខ្ញុំបាន គឺខ្លួនរបស់ខ្ញុំ។ ទីប្រឹក្សានគរអ៊ួយឆាវ ស៊ឺ ម៉ាអ៊ី (ចុងតា)។

៥៖ «ទុក្ខ» បើអ្នកគិតថាជារឿងធំ នោះវានឹងក្លាយជារឿងធំ។ ទស្សនវិទូបុរាណចិន ខុង ជឺ។

៦៖ កំពូលអ្នកចម្បាំងខ្លាំងក្លា គឺអាចយកឈ្នះដោយឱ្យសត្រូវចុះញ៉ម មិនបាច់ច្បាំង។ សង្គ្រាមវិទូបុរាណចិន ស៊ុន អ៊ូ។

៧៖ សមត្ថភាពរបស់អ្នកដឹកនាំ គឺសម្រេចចិត្តឱ្យបានរហ័ស និងចេះប្រគល់ការងារឱ្យអ្នកដទៃ។ លោក ចន ជី ផូលឡាត អ្នកនយោបាយអាមេរិក។

៨៖ ការងាររបស់អ្នកដឹកនាំ គឺនាំក្រុមរបស់គេទៅដល់កន្លែងដែលពួកគេមិនធ្លាប់ទៅ។ លោក ហេនរី ឃី ស៊ីងហ្គ័រ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក។

៩៖ តួនាទីនៃការអប់រំ គឺការបង្រៀនមនុស្សឱ្យគិតទូលំទូលាយ និងហ្មត់ចត់។ លោក ម៉ាទីន លូតធ័រឃីង មេដឹកនាំចលនាទាមទារសេរីភាពឱ្យជនជាតិស្បែកខ្មៅ នៅសហរដ្ឋអាមេរិក។

១០៖ ស្រីស្អាតមួយរយនាក់ មិនស្មើនឹងប្រពន្ធល្អម្នាក់ឡើយ។ មេទ័ពនគរតុងអ៊ូ ចូវ អ៊ី (កុងជីង)៕