(បន្ទាយមានជ័យ)៖ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទជាច្រើននាក់ រួមទាំង​ប្រជាពលរដ្ឋចំនួន២០០នាក់ មកបញ្ចុះបឋមសិលាព្រះវិហារ ទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ ដែលចំណាយថវិកាប្រមាណ​៦ម៉ឺនដុល្លា នៅវត្តវត្តខេម​សីមារាម (ទំនប់ក៥) ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីទុកជាទីកន្លែងសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជា។

លោក សាន ស៊ានហូ បានថ្លែងថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពីពិធីបញ្ចុះបឋមសិលានេះ ហើយនឹងក្លាយទៅទីសក្ការៈបូជា របស់​ប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធផលមួយដ៏ធំរបស់វត្តផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ក្រុងប៉ោយប៉ែត​ មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

លោកអភិបាលក្រុង បានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍ​រីកចម្រើន លុះត្រាតែក្នុងប្រទេសនោះ មានសុខសន្តិភាព ប្រជាពលរដ្ឋមាន​សិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចំបង ក្នុងការអភិវឌ្ឍ​ប្រទេស។ លោកអភិបាលក្រុង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា សន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅ​ទំាងអស់គ្នា។

ជាមួយគ្នានេះ ព្រះតេជគុណ វ៉ែន វន់ ចៅអធិការវត្ត បានមានសង្ឃដីកាឲ្យដឹងថា ចំពោះការសាងសង់ព្រះវិហារថ្មីនេះ មានទំហំ៦ម៉ែត្រ គុណ១១ម៉ែត្រ និងកំពស់​៦ម៉ែត្រ ចំណាយថវិកាប្រមាណ​៦ម៉ឺនដុល្លារ និងបានអំពាវនាវ សូមឲ្យមាន​ការចូលរួមចាប់មគ្គផលពីសប្បុរសជនគ្រប់ទីកន្លែងផងដែរ។

នៅក្នុងឱកាសនោះដែរ លោកអភិបាលក្រុង ក៏បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានស្បែកជើង១គូ អាវយឺត១ ផងដែរ៕​