(បាត់ដំបង)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៩នេះ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ ត្រូវបន្ដចុះតាមខ្នងផ្ទះសមាជិកគ្រប់រូប ​ហើយត្រូវជួយដោះស្រាយបញ្ហាប្រឈមឲ្យទាន់ពេលវេលា មិនត្រូវទុកឲ្យសមាជិក ជួបលំបាក ដោយ​មិនបានដឹង ហើយមិនបាន​ដោះស្រាយនោះឡើយ។

សារក្រើនរំលឹកជាថ្មីរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងក្នុងឱកាស អញ្ជើញអធិបតីភាព​ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​ទិសដៅបន្ដ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្ត​បាត់ដំបង​, ​ពោធិ៍សាត់​, ​ប៉ៃលិន​ និងខេត្ត​បន្ទាយមានជ័យ​ ព្រមទាំង​ប្រកាស​ទទួលស្គាល់​ បន្ថែមសមាសភាព​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​ ជាអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន ខេត្ត​ទាំង៤។​

​ពិធីនេះ​បានប្រារព្ធធ្វើ​នៅទីបញ្ជាការយោធភូមិភាគទី៥​ នាក្រុងបាត់ដំបង ខេត្តបាត់ដំបងនេះ ក៏ដើម្បីតាមដាន ត្រួតពិនិត្យ សកម្មភាពការងារបណ្តាខេត្តចំណុះ យោធភូមិភាគ​ទី៥​ និងការអនុវត្តន៍អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

របាយការណ៍បានបង្ហាញថា លទ្ធផលការងារដែលអនុវត្តបានកន្លងមក មានដូចជាការចលនាគ្នាចូលរួមបុណ្យសព ការបើកផ្តល់ប្រាក់មរណៈ​សង្គ្រោះបាន៤៤០សព និងប្រាក់ធានារ៉ាប់រងសង្គម​៣៣៦​គ្រួសារ,​ បានចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនអតីត​យុទ្ធជន​ សរុប​ជាទឹកប្រាក់​​១,០៧២,៣១០,៥០០រៀល។

តាមរបាយការណ៍របស់លេខាធិការដ្ឋាន​ ស​ អ​ ក​ យោធភូមិភាគទី៥​ បានឲ្យដឹងថា អតីត​យុទ្ធជន ជាសមាជិកសមាគម​ក្នុងខេត្តទាំង៤ដែលទ័លក្រ មានចំនួនសរុប​៨៦៨គ្រួសារ អ្នកដែលមានដី អត់ផ្ទះ​ចំនួន​៤៥០គ្រួសារ, អ្នកដែលអត់ដីអត់ផ្ទះ ចំនួន​៨០៥គ្រួសារ និងរស់នៅលើដីសាធារណៈ ចំនួន​២២០គ្រួសារ។

កន្លងមកបានទទួលផ្ទះអំណោយ​​របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនអតីតយុទ្ធជន​ក្រលំបាក ជាសមាជិកសមាគមតាមបណ្តាខេត្ត ក្នុងយោធភូមិភាគទី៥នេះ មានចំនួនសរុប១៧៦ខ្នង​​ ក្នុងនោះ​​ខេត្ត​​ពោធិ៍សាត់​​៤ខ្នង, ខេត្ត​បាត់ដំបង​១០៤ខ្នង, ខេត្ត​ប៉ៃលិន​​១ខ្នង​ និង​ខេត្ត​បន្ទាយមានជ័យ​៦៧ខ្នង​ ដោយឡែក​ឆ្នាំ២០១៩​ កំពុងសងសង់​បន្ត​៧៧ខ្នងទៀត។​

ថ្លែងក្នុងឱកាសនោះ ​​ទេសរដ្ឋមន្រ្តី​ គន់ គីម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសមាគមគ្រប់ថ្នាក់សម្រេចបាន​គួរឲ្យកត់សម្គាល់​នាឆ្នាំកន្លងទៅ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហា ការលំបាក និងកាត់បន្ថយភាពក្រីក្រ របស់អតីតយុទ្ធជន។ បន្ថែមពីនេះ ​​ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំឲ្យថ្នាក់ដឹកនាំសមាគមខេត្ត ធ្វើការត្រួតពិនិត្យ​រកឲ្យឃើញនូវ អតីតយុទ្ធជនដែលលំបាកខ្វះខាតខ្លាំង ដើម្បី​អាទិភាពផ្តល់ផ្ទះជូនពួកគាត់មុន។​

តាមសំណើរបស់​សមាគម​អតីត​យុទ្ធជន​ខេត្ត​ ​លោក​ គន់​ គីម​ បានសម្រេចឲ្យ​សាងសង់ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​ជូន​អតីត​យុទ្ធជន​ ចំនួន​​៤៩ខ្នង ក្នុងនោះខេត្ត​​ពោធិ៍សាត់​​១១ខ្នង និងខេត្ត​ប៉ៃលិន​​៣៨ខ្នង៕