(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងប្រតិភូថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យសកម្មភាពការងារ នៅមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកនៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។ មន្ទីរពេទ្យនេះមាន២០២គ្រែ និងអត្រាប្រើប្រាស់គ្រែ គឺ៩៨ភាគរយ ឆ្លើយតបបានទៅនឹងតំរូវការជាក់ស្តែង របស់ប្រជាជននៅក្នុងខេត្ត ពោធិ៍សាត់។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានចុះពិនិត្យ ការដ្ឋានសាងសង់ អគារសម្ភព និងថែទាំទារកថ្មី នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលឧបត្ថម្ភដោយអង្គការ KOFIH របស់សាធារណរដ្ឋកូរ៉េ។

លោកបានផ្តាំផ្ញើដល់បងប្អូន ជាថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់ឲ្យខិតខំថែមទៀត ក្នុងការកៀរគរធនធាន ដើម្បីពង្រីក ហេដ្ឋានរចនាសម្ព័ន្ធ និងទំនើបកម្មមន្ទីរពេទ្យ ព្រមទាំងខិតខំស្វែងរកឱកាសបណ្តុះបណ្តាល បន្តទាំងក្នុងនិងក្រៅប្រទេស ដើម្បីធ្វើយ៉ាងណាបំរើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋអោយកាន់តែប្រសើរថែមទៀត៕