(បន្ទាយមានជ័យ​)៖ នៅថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងរាស្រ្ត ​និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោកស្រី ម៉ៅ​ ម៉ាល័យ​ កែ​ គឹមយ៉ាន​ បានចូលជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារ​សិក្សា ១ខ្នង ៥បន្ទប់ ដែលមានតម្លៃប្រមាណ ២៤០លានរៀល​ (ប្រមាណ៦ម៉ឺនដុល្លារ) នៅសាលាបឋមសិក្សាត្នោត ឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំពីថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ និងអាជ្ញាធរមូលដ្ឋាន​ ប្រជាពលរដ្ឋ​​លោកគ្រូ​ អ្នកគ្រូ​ សិស្សនុសិស្ស​ជិត៣០០០នាក់។

ក្នុងឱកាសនោះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលជាតិរួមមាន​៖ សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា, សម្ដេចពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា​ និងសម្តេច​វិបុលសេនាភក្តី​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភា​។

ក្នុងឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងបន្ត​ រាជរដ្ឋាភិបាលកម្ពុជា​ ដឹកនាំដោយសម្តេចតេជោ​ ហ៊ុន​ សែន​ ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ​​ កំណើនសេដ្ឋកិច្ច ជាង៧% ក្នុង១ឆ្នាំៗ ភាព​ក្រីក្រ​ត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្វើឲ្យ​ប្រសើរ​ឡើង នៃកម្រិត​​ជីវភាព​រស់​នៅរបស់ប្រជាជន ឆ្លើយតបទៅ​គោល​ដៅ​កាត់​​បន្ថយ​ភាពក្រីក្ររបស់អង្គ​ការសហប្រជាជាតិ និងគោលដៅ​របស់​​អាស៊ាន​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានបន្ថែមទៀតថា​ សម្តេច​​តេជោ​ ហ៊ុន សែន​ បានបញ្ជាក់ម្តងហើយម្តងទៀតថា «មិន​យក​​​អធិប​​​តេយ្យ​ភាពជាតិមកដោះដូរជាមួយជំនួយជាដាច់ខាត»។ ការ​ដក​ហូតការអនុគ្រោះពន្ធនេះ ប្រសិនបើគេធ្វើមែន ពេលវេលា​ប្រាកដ​នឹង​ធ្វើ​ឡើងនៅខែសីហា ឆ្នាំ២០២០ មិនមែន​ធ្វើអាច​ធ្វើបាន​នៅ​ពេល​នេះ​ទេ ដែលនេះជាឱកាសមាសមួយសម្រាប់សាកល្បង នូវភាពរឹងមាំរបស់ប្រទេសកម្ពុជាយើង។

ជាមួយគ្នានេះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានសម្តែង​នូវការកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្សទាំងអស់ នៃស្រុកមង្គលបុរី​ដែលបានខិតខំបម្រើប្រជាលរដ្ឋ និងចូលរួមអនុវត្តបានល្អប្រសើរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់​គុណភា​​ព ​​នៃការផ្តល់សេវាសាធារណៈ សេវាសង្គមកិច្ច សុខាភិបាល និងអប់រំ​ សំដៅអភិវឌ្ឍន៍ភូមិឋានឲ្យសម្បូរសប្បាយរុងរឿង​។

ជាទ្រនាប់ដៃ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានពាំនាំនូវអំណោយ​ និងថវិកា​ រួមមាន៖

*ទី១៖ លោកគ្រូ​ អ្នកគ្រូ​ ចំនួន១២៧៧នាក់​ ​ក្នុងម្នាក់ៗ សារុង១ ថវិកា​២ម៉ឺនរៀល
*ទី២៖ សិស្សានុសិស្ស ចំនួន៦៧៤នាក់​ ម្នាក់ៗ​ប៊ិច១ដើម សៀវភៅ២ក្បាល ថវិកា៥ពាន់រៀល
*ទី៣៖ ឧបត្ថម្ភសាលាបឋមសិក្សា ថវិកា១លានរៀល
*ទី៤៖ ចាស់ជរាអាយុ៧០ឆ្នាំឡើង ចំនួន៥៥០នាក់​ ម្នាក់ៗទទួលបាន៖​ បំពង់ទឹកក្ដៅ១​​ ពិល១​ ប្រេងឆា​២ដប​ ស្ករស១គីឡូក្រាម​ ​ តែ​ ១កញ្ចប់​ ទឹកដោះ​១កំប៉ុង​ អំបិលអ៊ីយ៉ូត​ ១គីឡូក្រាម​ មី​១០កញ្ចប់​ ប្រេងកូឡា២ដប​ កៅអៀក​ក្រមា​១​ សារុង​១​ និង​ថវិកា២ម៉ឺនរៀល
*ទី៥៖ ឃុំទាំង១៣​ នៃស្រុកមង្គលបុរី ក្នុង១ឃុំថវិកា១លានរៀល
*ទី៦៖ ប្រជាពលរដ្ឋចូលរួមទាំងអស់​ ម្នាក់ៗសារ៉ុង១​៕