(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ​ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ឡាវ លើកទី១៣ ចាប់ពី​ថ្ងៃទី២១ ដល់២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញថា នៅមុនកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានជួបប្រជុំទ្វេភាគី ដែលក្នុងនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្ដូរព័ត៌មានស្ដីពីការវិវត្តនយោបាយថ្មីៗ នៅក្នុងប្រទេសរៀងៗខ្លួន។

ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាល លើវិស័យកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងឱកាសកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី១៣។ ដោយកត់សម្គាល់ឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បាននិងកំពុងរីកចម្រើន ប៉ុន្តែនៅមានកម្រិតនៅឡើយ ភាគីទាំងពីរបានឯកភាពគ្នា សម្រួលពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត បង្កើនការអនុវត្តកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ និងបង្កើតបរិយាកាសអំណោយផល ដល់វិនិយោគិន ដើម្បីលើកកម្ពស់លំហូរចេញ-ចូលនៃវិនិយោគរវាងប្រទេសទាំងពីរ។

ចំពោះវិស័យសន្តិសុខ ភាគីទាំងពីរបានឯកភាពបន្តចែករំលែក និងផ្លាស់ប្តូព័ត៌មានពាក់ព័ន្ធនឹងការទប់ស្កាត់ការជួញដូរមនុស្ស និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជនឡាវ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត។

កិច្ចប្រជុំបានស្វាគមន៍ការរៀបចំបឋម នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនដោយរថយន្តដឹកអ្នកដំណើរ​រវាងកម្ពុជា និងឡាវ ជាពិសេសរវាងភ្នំពេញ-ប៉ាក់សេ​ និងសៀមរាប-ប៉ាក់សេ។ ភាគីទាំងពីរក៏បាន​ឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល លើផ្នែកសុវត្ថិភាព សន្តិសុខ ការអភិវឌ្ឍផ្លូវអាកាស និងការផ្លាស់ប្ដូរការបណ្ដុះបណ្ដាល និងពិនិត្យលទ្ធភាពបង្កើនការហោះហើរត្រង់បន្ថែមទៀត រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការដោះស្រាយបញ្ហាព្រំដែន និងលើកទឹកចិត្តឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ បញ្ចប់សេចក្តីព្រាងបែបបទបច្ចេកទេស (TOR) ឲ្យបានឆាប់ ស្របតាមខ្លឹមសារនៃលិខិតរួមរបស់នាយករដ្ឋមន្ត្រីទាំងពីរ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ផ្ញើជូនប្រធានាធិបតីបារាំង។ ភាគីទាំងពីរក៏បានឯកភាព លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនរបស់ខ្លួន លើឯកសារព្រំដែនដែលត្រូវបានព្រមព្រៀងដោយប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សកម្មភាពដូចជា អន្តោប្រវេសន៍ខុសច្បាប់ ពាណិជ្ជកម្មខុសច្បាប់ និងការឆ្លងដែនខុសច្បាប់ តាមបណ្តោយព្រំដែន។

កិច្ចប្រជុំក៏បានឯកភាព​អំពីការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗទៀត ដែលក្នុងនោះរួមមាន អប់រំ ព័ត៌មាន កសិកម្ម ទេសចរណ៍ វប្បធម៌ សុខភាពសាធារណៈ ប្រៃសណីយ៍ និងទូរគមនាគមន៍ ច្បាប់ និងកិច្ចសហប្រតិបត្តិការតុលាការ និងកិច្ចសហប្រតិបត្តិការកុងស៊ុល។

ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការក្នុងយន្តការថ្នាក់អនុតំបន់ និងតំបន់ ឆ្ពោះទៅរកសមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយ​ចីរភាព និងគ្រប់ជ្រុងជ្រោយ។

នៅពេលបញ្ចប់កិច្ចប្រជុំ ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១៣ និងបានឯកភាពរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី១៤ នៅប្រទេសកម្ពុជា នៅឆ្នាំ២០២១។

ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសឡាវ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានក៏ចូលជួបសម្តែងការគួរសមជាមួយលោក ប៊ុនញ៉ាំង វរជិត ប្រធានរដ្ឋឡាវ និងលោក ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី​ផងដែរ។

ជាកិច្ចឆ្លើយតបនឹងរបាយការណ៍សង្ខេបរបស់ លោក ប្រាក់ សុខុន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំឡាវទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែង និងភាពជាអ្នកជិតខាងល្អរវាង​កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្ត​ឲ្យប្រទេសទាំងពីរ ថែរក្សាទំនាក់ទំនងមិត្តភាពដែលមានស្រាប់ សាមគ្គីភាព និងភាតរភាព និងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងឡាវ៕​