(ព្រះសីហនុ)៖ មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ ដោយរថយន្ត៤គ្រឿង​ បាន​បន្ដបុក​គ្នា​នៅ​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះគីឡូម៉ែត្រ១០៧-១០៨ ចំណុច​ផ្លូវកោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ​រថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AI-1958 បើកបរដោយឈ្មោះ មុយ ឆាយ ​អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ​ បានបុកជាមួយរថយន្តម៉ាក HINO ពណ៌ត្រួយចេក ពាក់ផ្លាកលេខ​ព្រះសីហនុ3A-8995 (​អ្នកបើកបររត់គេចបាត់) ក្នុងទិសដៅស្របគ្នា។

ភ្លាមនោះរថយន្ត Highlander បានរេចង្កូតមកឆ្វេង បុកជាមួយរថយន្តម៉ាក Fuso ពណ៌ត្រួយចេក លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ3A-5956 (ផ្ទុកកុងតីន័រ ក្រុមហ៊ុន អ៊ុយ ញ៉ុង) បើកបរដោយឈ្មោះ យ៉ូង បារាំង អាយុ២៦ឆ្នាំ ទីលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ក្នុងទិស​ដៅផ្ទុយគ្នា។ រីឯរថយន្ត Hino ក៏បានច្រុលចង្កូតមកឆ្វេងដូចគ្នាបុកជាមួយរថយន្ត Sienna ពណ៌​ស​ ពាក់ផ្លាកលេខភ្នំពេញ​2AJ-0511 បើកបរដោយឈ្មោះ ឈិត សុភី​ អាយុ៤០ឆ្នាំមានទីលំនៅ ភមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

មន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ​ មិន​បណ្តាល​មនុស្ស​របួសឡើយ តែ​បាន​ខូចខាត​រថយន្ត​​៤​គ្រឿង៕