(កំពង់ស្ពឺ)៖ «ប៉ុល ពត វាយកម្ទេចព្រះវិហារ និងវត្តអារាមដើម្បីយកដែក តែគោលបំណងចង់លុបបំបាត់ព្រះពុទ្ធសាសនាតែម្តង»។ នេះជាការការលើកឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពិធីកាត់ឬសីមា និងសម្ភោធសមិទ្ធផលនានាក្នុងវត្តភ្នំធម្មតាអរ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងនិមន្តចូលរួមពីព្រះសង្ស និងចូលរួមពីមន្ត្រីរាជការ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង២០០០អង្គ/នាក់ផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា សមិទ្ធផលជាច្រើន បានកើតដោយការប្រឹងប្រែងចូលរួមសហការពីប្រជាពុទ្ធបរិស័ទ្ធទាំងជិតឆ្ងាយ តាមរយៈប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍ក្រោមនយោបាយឈ្នះ-ឈ្នះ។ ហើយបើយើងពិនិត្យលទ្ធផលជាក់ស្តែងរបស់កម្ពុជាសម្រាប់ទូទាំងប្រទេស កម្ពុជាការពារបានឯករាជ្យជាតិ ទទួលបាន អធិតេយ្យភាព បូរណភាពដែនដី បានយ៉ាងគត់មុតតាមការកំណត់របស់រដ្ឋធម្មនុញ្ញ ការពារបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមបានយ៉ាងរឹងមាំក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់។

សម្តេចវិបុលភក្តី បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ជ័យជម្នះធំៗ និងថ្មីៗថែមទៀត។ ក្នុងឆ្នាំ២០១៨ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៥% អតិផរណាស្ថិតក្នុងរង្វង់២,៩% ចំណូលប្រចាំឆ្នាំរបស់ប្រជាជនម្នាក់១៥៦៣ដុល្លារ តម្លៃប្រាក់រៀលមានស្ថេរភាព ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយ៩%។

បើយោងតាមរបាយការរបស់អភិបាលខេត្តកំពង់ស្ពឺ វត្តភ្នំធម្មតាអរនេះ បានកើតឡើងក្នុងអំឡុងឆ្នាំ១៨០០ និងជាវត្តចំណាស់ក្នុងចំណោមវត្តជាច្រើនទូទាំងខេត្ត។ បើគិតមកដល់ពេលនេះ មានអាយុកាល២១៩ឆ្នាំមកហើយ មានព្រះចៅអធិការចំនួន០៥អង្គមកហើយ គិតត្រឹមឆ្នាំ១៩៧៩ ក្រោយសម័យ ប៉ុល ពត។

របាយការណ៍បានឲ្យដឹងទៀតថា បើគិតមកទល់ពេលការកសាងវត្តសរុបទាំងអស់២,៣២៨,០០០ដុល្លារ។ ដោយឡែកព្រះវិហារ ដែលកំពុងដំណើរការសម្ភោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គឺចំណាយថវិកាសប្បុរសរហូតដល់ចំនួន៨៣៦,៨០០ដុល្លារ៕