(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ គឺជាទិវាជាតិទីក្រុងស្អាត លើកទី៧ ដែលត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្រៅ» ដើម្បីបំផុសឲ្យប្រជាពលរដ្ឋចូលរួមសម្អាតទីក្រុង និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋាន។

ជាក់ស្ដែងនៅព្រឹកនេះ រដ្ឋបាលខណ្ឌដង្កោ ក៏​បានរៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជន ស.ស.យ.ក និងសិស្សានុសិស្ស ប្រមាណ​៧០០នាក់។

ក្នុងនោះ​ តាមបណ្តាសង្កាត់ទាំង១៣ ក្នុងមូលដ្ឋានខណ្ឌដង្កោក តាមវត្តអារាម និងគ្រឹះស្ថានសិក្សានានា ក៏បានបំផុសឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស ឲ្យចូលរួមពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត និងសម្អាតអនាម័យបរិស្ថានក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

បន្ទាប់ពី​លោក ជ ចាន់ស៊ាង អភិបាលរងខណ្ឌ បានអានសារលិខិតរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ​វាយតម្លៃទីក្រុងស្អាត រួចមកលោក នុត ពុធដារ៉ា បានធ្វើការលើកឡើង អំពីការបំផុសឲ្យប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា ដើម្បីសម្អាតអនាម័យបរិស្ថាន ឲ្យស្របតាមប្រធានបទ នៃទិវាជាតិទីក្រុងស្អាត លើកទី៧នេះ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ប្រធានបទនេះ គឺឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើបញ្ហាអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈ ជាពិសេសរដ្ឋបាលថា្នក់ក្រោមជាតិ ត្រូវអនុវត្តតាមអនុសាសន៍ណែនាំ​ លើការងារអាទិភាព​៦ចំណុច នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៕