(កណ្តាល)៖ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកណ្តាលស្ទឹង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបណ្ណាល័យ និងសមិទ្ធផលនានា វត្តវិហារបិទមាស ឋិតនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សមិទ្ធផលនានានៅក្នុង វត្តវិហារបិទមាស ដែលសម្ពោធនាពេលនេះ មានបណ្ណាល័យ ១ខ្នង,មហាកុដិ ១ខ្នង, សាលាបាលី ១ខ្នង, ទិញដីស្រែពង្រីកទីធ្លាវត្ត និងកសាងសមិទ្ធផលផ្សេងៗ សរុបចំណាយអស់ថវិកា១១៤លានរៀល និង៦៧៦.២៨៥ដុល្លារ ដោយសទ្ធាជ្រះថ្លាពីទេសរដ្ឋមន្រ្តី គន់ គីម, កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្តេចព្រះវនរតន៍កិត្តិបណ្ឌិត ណយ ច្រឹក និងលោកស្រីឧកញ៉ា សៀង ចាន់ហេង រួមនិងសប្បុរសជន ពុទ្ធបរិស័ទជាច្រើនទៀត។

ក្នុងរបាយការណ៍របស់លោក បូរ ណារ៉េត អភិបាល នៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា ស្រុកមានវត្តចំនួន៣១ និងអាស្រម២ មានព្រះសង្ឃ ៤៣៥អង្គ, នៅគ្រប់វត្តសុទ្ធតែមានសមិទ្ធផលបម្រើដល់ការគោរពប្រតិបត្តិសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងនោះដែរកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជាចំណងដៃនូវវិហារចំនួន២ ក្នុងវត្តអង្គជុំភ្នុំចចក ឃុំទ្រា និងវត្តវិហារត្រាញ់ ឃុំព្រែកស្លែង ក្នុងតម្លៃ៥០ម៉ឺនដុល្លារ នឹងត្រូវកាត់ឬសសីមាខាងមុខនេះ, លោក ឌុល គឿន ដឹកនាំកសាងព្រះវិហារ ១ខ្នង នៅវត្តពោធិ៍សាត់ ចំណាយថវិកា៦៥ម៉ឺនដុល្លារ។

កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងនូវអំណរ និងការកោតសរសើរចំពោះ ព្រះសង្ឃ ព្រឹទ្ធាចារ្យ និងមន្ត្រីរាជការអាជ្ញាធរដែនដី ព្រមទាំងដោយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទាំងជិតឆ្ងាយ និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកកសាងសមទ្ធិផលនានា ដើម្បីដំកល់ទុកក្នុងវិស័យព្រះពុទ្ធសាសនា។

លោកបានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យក៏មកដល់សព្វថ្ងៃនេះ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។

កិត្តិបណ្ឌិត ក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្តអនុវត្តឲ្យខ្ជាប់ខ្ជួននូវអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបំរើប្រជាជន និងថែរក្សាស្ថេរភាពសង្គមទទួលបាននូវសុខសន្តិភាពស្ថិរភាពនៅកម្ពុជា។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, លោក ហ៊ីង ប៊ុនហៀង បានប្រកាសជួយកសាងសាលាឆាន់ ១ខ្លងដល់វត្តវិហារបិទមាស និងប្រគេនបច្ច័យចំនួន ១ម៉ឺន៥ពាន់ដុល្លា ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតាលោកយាយជី, ក្រុមប្រឹក្សាឃុំ, អាជ្ញាធរដែនដីស្រុក ប្រជាពលរដ្ឋ យុវជន គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ៕