(ព្រះសីហនុ)៖ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រអនាម័យចំណីអាហារ ជូនម្ចាស់អាហារដ្ឋាន នៅភោជនីដ្ឋានម្ជូរខ្មែរ នៅសង្កាត់លេខ១ ក្រងព្រះសីហនុ នៅល្ងាចម្សិលមិញ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសុវត្ថិភាពចំណីអាហារថ្នាក់ខេត្ត បានថ្លែងថា សុវត្ថិភាពចំណីអាហារ គឺជាចំណុចសំខាន់ដែលត្រូវគិតគូរទាំងអស់គ្នា គ្រាដែលជីវភាពប្រជាជនយើងសព្វថ្ងៃនេះ កំពុងមានភាពប្រសើរឡើង អាហារហូបចុកក៏សំបូរបែប ដើម្បីធ្វើឲ្យមានសុខភាពល្អប្រសើរ និងចៀសផុតពីជំងឺដង្កាត់នានា។

លោក យន្ត មីន បានរំលឹកដោយទទូចឲ្យម្ចាស់អាហារដ្ឋានទាំងឡាយ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត អំពីគុណភាពចំណីអាហារសំរាប់សុខភាពអ្នកបរិភោគ ជាពិសេសភ្ញៀវទេសចរ ដែលគេមកលេងខេត្តព្រះសីហនុ។ លោកបានផ្តល់អនុសាសន៍ថា ប្រសិនជាម្ចាស់អាហារដ្ឋានទាំងឡាយ ពង្រឹងគុណភាពចំណីអាហារបានល្អ និងរៀបចំបរិស្ថានអាម័យបានល្អថែមទៀតនោះ ភ្ញៀវគេនឹងមានចំណាប់អារម្មណ៍ ព្រោះសម័យឥលូវនេះ ប្រជាជនទូទៅគេកំពុងមានការគិតគូរខ្លាំងអំពីបញ្ហាសុខភាព។
លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សុខភាពគឺជាកត្តាសំខាន់ណាស់ហើយការទទួលទានចំណីអាហារ ដែលមានសុវត្ថិភាព គឺផ្នែកមួយសំខាន់ដែលជះឥទ្ធិពល ដល់សុខភាពអ្នកបរិភោគ។

ទន្ទឹមនេះលោកស្រី ស្នើម្ចាស់អាហារដ្ឋានទាំងអស់ គួរបង្កើតការយកចិត្តទុកដាក់លើការពង្រឹងគុណភាពម្ហូបអាហារ នៅតាមហាងរបស់ខ្លួនឲ្យបានល្អប្រសើរ។ លោកស្រីបានគូសបញ្ជាក់ថា សំរាប់ក្រុងព្រះសីហនុ អាហារដ្ឋានដែលក្រុមការងារ បានចុះចលនាអប់រំអំពីសុវត្ថិភាពចំណីអាហារមានចំនួនជាង៣០០កន្លែង។ អាហារដ្ឋានដែលលក្រុមការងារគណៈកម្មការសុវត្ថិភាព ចំណីអាហារថ្នាក់ខេត្តបានចុះវាយតំលៃ និងសម្រេចផ្តល់វិញ្ញាបនបត្រជូនមានចំនួន១០១កន្លែង ក្នុងនោះឆ្នាំ២០១៨ កន្លងទៅមានចំនួន៩២កន្លែង ចំណែកដើមឆ្នាំ២០១៩ មានចំនួន០៩កន្លែង។

ដោយឡែក អាហារដ្ឋានដែលនៅសេសសល់មិនទាន់បានចូលរួម លោកស្រី មិន សុគន្ធា បានគូសបញ្ជាក់ថា ក្រុមការងារនៅតែបន្តចុះណែនាំម្ចាស់ទីតាំងដើម្បី ឲ្យពូកគាត់ចូលរួមបើទោះជា គណៈកម្មការនេះមិនមានទំងន់ក្នុងការដាក់សម្ពាធលើពួកគាត់ឲ្យត្រូវតែចូលរួមក្តី។

លោកស្រីគូសបញ្ជាក់ថា វិញ្ញាបនបត្រចំណីអាហារនេះបញ្ជាក់ឲ្យឃើញថា ក្រុមក្រុមការងារបានចុះពិនិត្យត្រឹមត្រូវ។ វិញ្ញាបនបត្រនេះ ធ្វើឡើងមួយឆ្នាំម្តង ប៉ុន្តែចំហាងណាដែលបានទទួល វិញ្ញាបនបត្រនេះហើយ តែមិនបានគោរពតាមលក្ខខណ្ឌត្រឹមត្រូវគណៈកមម្មការអាចចុះពិនិត្យវាយតំលៃឡើងវិញ។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការផ្តួចផ្តើមគំនិតពីលោក យន្ត មីន ក៏បានធ្វើពិធីពិព័រណ៍បន្លែផ្លែឈើ និងម្ហូបអាហារគ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពម្តងដែរ។ កម្មវិធីត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ពីមជ្ឈដ្ឋានទូទៅដើម្បីបំផុសគំនិតស្មារតីមហាជនឲ្យងាកមកចាប់អារម្មណ៍ អំពីសុវត្ថិភាពចំណីអាហារ សំដៅលើកកំពស់ការយល់ដឹងអំពីសុខភាពពលរដ្ឋ និងភ្ញៀវទេសចរដែលមកទទួលទានអាហារ គ្រាដែលពួកគេនាំក្រុមគ្រួសារមកសំរាកលំហែនៅក្រុងព្រះសីហនុ៕