(ស្វាយរៀង)៖ យោងតាមសចក្តីរាយការណ៍បានឲ្យដឹងថា កាលពីយប់ម៉ោងប្រមាណ៩៖០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានរថយន្តយីឌុបវ៉េអង និងរថយន្តធុនធំ៥ទៅ៦គ្រឿង ផ្ទុកទំនិញពេញគ្របជិតសង្ស័យថា មានដឹកអ្វីពិសេសហើយ ទើបបើកឆ្លងដែនតាមប៉ុស្តិ៍របៀងព្រំដែនសំយ៉ោង ស្ថិតនៅឃុំសំយ៉ោងក្នុងភូមិសាស្ត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដើម្បីផ្ទេរទំនិញដាក់រថយន្ត ពាក់ស្លាកលេខវៀតណាមផ្សេង ចេញទៅវៀតណាមទាំងយប់អាធ្រាត ដោយមានសមត្ថកិច្ចឈរនៅទីនោះចាំការពារ និងបើកបារ៉ាស់ជូនដំណើរឲ្យដោយរលូនទៀតផង ដោយមិនគិតពីការខូចខាតផ្លូវលំនោះទេ។

ពាក់ព័ន្ធទៅនឹងរថយន្តដឹកទំនិញ ដែលឆ្លងដែនទៅប្រទេសវៀតណាម នាពេលយប់នេះក្រុមអ្នកសារព័ត៌មាន ពុំអាចធ្វើការទំនាក់ទំនង ជាមួយលោកអនុសេនីយ៍ឯក យ៉ន សុផល នាយប៉ុស្តិ៍ការពារព្រំដែនច្រករបៀងសំយ៉ោង បានទេនាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយសារគ្មានប្រភពទាក់ទងបាន ហើយម៉្យាងទៀតលោកនាយប៉ុស្តិ៍រូបនេះ ក៏មិនសូវនៅកន្លែងនោះដែរ។

បើតាមសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា រថយន្តទាំងអស់នេះមានទំនិញ ដូចជា គ្រឿងអេឡិចត្រូនិក ជជុះ ដូចជា ម៉ាស៉ីនត្រជាក់ ទូទឹកកក កង្ហារ ម៉ាស៉ីនបោកខោអាវ កង់ ពុំមានអ្វីសំខាន់នោះទេ ហើយក៏គ្មានខុសច្បាប់ដែរ គេបង់គយនៅកំពង់សោមរួចហើយ។

ដោយឡែកពលរដ្ឋដែលរស់នៅតំបន់នោះ ចេះតែឆ្ងល់ហើយនិយាយតៗគ្នាថា ឲ្យតែពេលព្រលប់ៗ តែងតែមានរថយន្តធំៗ ផ្ទុកទំនិញពេញគ្របតង់កៅស៊ូ ជិតឆ្លងតាមច្រករបៀងព្រំដែនសំយ៉ោងនេះ រហូតមិនដឹងថា ដឹកអីនោះទេ រហូតដល់ម៉ោង១១ទៅ១២អាធ្រាត្រ ទើបឃើញមានក្បួនរថយន្តទាំងអស់នោះ បើកចេញមកវិញ ដោយរថយន្តទទេស្អាតល្អណាស់។

ពលរដ្ឋឆ្ងល់ថា ចុះបើទំនិញស្របច្បាប់ ចំាបាច់អីចងតង់បិតជិត ហើយចេញតែពេលយប់ និងចេញឆ្លងដែនទៅក្រៅប្រទេស តាមច្រករបៀងដូច្នេះមិនព្រមចេញតាមច្រកទ្វារអន្តរជាតិ ឬច្រកតំបន់ដែលមានមន្ត្រីជំនាញគ្រប់ស្ថាប័ន នៅទីនោះប្រចាំការត្រួតពិនិត្យដូច្នេះទៅវិញ? សង្ស័យមានរបស់ពិសេស នៅក្នុងក្បួនរថយន្តទាំងនោះទេដឹង? ទើបការលាក់លៀមបែនេះ។

ពលរដ្ឋបានឲ្យដឹងទៀតថា រឿងហ្វូងក្បួនរថយន្តដឹកទំនិញឆ្លងដែនទាំងយប់នេះ គឺគេមានមេខ្យល់ជាអ្នករត់ការអស់ហើយ តាំងពីលើមកទៅតាមជំនាញ ទើបទំនិញអាចឆ្លងចេញទៅក្រៅប្រទេស តាមច្រករបៀងបានគ្មានអ្នកមករំខាន ពីសមត្ថកិច្ចអីបន្តិចសោះ។

សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចធ្លាប់ឃាត់ និងធ្វើការឆែកឆេរ ដោយមានការសម្រមសម្រួលដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចូលរួមដោយមន្ត្រីគយ និងរដ្ឋាករខេត្ត នគរបាលសេដ្ឋកិច្ច រកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមាន៖ ស្រា Hennessy XO ដបធំ ដបវែង រាប់សិបកេស និងមានកង្ហារ ទូទឹកកក ម៉ាស៉ីនត្រជាក់ ចង្ក្រានហ្គាស់ កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សំបកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត៕