(ភ្នំពេញ)៖​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ FFC នាយឧត្តមសេនីយ៍​ សៅ​ សុខា​ បានប្រកាសថា​ នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ក្រុមកីឡាករយុវជនអាយុក្រោម​២២ឆ្នាំចំនួន​ ១៥០០ដុល្លារ ក្នុងម្នាក់​ៗ ប្រសិនបើប្រកួតឈ្នះ​ U22 ឥណ្ឌូនេស៊ីល្ងាចនេះ។

លោក​ សៅ​ សុខា​ បានថ្លែងប្រាប់អង្គភាពព័ត៌មាន​ Fresh News នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា យ៉ាងដូច្នេះថា​ «ខ្ញុំនឹងផ្តល់រង្វាន់ដល់កីឡាករក្នុងម្នាក់​១៥០០ដុល្លារ​ ប្រសិនបើឈ្នះ​ U22 ឥណ្ឌូនេស៊ីល្ងាចនេះ»

ក្រុម​ U22​ កម្ពុជា​ នឹងប្រកួតទល់នឹងក្រុមភ្ញៀវ​ U22 ឥណ្ឌូនេស៊ីនៅពហុកីឡដ្ឋានជាតិនាម៉ោង​ ៦៖៣០នាទីថ្ងៃសុក្រ​ ទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ដើម្បីបិទបញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ B ខណ:​ U22 មីយ៉ាន់ម៉ា​ ប៉ះ​ U22 ម៉ាឡេស៊ីនៅកីឡដ្ឋាន​ RSN។

ការប្រកាសឧបត្ថម្ភប្រាក់រង្វាន់នេះដែរ​ ជាការជំរុញទឹកចិត្តដល់ក្រុមកីឡាករ ពុះពារខ្លាំងឡើង ក្នុងជំនួបទល់នឹងក្រុមខ្លាំងឥណ្ឌូនេស៊ី​ ដ្បិតពួកគេត្រូវការឈ្នះ​ ខណៈកម្ពុជាបានកក់កៅអីមួយឡើងទៅវគ្គ ៤ ក្រុមរួចហើយ ក្រោយឈ្នះ២ប្រកួតជាប់គ្នា៕