(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹង​ថា ​លោក​កំពុងស្នើយោបល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង​ការនគរ​បាល​ជាតិ រៀបឯកសារបញ្ជូន​ស្ត្រី​សង្ស័យ​មានមុខរបរបម្រើផ្លូវភេទ​ជនជាតិ​ចិន និង​ថៃ​ចំនួន ២៧នាក់ ទៅ​កាន់​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដើម្បីបន្ត​អនុវត្តនីតិវិធី។

ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃសុក្រ ទី​២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក ជួន ណារិន្ទ បញ្ជាក់ថា ក្នុង​ចំណោម​ស្ត្រី​សង្ស័យ​មានមុខរបរពេស្យាចារខាងលើ គឺក្នុងនោះមាន​ជនជាតិថៃ ១៥នាក់ និងជនជាតិចិន​ចំនួន ១២​នាក់​។ លោកបន្តថា ជោគវាសនារបស់ស្ត្រីទាំងនោះ នឹងទៅជាយ៉ាងណា គឺជាការសម្រេចចុងក្រោយរបស់​ថ្នាក់​លើ នឹង​ត្រូវបញ្ជូន​ចេញទៅប្រទេសសាម៉ីវិញ ឬបែបក៏ណានោះ...?។

លោកស្នងការបានបញ្ជាក់ថា កម្លាំងជំនាញ ក្រៅពីបានឃាត់ខ្លួនស្ត្រីជនជាតិថៃ និងចិនចំនួន ២៧នាក់ខាងលើ សមត្ថ​កិច្ច ក៏បានឃាត់ខ្លួន​បុរសជនជាតិចិនចំនួន ៦នាក់ ផ្សេងទៀត ដែលជាប់​ពាក់​ព័ន្ធ​បើកទីតាំង​បម្រើវា​ផ្លូវ​ភេទ ឬ​ពេស្យា​ចារ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុខុសច្បាប់។ លោកបន្តថា បុរសទាំង៦នាក់នោះកម្លាំង​ជំនាញ​កំពុង​សាក​សួរ​ ដើម្បីឈានដល់​កសាង​សំណុំរឿងបញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះ​សីហនុ អនុវត្តនីតិវិធី​ផុ្តន្ទាទោស​តាម​ច្បាប់កម្ពុជា។

​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងដូច្នេះ «កាលពីយប់រំលងអាធ្រាត្រឈានចូល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ​កម្លាំងជំនាញ​ស្នងការ​នគរបាលខេត្ត​ព្រះសី​ហនុ បានឆ្មក់ចុះ​បង្ក្រាបទីតាំងចំនួន ៣​កន្លែង ​ដែលមានស្ត្រីជនជាតិចិន និងថៃ​សង្ស័យបើក​បម្រើ​សេវា​ផ្លូវ​ភេទ​​​នៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់​លេខ០២ ក្រុង​ព្រះ​សីហនុ។ យុទ្ធនាការខាងលើនេះ​ សមត្ថកិច្ច​បាន​​ឃាត់​ខ្លួនជន​សង្ស័យ​ប្រុសស្ត្រី​សរុប​ចំនួន ៣៣នាក់​។ ក្នុង​នោះ​មាន​ស្ត្រីជនជាតិថៃចំនួន ១៥នាក់ ​​ស្ត្រី​ជន​ជាតិចិនចំនួន​១២នាក់ និងបុរស​ចំនួន​៦នាក់​»
​លោកស្នងការបានឲ្យដឹងដែរថា កន្លង​មកករណីស្រដៀងគ្នានេះ កម្លាំងការិយាល័យប្រឆាំងបទល្មើសជួញដូរមនុស្ស នៃស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ធ្លាប់​បានចុះធ្វើការណែនាំ​អប់រំស្ត្រីសង្ស័យប្រកប​របរបម្រើផ្លូវភេទខាងលើនេះ ជាបន្តបន្ទាប់មកដែរ។ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពទេ ពោលនៅមានជន​ឆ្លៀតឱកាស​​លួចបើកលាក់លៀម នៅ​តាមទីតាំងមួយចំនួននាក្រុងព្រះសីហនុ។

​ទាក់ទិនបញ្ហានេះ លោក ជួន ណារិន្ទ បន្តថា ករណីលួចបើកទីតាំងបម្រើសេវាផ្លូវភេទខាងលើនេះ ​កម្លាំង​ជំនាញនឹងនៅតែបន្តចុះអនុវត្តគោលការចំនួន៣ រួមមាន៖ បន្តចុះណែនាំអប់រំ, ភ្ជាប់​វិធានការផ្លូវច្បាប់ និង​ភ្ជាប់​វិធានការជំនាញ ​ព្រមៗគ្នា ដើម្បីឈានទៅទទួលបានជោគជ័យ​ និងស្របតាមច្បាប់​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានអំពាវនាវដល់គ្រប់​អង្គភាព ឬផ្នែកពាក់ព័ន្ធ ជាពិសេស​ប្រជាពលរដ្ឋ ត្រូវ​ចូលរួមសហការ​ផ្តល់ព័ត៌មានទាក់ទងបទល្មើសអ្វីមួយ មក​កម្លាំងជំនាញ ស្នងការ​នគរ​បាល​ខេត្តព្រះសីហនុ ឲ្យបាន​ទាំងអស់គ្នា ដើម្បីបញ្ជូន​កម្លាំងចុះស្រាវជ្រាវបង្ក្រាបឲ្យ​បាន​ទាន់ពេល​។ ​ជាង​នេះ​ទៀត ​ដើម្បីរួមគ្នាថែរក្សាការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិអន្តរជាតិ និង​អ្នក​វិនិយោគទុនស្របច្បាប់ ដែលចូលមក​ខេត្តព្រះសីហនុ ឲ្យមានសុខ​សុវត្ថិភាព និងទទួលបាន​ភាព​សប្បាយរីក​រាយទាំង​អស់គ្នា។​

លោកស្នងការសង្កត់ធ្ងន់ថា ចំពោះគ្រប់ជនជាតិទាំងអស់មិនថាតែជនជាតិខ្មែរ ឬជនបរទេសនោះទេ ឲ្យតែ​បាន​ប្រព្រឹត្តបទល្មើសអ្វីមួយ​ខុសច្បាប់ នឹងត្រូវទទួលទោស​មិនលើកលែងនោះទេ ពោលគឺស្ថិតក្រោមច្បាប់របស់​ព្រះរាជា​ណា​ចក្រ​កម្ពុជា តែមួយ​ដូច​ៗគ្នា​។

​បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បាន​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិអន្តរជាតិ ពិសេសអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ឲ្យចូល​មក​កម្សាន្ត ក៏ដូចជាប្រកបមុខជំនួញផ្សេងៗ នាមូលដ្ឋាននេះ ឲ្យ​បានច្រើនថែមទៀត។

លោកបន្តថា ​រាល់ថ្ងៃនេះ កម្លាំង​ជំនាញ​គ្រប់ស្ថាប័ន ជាពិសេសកម្លាំងនគរបាលខេត្តព្រះសីហនុ បាន​បង្កើនគោលដៅពង្រាយ​កម្លាំងជំនាញ ចុះល្បាតការពារ​សន្តិ​សុខ​ទាំងយប់ថ្ងៃ ដើម្បី​ផ្តល់សុវត្ថិភាពជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ និងអ្នកវិនិយោគដោយ​យកចិត្ត​ទុកដាក់បំផុត​៕