(ពោធិ៍សាត់)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមផ្សារ ដេប៉ូ និងឃ្លាំងដាក់ទំនិញ នៅក្នុងទីរួមខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្នុងការត្រួតពិនិត្យ​ មន្រ្តីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់ទៅលើមឹក, បង្គារ, ប្រហិតសាច់គោ, ប្រហិតត្រី, គល់ស្លឹកគ្រៃហាន់, ស្ពៃជ្រក់ ដែលលទ្ធផល​ មន្ត្រីជំនាញរកពុំឃើញ​វត្តមានសារធាតុគីមីហាមឃាត់ទេ។ ប៉ុន្តែក្រុមការងារបានរកឃើញ ទំនិញខូចគុណភាព ហួសថ្ងៃកំណត់ប្រើប្រាស់ដោយបានធ្វើ កំណត់ហេតុ ដកហូត ទំនិញខូចគុណភាព និងទំនិញហាមឃាត់(នំកំទេចមី) សរុប 7មុខ = 1,320 Kgs យកមកដុតកំទេចចោលភ្លាមៗ។

ក្នុងឱកាសនោះ​ក្រុមការងារ ក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយ «Poster» ផងដែរ។

លោក តូច ចៅកុយ ក៏បានណែនាំអាជីវករ ឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឲ្យមានសណ្តាប់ធ្នាប់ ទៅតាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់៕