(ភ្នំពេញ)៖ ប្រជាជនកម្ពុជាទូទាំងប្រទេស លើកលែងតែមេដឹកនាំចលនាឧទ្ទាម និងជនក្បត់ជាតិ សម រង្ស៊ី - កឹម សុខា ព្រមទាំងគូកនមួយដំបរស្វានោះចេញ បានប្រកាន់ខ្ជាប់នូវគោលជំហរមួយច្បាស់លាស់ នោះគឺការលើកតម្លៃឯករាជ្យ អធិបតេយ្យភាពជាតិ ឲ្យខ្ពស់ត្រដែតឡើង។ ដោយធ្លាប់ជាប្រជាជាតិមួយ ដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ ធ្លាប់បានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង ធ្លាប់ទទួលរងនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ យើងយល់ច្បាស់ណាស់អំពីតម្លៃឯករាជ្យ និងអធិបតេយ្យជាតិ។

ប្រទេសមួយដែលបាត់បង់ឯករាជ្យ និងអធិបតេយ្យ ដោយបរទេសមានសិទ្ធិជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងសព្វបែបយ៉ាងហើយនោះ ប្រជាជាតិនៃប្រទេសនោះ ពិតជាបាត់បង់នូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយជៀសមិនផុតពីការធ្លាក់ ទៅក្នុងគ្រោះមហន្តរាយជាក់ជាមិនខាន។

ជាប្រជាជាតិមួយដែលធ្លាប់ មានកិត្តិស័ព្ទល្បីល្បាញខ្ទរខ្ទារមួយដែរនោះ យើងពិតជាមានអារម្មណ៍ឈឺចាប់ ដោយសារតែមានខ្មែរមួយក្រុមតូច ក្រោមការដឹកនាំរបស់មេចលនាឧទ្ទាម និងជនក្បត់ជាតិ សម រង្ស៊ី-កឹម សុខា ឱនក្បាលតត្រុកទៅសុំអង្វរ លន់តួឲ្យបរទេសលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ទាមទារឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា និងសុំខ្លួនធ្វើជាអាយ៉ង និងជាកញ្ជះដាច់ថ្លៃរបស់បរទេស ដែលនោះជាអំពើថោកទាបបំផុត និងមិនអាចលើកលែងឲ្យបានឡើយ។

រាជរដ្ឋាភិបាលកម្ពុជា មានជំហរមួយច្បាស់លាស់ គឺយើងនៅតែបន្តធ្វើជាមិត្តដ៏ល្អ ជាដៃគូដ៏ល្អ ជាបងប្អូនដ៏ល្អ ជាមួយបណ្តាប្រទេសទាំងអស់ នៅលើពិភពលោក ហើយដែលប្រទេសទាំងនោះ ក៏ចង់ឃើញកម្ពុជារីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាតិផងខ្លួន។ ប៉ុន្តែមានប្រទេសខ្លះ ដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានទទួលយកបំណងដ៏ល្អរបស់កម្ពុជាទេ ហើយបានប្រើប្រាស់អាយ៉ងរបស់ខ្លួន ឲ្យហក់កញ្ឆេងតាមខ្សែញាក់ ដើម្បីបម្រើមហិច្ឆតា និងនយោបាយរបស់គេ។

មេចលនាឧទ្ទាម និងជនក្បត់ជាតិ សម រង្ស៊ី-កឹម សុខា បានសម្តែងតួជាអាយ៉ងបរទេស យ៉ាងស័ក្តសមឥតខ្ចោះ ឥតខ្វះចន្លោះកន្លែងណាមួយសោះឡើយ។ ដោយសារតែអំពើបាបរបស់ខ្លួន រាល់សកម្មភាពរបស់ជនក្បត់ជាតិនេះ ត្រូវទទួលរងបរាជ័យជាបន្តបន្ទាប់ ដោយ កឹម សុខា ត្រូវចាប់ខ្លួន និងកំពុងស្ថិតក្នុង ចំណាត់ការរបស់តុលាការឯ សម រង្ស៊ី រត់ចោលទាំងស្រុក រត់ចោលទាំងគុក រត់ចោលទាំងខ្នោះដៃ ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនទៅទៀត។ ចំពោះ សម រង្ស៊ី ម្នាក់នេះ មិនមែនត្រឹមតែគុករកមុខនោះទេ ប៉ុន្តែប្រជាជនកម្ពុជា ជាពិសេសកូនក្មួយជា កម្មករ កម្មការិនី ក៏ត្រៀមស្វាគមន៍ដែរ ព្រោះជននេះល្បីល្បាញខ្លាំងខាងទៅបំផុសបរទេសឲ្យផ្តាច់ជំនួយពីកម្ពុជា ឲ្យឈប់ទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា ដែលមានន័យស្មើនឹងការផ្កាប់ឆ្នាំងបាយកម្មករដូច្នោះដែរ ។

ជាក់ស្តែងដូចជាករណីដែល គណៈកម្មាការអឺរ៉ុបបានចេញសេចក្តីសម្រេច បើកដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ EBA សម រង្ស៊ី បានចេញមុខប្រកាសយ៉ាងថោកទាបបំផុតថា នេះជាស្នាដៃរបស់ខ្លួន។ ស្នាដៃបំផ្លាញជាតិរបស់ សម រង្ស៊ី នៅមានច្រើនទៀត ដូចកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ទាក់ទិនទៅនឹងបញ្ហាកម្មករនេះដែរ ក្នុងពេលថ្លែងបទអន្តរាគមន៍ទៅកាន់សភាអឺរ៉ុប មេចលនាឧទ្ទាមម្នាក់នេះ បានសុំឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញ សម្លៀកបំពាក់ពីប្រទេសកម្ពុជា ដែលពេលនោះទាំងប្រជាជន ទាំងកម្មករ ទាំងសហជីព រួមទាំងក្រុមយុវជនប្រមាណ១១ម៉ឺននាក់ ព្រមានធ្វើបាតុកម្មប្រឆាំង សម រង្ស៊ី។ តែជាសំណាងល្អសម្រាប់ សម រង្ស៊ី ព្រោះពេលនោះសភាអឺរ៉ុប អត់យកត្រចៀកស្តាប់សម្តីរបស់ជននេះទេ ។

ទាក់ទិនទៅនឹងផ្លូវច្បាប់វិញ សម រង្ស៊ី មានសំណុំរឿងជាច្រើននៅក្នុងដៃតុលាការ ដូចជាសំណុំរឿង បរិហាកេរ្តិ៍ លោក ហោ ណាំហុង ត្រូវជាប់គុក២ឆ្នាំ សងប្រាក់២០០០ដុល្លារ សំណុំរឿងបរិហាកេរ្តិ៍សម្តេច ហេង សំរិន បង្គាប់ឲ្យសងប្រាក់៥០លានរៀល ទៅដើមបណ្តឹង និង១០លានរៀលបង់ចូលរដ្ឋ សំណុំរឿងសមគំនិតបង្ហោះផែនទីក្លែងក្លាយជាមួយ ហុង សុខហួរ ជាប់ទោស៥ឆ្នាំ សំណុំរឿងចោទរាជរដ្ឋាភិបាលនៅពីក្រោយខ្នង នៃអំពើឃាតកម្មលើលោក កែម ឡី ត្រូវជាប់ពន្ធនាគារ១ឆ្នាំ និង៨ខែ ពិន័យជាប្រាក់១០លានរៀល និងសងសំណងជំងឺចិត្ត១០០លានរៀល។

ចំពោះគណបក្សសង្គ្រោះជាតិ ដែលផ្តួចផ្តើមបង្កើតឡើងដោយពួកបរទេស ដោយយកអាយ៉ង សម រង្ស៊ី-កឹម សុខា មកធ្វើជាត្លុកដឹកនាំ គឺជាយន្តការមួយសម្រាប់បម្រើឲ្យចលនាបដិវត្តន៍ពណ៌ ដែលពួកគេបានអនុវត្តយ៉ាងសកម្ម និងពេញទំហឹងក្នុងអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ។ ផែនការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការចងក្រងចាក់ស្រេះ ប្រទាក់ក្រឡាគ្នាយ៉ាងស៊ី ជម្រៅរវាងក្រុមគ្រួសារគណបក្សប្រឆាំង និងពួកចារកម្មបរទេសរហូតមានអង្គការបរទេសខ្លះ បានចូលមកបង្ហាត់បង្រៀនយុទ្ធសាស្ត្រ និងយុទ្ធវិធីធ្វើបាតុកម្ម ការផ្តល់ថវិកាជំរុញបំផ្ទុះឡើងនូវបដិវត្តន៍ពណ៌ ឈានទៅបង្កើតរដ្ឋាភិបាលមួយ មិនតាមបែបប្រជាធិបតេយ្យ មានបរទេសជាអ្នកបញ្ជា ហើយវាបម្រើឲ្យផលប្រយោជន៍ ភូមិសាស្ត្រនយោបាយជាយុទ្ធសាស្ត្ររបស់បរទេសនោះ នៅអាស៊ីទៀតផង។

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន ហើយ២ថ្ងៃក្រោយមក អយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញបានសម្រេចចោទប្រកាន់ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណី កឹម សុខា ជននេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរកឃើញភស្តុតាងដ៏រឹងមាំជាច្រើន និងគ្រប់គ្រាន់ដែលបង្ហាញថា កឹម សុខា មានជាប់ពាក់ព័ន្ធនឹងផែនការសម្ងាត់ ដោយឃុបឃិតគ្នាជាមួយបរទស ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈចលនាបដិវត្តន៍ពណ៌ ហើយ កឹម សុខា ក៏បាននិយាយដោយផ្ទាល់មាត់ខ្លួនឯង អំពីផែនការនេះដែរ។

សំណុំរឿងព្រហ្មទណ្ឌរបស់ កឹម សុខា កំពុងស្ថិតក្នុងសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ហើយចំណាត់ការនីតិវិធីនានា របស់ចៅក្រមស៊ើបសួរក្នុងដំណាក់កាលនេះ ធ្វើឡើងស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។ ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បានសម្រេចដោះលែង ជនត្រូវចោទរូបនេះ ឲ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការ នៃការសម្រេចដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់ជនត្រូវចោទអនុវត្ត ។

ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលចេញសាលដីកាសម្រេចរំលាយចោល។ ចំណែកមន្ត្រីថ្នាក់ដឹកនាំគណបក្សនេះចំនួន១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ។ សាលដីការបស់តុលាការកំពូលនេះ បានរួមចំណែកដល់ការពង្រឹងការគោរព និងការអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរក្សាស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យ និងការពារសន្តិភាព និងការ អភិវឌ្ឍដើម្បីភាពសុខសាន្តរបស់ប្រជាជន និងសេចក្តីថ្លៃថ្នូររបស់ជាតិ ព្រមទាំងប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ពួកបរទេសទៀតផង។

មូលហេតុដែលគណបក្សប្រឆាំងត្រូវរំលាយចោល គឺមេដឹកនាំគណបក្សនេះលក់ក្បាលបម្រើឲ្យនយោបាយបរទេស ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិ ធ្វើសកម្មភាពរំលោភលទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នីតិរដ្ឋ ធ្វើសកម្មភាពបំផ្លិចបំផ្លាញសមិទ្ធផលសង្គមជាតិ បង្ករឲ្យមានអស្ថិរភាពនយោបាយ ធ្វើវិច្ឆេទកម្មនយោបាយសេដ្ឋកិច្ច ទប់ស្កាត់ការរីកចម្រើនរបស់ប្រទេស ជាន់ឈ្លីឆន្ទៈប្រជាជនដែលជាម្ចាស់ឆ្នោត មិនបំពេញតួនាទីភារកិច្ចជាតំណាងរាស្ត្រ ប្រមាថ និងជាន់ឈ្លីរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងស្ថាប័នជាតិដទៃទៀត ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងសុខសន្តិភាពយ៉ាងពេញលេញ ដែលបានបង្កនូវកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍ។ ដូច្នេះយើងត្រូវតែបន្តពង្រឹងជំហានឆ្ពោះ ទៅមុខទៀតដោយមិនវិលថយក្រោយជាដាច់ខាត ហើយមិនអនុញ្ញាត្តឲ្យអ្វីមួយមករំខាន ដល់ដំណើរឈានឡើងរបស់យើងបានឡើយ។ កម្ពុជាធ្លាប់ទទួលការឈឺចាប់គ្រប់គ្រាន់ហើយ។ កម្ពុជាធ្លាប់ទទួលនូវទណ្ឌកម្ម និងការប្រមាថមាក់ងាយឆ្អែតឆ្អន់ហើយ កម្ពុជាធ្លាប់បានស្គាល់ហើយយុគសម័យខ្មៅងងឹតមួយក្នុងពេល ដែលប្រទេសបាត់បងឯករាជ្យ និងអធិបតេយ្យ ដូច្នេះយើងត្រូវតែការពារឲ្យបានដាច់ខាត សន្តិភាព ស្ថិរភាព ឯករាជ្យភាព និងអធិតេយ្យជាតិរបស់យើងទោះក្នុងតំលៃណាក៏ដោយ៕

ដោយ៖ លី ទួង