(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ប្រទេសកម្ពុជា​បច្ចុប្បន្ន​មានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ ជាមួយការកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងប្រើអស់កម្លាំងកាយប្រាជ្ញាស្មារតី ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា។

លោកអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងយ៉ាងដូច្នេះ ក្នុងពេលដឹកនាំមន្ត្រីខណ្ឌ-សង្កាត់-ភូមិ កម្លាំងនគរបាល ក្រុមយុវជន ស.ស.យ.ក យុវជន អមត ក្រុមកាយរិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាវិទ្យាល័យ និងបឋមសិក្សាឫស្សីកែវ ជាង១,០០០​នាក់ ក្នុងការប្រារព្ធពិធីទិវាជាតិដើម្បី «បញ្ជ្រៀបទីក្រុងស្អាតលើកទី៧» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ​​នៅ​សួនច្បារទីលានប្រជាធិបតេយ្យថ្មី ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ក្រៅពីដើររើសប្រមូលរាល់កាកសំណល់សំរាមផ្សេងៗ តាមបណ្ដោយផ្លូវជាតិលេខ៥ លោក ជា ពិសី បានថ្លែងថា ការប្រារព្ធទិវាជាតិ ក្រោមប្រធានបទ «ទីក្រុងស្អាតផ្ដល់ភាពកក់ក្ដៅ» គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ សំដៅទៅលើប្រជាពលរដ្ឋគ្រប់រូបតែងប្រាថ្នា ចង់បានទីក្រុងប្រកបដោយភាពវៃឆ្លាត «ភាពស្អាត និងបៃតង» លើការយកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋាននានា។

ទាំងអស់នេះ ​ផ្ដើមចេញពីមានសន្តិសុខ មានសុវត្ថិភាពពេញលេញ មានការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយល្អ មានការផ្ដល់សេវាសាធារណៈប្រកបដោយ បដិសណ្ឋារកិច្ចល្អ ពោល​ជាទីកន្លែងដែលអាចផ្ដល់នូវភាពកក់ក្ដៅយ៉ាងពិតប្រាកដ និងបានទាក់ទាញនូវកំណើនភ្ញៀវទេសចរ​រីករាយទស្សនា គឺជាផ្នែកមួយនៃគោលដៅទេសចរណ៍ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ បាននិងកំពុងបន្តជំរុញយ៉ាងសកម្ម​ក្នុងការងារនេះ ដែលមានការដឹកនាំចង្អុលបង្ហាញ ឲ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕​