(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ រាជធានីភ្នំពេញ បានចូលរួមធ្វើបទបង្ហាញស្តីពី បរិយាកាស និងកាលនុវត្តភាពវិនិយោគនៅកម្ពុជា នៅក្នុងកិច្ចប្រជុំចង្អៀតរបស់មេធាវីអាស៊ី ប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ដន ម៉ូរីស (Duane Morris LLP) ដែលមានការចូលរួមពីមេធាវីរបស់ក្រុមហ៊ុនចំនួន៧៥នាក់ សញ្ជាតិ១៧ផ្សេងគ្នា មកពីការិយាល័យនានាទូទាំងពិភពលោក។

ក្រុមហ៊ុន ដន ម៉ូរីស ជាក្រុមហ៊ុនច្បាប់ខ្នាតអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅទីក្រុង ហ្វីឡាដែលហ្វៀ (Philadelphia) នៃសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ក្រុមហ៊ុនត្រូវបានចាត់ទុកជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនច្បាប់ធំៗទាំង១០០ក្នុងពិភពលោក និងមានមេធាវីបម្រើការងារចំនួនជាង ៨០០នាក់ នៅការិយាល័យនានាទូទាំងពិភពលោក។

លោក សុខ ចិន្តាសោភា បានជម្រាបជូនកិច្ចប្រជុំអំពីបរិយាកាសវិនិយោគនៅកម្ពុជា ក្របខណ្ឌគតិយុត្តពាក់ព័ន្ធ នឹងធុរកិច្ចនិងការវិនិយោគ និងវិធានការកំណែទម្រង់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលថ្មីៗ ក្នុងការកែលម្អបរិយាកាសវិនិយោគ ក៏ដូចជាលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកក៏បានជម្រាបជូនក្រុមហ៊ុនអំពីការប្តេជ្ញាចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការស្វាគមន៍ដល់ការវិនិយោគពីបរទេស និងបានស្នើសុំក្រុមហ៊ុនឱ្យជួយផ្សព្វផ្សាយ នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ដល់អតិថិជនរបស់ខ្លួននៅទូទាំងពិភពលោក៕